ករណីភ្លាត់មានអីៗទាំងមិនបានការពារ ស្រីៗខ្លះអាចជ្រើសរើសថ្នាំពន្យារកំណើត ៧២ ម៉ោង ដើម្បីទប់ស្កាត់ករណីសង្ស័យមានផ្ទៃពោះក្រោយរួមភេទដើម្បីទប់ស្កាត់ការមានផ្ទៃពោះ មិនបានគ្រោងទុក។ តើថ្នាំគ្រាប់ ៧២ ម៉ោង ឬថ្នាំពន្យារកំណើតបន្ទាន់អាចប្រើបានញឹកញាប់ដែរទេ?
ឱសថការី គីម កាណែល បានឲ្យដឹងថា ស្ត្រីដែលរួមភេទជាមួយដៃគូដោយមិនបានការពារជាមុន ហើយខ្លាចថ្លោះធ្លោយមានកូន ប្រាកដជានឹកឃើញថ្នាំ ៧២ ម៉ោង ឬគេហៅថាថ្នាំពន្យារកំណើតបន្ទាន់។ ប៉ុន្តែការប្រើថ្នាំនេះមិនអាចប្រើប្រាស់បានរាល់ថ្ងៃដូចថ្នាំពន្យារកំណើតធម្មតាឡើយ យ៉ាងច្រើន ២ ដងប៉ុណ្ណោះក្នុង ១ ខែ។
លោកបន្តថា ការលេបថ្នាំ ៧២ ម៉ោងញឹកញាប់ពេកទៅអាចនាំឲ្យអ័រម៉ូនប្រែប្រួល និងរដូវមកមិនទៀង ចង្អោរ និងវិលមុខជាដើម ឬមានការប្រែប្រួលដល់វដ្ដរដូវតែម្ដង។ បែបនោះហើយយើងមិនគួរប្រើថ្នាំពន្យារកំណើតបន្ទាន់ញឹកពេកឡើយ តែប្រសិនបើមានដៃគូច្បាស់លាស់ គួរតែជ្រើសរើសវិធីពន្យារកំណើតបែបផ្សេងដូចជាស្រោមអនាម័យ ថ្នាំចាក់ កងដាក់ក្រោមស្បែក/ក្នុងស្បូនវិញ ទើបជាការប្រសើរ។
បើទោះជាថ្នាំ ៧២ ម៉ោងអាចប្រើ ២ ដងក្នុងមួយខែ តែបើចង់លេបច្រើនដងក្នុងមួយខែៗ ក៏មិនគ្រោះថ្នាក់អ្វីដែរ គ្រាន់តែជួបផលរំខានដូចបានរៀបរាប់ខាងលើប៉ុណ្ណោះ។ ក្រោយពីលេបថ្នាំនេះរួច ជាទូទៅស្ត្រីអាចចាប់ផ្ដើមមករដូវនៅ ២ ឬ ៣ សប្ដាហ៍បន្ទាប់។ ថ្នាំនេះដើរតួនាទីក្នុងការបង្អាក់ដំណើរបញ្ចេញមេជីវិត រារាំងកុំឲ្យមេជីវិតភេទទាំង ២ ជួបគ្នា និងធ្វើឲ្យស្រទាប់ក្នុងស្បូនប្រែប្រួលដើម្បីកុំឲ្យមានការបង្កកំណើត។
[embed-health-tool-ovulation]
អ្នកជំនាញនៅតែណែនាំឲ្យស្ត្រីដែលប្រើថ្នាំនេះរួច ត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យពិនិត្យផ្ទៃពោះ និងប្រាប់ថាខ្លួនបានប្រើប្រាស់ថ្នាំនេះរួច ដើម្បីឲ្យច្បាស់ក្នុងចិត្តថា ថ្នាំនេះពិតជាមានប្រសិទ្ធភាពឬអត់ និងដើម្បីច្បាស់ថាមិនលេបវានៅរយៈពេលលើស ៧២ ម៉ោង។
ស្វែងយល់ពីការពន្យារកំណើតផ្សេងទៀត៖
- ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ មានអាការៈទាំងនេះ មិនបាច់ភ័យទេ
- ស្រីៗប្រើថ្នាំពន្យារកំណើតយូរឆ្នាំ អាចអត់មានកូន ឬប៉ះពាល់សុខភាពផ្សេងទៀតអត់?
- ៣ សំណួរ អ្នកពន្យារកំណើតដោយចងដៃស្បូនច្រើនចង់ដឹង
- ចងដៃស្បូនរួច បើភ្លាត់មានផ្ទៃពោះ ត្រូវប្រញាប់ជួបគ្រូពេទ្យ
- ចង់ប្រើវិធីចាក់ទឹកក្រៅពាង ត្រូវដឹងរឿងទាំងនេះសិន
- ពន្យារកំណើតតាមវិធីទាំងនេះ ភ្លាត់ស្នៀតតែញឹក!
- ផលរំខានផ្សេងៗ នៃមធ្យោបាយពន្យារកំណើតនីមួយៗ