ការសិក្សាក៏បានរកឃើញដែរថាការញ៉ាំអាហារយឺតៗ ក៏បានបន្ថយកម្រិតអ័រម៉ូនធ្វើឲ្យឃ្លានអាហារឈ្មោះថា ghrelin ថយចុះ ដែលជាលទ្ធផលធ្វើឲ្យមនុស្សយើងញ៉ាំអាហារតិច។ ផ្ទុយមកវិញ បើយើងញ៉ាំអាហារលឿនៗ រាងកាយយើងមិនអាចដាក់សម្ពាធលើអ័រម៉ូន ghrelin បានទេ និងធ្វើឲ្យយើងបន្តញ៉ាំអាហារក្នុងបរិមាណច្រើន។
៣. បញ្ហាសុខភាពរយៈពេលវែង
ការសិក្សាមួយចុះផ្សាយលើព្រឹត្តិបត្រ BMC Public Healthកាលឆ្នាំ២០១៨ ដែលសិក្សាលើមនុស្ស៨០០០ នាក់បានបង្ហាញថាអ្នកញ៉ាំអាហារលឿនៗមានទំនាក់ទំនងទៅនឹងជំងឺលើសឈាម កើនឡើងខ្លាញ់ក្បាលពោះ កូលេស្តេរ៉ូលឡើងខ្ពស់ និងកម្រិតជាតិស្ករឡើងខ្ពស់ដែរ។
ការញ៉ាំអាហារលឿនធ្វើឲ្យខួរក្បាលយើងមិនអាចកំណត់បានជាក់លាក់ពីអ្វីដែលយើងបានញ៉ាំ។ ការណ៍នេះធ្វើឲ្យខួរក្បាលពិបាកកំណត់ថាពេលអាហារបន្ទាប់ត្រូវញ៉ាំកម្រិតណា។ ញ៉ាំអាហារលឿននៅពេលថ្ងៃត្រង់ អាចនាំឲ្យយើងញ៉ាំអាហារច្រើននៅពេលល្ងាច។
ដូចនេះហើយ គ្នាយើងគួរចំណាយពេលញ៉ាំអាហាររង្វង់២០នាទី ដើម្បីឲ្យក្រពះមានពេលវេលាគ្រប់គ្រាន់ក្នុងការបញ្ជូនសញ្ញា ទៅខួរក្បាលថាអាហារយើងញ៉ាំគ្រប់គ្រាន់។ ការញ៉ាំអាហារលឿនៗធ្វើឲ្យពិបាកបញ្ជូនសញ្ញានេះ ដែលជាហេតុអាចនាំឲ្យយើងញ៉ាំអាហារច្រើនជាងអ្វីដែលក្រពះត្រូវការ។