ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
១- HIV/AIDS គឺជាអ្វី?
ហ៊ីវ ជាវីរុសបង្កឲ្យកើតជំងឺអេដស៍ ដោយសារវាទៅបំផ្លាញប្រព័ន្ធភាពស៊ាំយើងឲ្យចុះខ្សោយ បណ្ដាលឲ្យជំងឺឱកាសនិយមបង្កដោយមេរោគផ្សេងទៀត និងបាក់តេរីមួយចំនួនកើតមានឡើង។ ផ្ទុយពីមេរោគដទៃទៀត មេរោគហ៊ីវ គ្មានថ្នាំព្យាបាល ឬសម្លាប់ឲ្យងាប់អស់ពីរាងកាយយើងនោះទេ មានន័យថា បើយើងឆ្លងមេរោគនេះហើយ យើងនឹងរស់នៅជាមួយវាអស់មួយជិវិត
ជំងឺអេដស៍ គឺជាកំណាក់កាលចុងក្រោយនៃការឆ្លងមេរោគហ៊ីវ ជាពេលប្រព័ន្ធភាពស៊ាំក្នុងរាងកាយយើងចុះខ្សោយមិនអាចការពារករណីឆ្លង ឬបង្ករោគដោយជំងឺផ្សេងៗបាន ពិសេសជំងឺមហារីក និងបណ្តុំជំងឺឆ្លង។
២- កើតញឺកញាប់ដែរទេ?
យោងតាមអង្គការសុខភាពពិភពលោក ទិន្នន័យចុងឆ្នាំ ២០១៤ បង្ហាញថាមានមនុស្ស ៣៧លាន នាក់កំពុងរស់នៅជាមួយវីរុសកំណាចនេះ ហើយ ១,២លាននាក់ បានស្លាប់ ក្នុងនោះមានតែ ៥៤ភាគរយ ប៉ុណ្ណោះដឹងខ្លួនថាមានកើតជំងឺអេដស៍ ពីព្រោះមនុស្សទាំងអស់មិនមែនសុទ្ធតែមានរោគសញ្ញានោះទេ។
៣- រោគសញ្ញាមានអ្វីខ្លះ?
មេរោគប្រភេទនេះ អាចសម្ងំក្នុងខ្លួនយើងដោយមិនបញ្ចេញរោគសញ្ញាពី ២-១៥ ឆ្នាំ ជាហេតុធ្វើឲ្យយើងមិនដឹងខ្លួនឯងមានផ្ទុកមេរោគនេះ និងអាចចម្លងទៅអ្នកដទៃដោយមិនដឹងខ្លួន អ៊ីចឹងហើយ មានតែធ្វើតេស្តឈាមប៉ុណ្ណោះអាចឲ្យដឹងប្រាកដបាន ម្យ៉ាងទៀតជំងឺអេដស៍ មិនធ្វើឲ្យសរីររាងយើងខូចខាតដោយផ្ទាល់ទេ តែផ្ដល់ឱកាសឲ្យ
មេរោគផ្សេងទៀតមកបង្ករោគនៅពេលប្រព័ន្ធភាពស៊ាំយើងចុះខ្សោយ ហើយរោគសញ្ញាជាទូទៅមានដូចជា៖
– ក្ដៅខ្លួន
– ឈឺក្បាល
– ល្ហិតល្ហៃ
– ឈឺសាច់ដុំ
– ស្រកទម្ងន់
– ហើមកូនកណ្ដុរនៅ ក ក្លៀក និងក្រលៀន
អេដស៍ជាដំណាក់កាលចុងក្រោយសម្រាប់អ្នកផ្ទុកមេរោគហ៊ីវ អាចមានការបង្ករោគមួយចំនួនដូចជា៖
– មហារីក សួត តម្រងនោម កូនកណ្ដុរ
– ជំងឺរបេង (តែងជួបប្រទះច្រើនជាងគេបំផុត)
– ជំងឺផ្សិតក្នុងមាត់ អណ្ដាត បំពង់អាហារ និងទ្វារមាស
– ជំងឺរលាកស្រោមខួរ បង្កដោយមេរោគ Cryptococcus
– ជំងឺរលាកស្រោមខួរ ជំងឺ Toxoplasmosis និង Cryptosporidiosis ជាដើម
– ជំងឺរើម អាចចម្លងទៅអ្នកដទៃតាមធាតុរាវរបស់សារពាង្គកាយដូចជា ឈាម ទឹករម្អិល ទឹករងៃ និង ទឹកមាត់ ទឹកនោម (ករណីកម្រ) ។
រោគសញ្ញាជំងឺទាំងនោះអាចបង្ហាញអាការៈមានដូចជា៖
– រលាកអាងត្រគាក
– ស្រកទម្ងប់លឿនគ្មានមូលហេតុ
– ឆាប់ជាំពេលប៉ះទង្គិចហ្នឹងអ្វីមួយ
– រាគជាប្រចាំ
– ឧស្សាហ៍ឡើងកំដៅ និងបែកញើសជាប្រចាំ
– ក្អកស្ងួតគ្មានមូលហេតុរយៈពេលយូរ
– ដង្ហក់ និងពិបាកដកដង្ហើម
– ឡើងពណ៌ស្វាយ ពេញមាត់ និងលើស្បែក
– ហូរឈាមតាមមាត់ ច្រមុះ ទ្វារមាស និងរន្ធគូទ
– ឡើងកន្តួល រមាស់
– ស្ពឹកដៃ ជើង និងពិបាកធ្វើចលនាសាច់ដុំ
– អស់កំលាំង ល្ហិតល្ហៃ និងឈឺក្បាល វិលមុខជាប្រចាំ
– វង្វេង ផ្លាស់ប្ដូរអាកប្បកិរិយា និងពិបាកប្រមូលអារម្មណ៍
– ឡើងផ្សិតសក្បុសពេញអណ្ដាត មាត់ និងទ្វារមាស រ៉ាំរ៉ៃព្យាបាលមិនជា។
៤- ពេលណាគួរទៅជួបពេទ្យ?
បើមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់រួសរាន់ទៅជួបគ្រូពេទ្យ ព្រោះថាមនុស្សម្នាក់ៗអាចមានការឆ្លើយតបជាមួយវីរុសនេះផ្សេងៗគ្នា។
៥- អ្វីខ្លះជាមូលហេតុបង្ក?
អេដស៍ចម្លងតាមរយៈការប៉ះពាល់ឈាម ទឹកកាម ធាតុរាវទ្វារមាស លិង្គ របស់អ្នកជំងឺ និងកត្តាមួយចំនួនទៀតដូចជា៖
– រួមភេទតាម ទ្វារមាស មាត់ និងរន្ធគូទ ដោយមិនប្រើស្រោមអនាម័យ ពេលជាលិកាភ្នាស់មានដាច់រលាត់
– ប្រើម្ជុល ឬសឺរ៉ាំង រួមគ្នាជាមួយអ្នកផ្ទុកមេរោគ
– សាក់រូប ដោយឧបករណ៍ និងជាតិថ្នាំ មិនបានសម្លាប់មេរោគត្រឹមត្រូវ
– ពីម្ដាយទៅទារក មុន ឬក្រោយពេលសម្រាល និងពេលបំបៅដោះកូន
– មានជំងឺប្រមេះ ឬស្វាយ អាចធ្វើឲ្យឱកាសឆ្លងកាន់តែកើនឡើង។
ករណីមិនអាចឆ្លងមេរោគហ៊ីវមានដូចជា៖
– ប៉ះគ្នា
– ចាប់ដៃ
– អោប ឬថើប
– ក្អក កណ្ដាស់
– កម្រាលពូក ឬភួយ
– មូសខាំ
– ហែលទឹកអាង ឬប្រើបង្គន់ជាមួយគ្នា
– ប្រើស្លាបព្រា ឬសម និងញ៉ាំអាហាររួមគ្នា។
៦- កត្តាប្រឈមមានអ្វីខ្លះ?
នៅពេលមានការប៉ះពាល់ជាតិទឹកចេញពីខ្លួនអ្នកជំងឺអេដស៍ ដូចជា ឈាម ទឹកកាម ធ្លាក់ស និងទឹកដោះ។ ក្នុងនោះពាក់ព័ន្ធជាមួយសកម្មភាពមួយចំនួនដូចជា៖
– រួមភេទជាមួយអ្នកផ្ទុកមេរោគអេដស៍ ដោយមិនបានការពារ
– ប្រើម្ជុល ឬថ្នាំ រួមគ្នា ដែលមានផ្ទុកមេរោគ ហ៊ីវ
– ចាក់សាក់ ចោះក្រវិល
– ចម្លងពីម្ដាយទៅកូន ការបំបៅដោះកូន
– ប្រឡាក់ឈាម ទឹកកាម ឬសារធាតុរាវចេញពីទ្វារមាស លិង្គ ទៅលើដំបៅចំហរ
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ធ្វើតេស្តឈាមអាចឲ្យយើងដឹងបាន ប៉ុន្តែត្រូវដឹងរយៈពេលប្រឈមជំងឺនេះឲ្យបានច្បាស់ ព្រោះជាធម្មតាអាចចាប់ពី ៣ ខែឡើងទៅ ទើបទទួលលទ្ធផលច្បាស់ការ។
បើលទ្ធផលទទួលបានវិជ្ជមានបញ្ជាក់ថា៖
– បើយើងមានអង់ទីករប្រឆាំងហ្នឹងមេរោគនេះ មិនមែនបានន័យថាកើតអេដស៍នោះទេ ព្រោះថាមនុស្សផ្ទុកវីរុស ហ៊ីវ ទាំងអស់មិនមែនសុទ្ធហ្នឹងវិវត្តទៅជំងឺអេដស៍នោះទេ។
បើលទ្ធផលចេញមកអវិជ្ជមាន ក៏មិនប្រាកដថារួចខ្លួនដែរក្នុងករណី៖
– បើការប្រឈមតិចជាង ៣ខែ គួរធ្វើតេស្តរហ័សដើម្បីប្រាកដចិត្ត។
– បើលើស ៣ខែ ពិនិត្យទៅអវិជ្ជមាន គឺរួចខ្លួន។
– បើមិនដឹងច្បាស់ពីពេលវេលានោះទេ គួរស្វែងរកការប្រឹក្សាពីគ្រូពេទ្យ។
៨- ព្យាបាលដោយវិធីណា?
ជំងឺនេះគ្មានថ្នាំព្យាបាលឲ្យសះស្បើយ ឬវ៉ាក់សាំងការពារមេរោគប្រភេទនេះទេ អ៊ីចឹងគួររួសរាន់ទៅរកជំនួយពីគ្រូពេទ្យប្រសិនបើអ្នកដឹងថាមានផ្ទុកវីរុសនេះ ពីព្រោះងាយស្រួលក្នុងការពន្យាការរាលដាលរបស់វា ហើយអាចអនុវត្តតាមចំណុចខាងក្រោម៖
– មិនត្រូវប្រើម្ជុលរួមគ្នា
– គួរជ្រើសរើសថ្នាំពន្យារឲ្យបានរហ័សបំផុត
– ជួបគ្រូពេទ្យដើម្បីជ្រើសរើសវិធីព្យាបាលត្រឹមត្រូវ
– បើមានដៃគូរួមភេទច្រើន គួរប្រាប់ពួកគាត់ឲ្យធ្វើតេស្តរកមេរោគនេះផង
– មិនត្រូវដើរប្រាប់គេពីការលទ្ធផលឈាមទេ ព្រោះអាចនឹងទទួលការរើសអើង
– ស្វែងរកការប្រឹក្សាលើកទឹកចិត្ត ពីគ្រូពេទ្យចិត្តសាស្ត្រ និងក្រុមផ្ដល់កំលាំងចិត្តតាមរយៈអង្គការ ឬតាមមន្ទីរពេទ្យ។
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ហូបស្អាត
– កាត់បន្ថយស្រ្តេស
– ប្រើស្រោមអនាម័យរាល់ពេលរួមភេទ
– មិនត្រូវប្រើប្រាស់ ម្ជុល ឬសឺរ៉ាំងរួមគ្នា
– សម្រាកគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណ
– ចៀសវាងជក់បារី ផឹកស្រា និងប្រើប្រាស់ថ្នាំញៀន
– ប្រាប់ដល់គ្រូពេទ្យ ឬសមាជិកក្រុមគ្រួសារ មិត្តភក្តិ ដៃគូរួមភេទ ដែលសុទ្ធអាចប្រឈមការឆ្លងពីយើង។
បើកំពុងមានផ្ទៃពោះ គួរប្រាប់គ្រូពេទ្យដើម្បីទទួលការព្យាបាល និងកាត់បន្ថយការចម្លងពីម្ដាយទៅទារក ហើយខាងក្រោមនេះជាវិធីខ្លះកាត់បន្ថយការចម្លងមេរោគ ហ៊ីវ៖
– បន្ថយការរួមភេទ
– គួរប្រើស្រោមអនាម័យពេលរួមភេទតាមមាត់
– ប្រើទឹករម្អិល និងស្រោមអនាម័យពេលរួមភេទតាមទ្វារមាស
– ប្រើស្រោមអនាម័យ និងទឹករម្អិលឲ្យច្រើនបន្តិចពេលរួមភេទតាមរន្ធគូទ
– មិនត្រូវប្រើសឺរ៉ាំង ឬម្ជុល និងប្រើប្រាស់ឧបករណ៍ជំនួយផ្លូវភេទរួមគ្នានោះទេ
– ចំពោះគ្នាយើងសាក់រូប គួរស្វែងរកកន្លែង មានប្រើឧបករណ៍សម្លាប់មេរោគឲ្យបានត្រឹមត្រូវ
– មិនត្រូវចែករំលែកគ្រឿងប្រើប្រាស់ផ្ទាល់ខ្លួនដូចជា ឡាមកោរ ច្រាសដុសធ្មេញ ក្រវិលមានប៉ះពាល់ឈាម និងសារធាតុរាវក្នុងខ្លួនយើងផ្ទុកមេរោគអេដស៍ ទៅអ្នកផ្សេងឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ