ការធ្វើអនាម័យកន្លែងសម្ងាត់មានសារសំខាន់ណាស់ ជាពិសេសនៅអំឡុងពេលមករដូវតែម្ដង។ ពិតណាស់ នៅពេលដែលយើងខ្វះអនាម័យ អាចនឹងងាយឆ្លងមេរោគតាមទ្វារមាស។ ជាក់ស្ដែង ថ្វីដ្បិតតែទ្វារមាសជាសរីរាង្គដែលអាចសម្អាតដោយខ្លួនឯងបានក៏ពិតមែន ប៉ុន្តែយើងចាំបាច់ត្រូវចាត់វិធានការមួយចំនួនដើម្បីរក្សាតំបន់នោះឲ្យស្អាតល្អជានិច្ច។
តិចនិកថែទាំអនាម័យអំឡុងពេលមករដូវ
១. ផ្លាស់ប្ដូរសំឡីអនាម័យឲ្យបានញឹកញាប់
ដើម្បីថែទាំអនាម័យឲ្យបានត្រឹមត្រូវអំឡុងពេលមករដូវ ស្រីៗយើងចាំបាច់ផ្លាស់ប្ដូរសំឡីអនាម័យឲ្យបានទៀងទាត់ និងជារៀងរាល់៤ទៅ៦ម៉ោងម្ដង។ ទម្លាប់នេះអាចជួយកាត់បន្ថយបញ្ហាអាលែកហ្ស៊ី និងការឆ្លងមេរោគតាមទ្វារមាសបានយ៉ាងមានប្រសិទ្ធភាព។
២. សម្អាតទ្វារមាស
អំឡុងពេលមករដូវ គ្នាយើងគួរតែសម្អាតទ្វារមាសជាទៀងទាត់ និងត្រឹមត្រូវ ក៏ដូចជាជៀសវាងការប្រើប្រាស់ផលិតផលដែលមានជាតិគីមីនៅបរិវេណនោះ។ ក្នុងករណីដែលមានការប្រែប្រួលណាមួយកើតឡើង ដូចជាការធ្លាក់ទឹករម្អិលមិនប្រក្រតី យកល្អគួរទៅជួបគ្រូពេទ្យជំនាញ។ បន្ថែមពីនេះ ចូរលាងសម្អាតដៃមុន និងក្រោយផ្លាស់ប្ដូរសំឡីអនាម័យ និងនៅពេលប៉ះពាល់ទ្វារមាស ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លងមេរោគផ្សេងៗ។
៣. ស្លៀកខោទ្រនាប់មានផាសុកភាព
ការស្លៀកខោទ្រនាប់ដែលមានផាសុកភាពជារឿងដែលចាំបាច់មួយ អំឡុងពេលមករដូវ។ ដូច្នេះហើយ ស្រីៗយើងយកល្អគួរប្រើខោទ្រនាប់ដែលធ្វើពីកប្បាស និងអាចឲ្យខ្យល់ចេញចូលបាន។ មួយវិញទៀត យើងមិនគួរប្រើខោទ្រនាប់ដែលរឹបពេកឡើយ និងត្រូវផ្លាស់ប្ដូរខោទ្រនាប់ឲ្យបានញឹកញាប់ ទើបជាការប្រសើរ។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៤. ងូតទឹក២ដងក្នុងមួយថ្ងៃ
ទន្ទឹមនឹងនេះដែរ ការងូតទឹកក្ដៅឧណ្ហៗមួយថ្ងៃពីរដង អាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងអាចកាត់បន្ថយអាការៈចុកពោះ និងឈឺចាប់បានយ៉ាងមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនងូតទឹកទេនោះ យើងនឹងមានអារម្មណ៍ស្អុះស្អាប់ ក៏ដូចជាបង្កើនហានិភ័យនៃក្លិនមិនល្អ និងការឆ្លងមេរោគនៅទ្វារមាសថែមទៀតផង។
![អនាម័យពេលមករដូវ](https://cdn.hellokrupet.com/wp-content/uploads/2022/03/អនាម័យពេលមករដូវ២.jpg)
អត្ថបទគួរអាន៖
៥. ប្រើសំឡីអនាម័យទំហំធំ
ដើម្បីគ្រប់គ្រងការមករដូវច្រើនៗ យើងគួរប្រើប្រាស់សំឡីអនាម័យដែលមានទំហំធំ ជាជាងប្រើប្រាស់សំឡីអនាម័យ២ជាន់។ ការប្រើសំឡីអនាម័យទំហំធំ អាចជួយកាត់បន្ថយការជ្រាបចេញមកក្រៅ និងធ្វើឲ្យយើងកាន់តែមានទំនុកចិត្តចំពោះខ្លួនឯង។
ចំណុចសំខាន់
ការរក្សាអនាម័យឲ្យបានល្អអំឡុងពេលមករដូវជារឿងសំខាន់ណាស់ ហេតុនេះហើយស្រីៗយើងគួរតែអនុវត្តគន្លឹះមួយចំនួនខាងក្រោម ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ និងស្អាតល្អនៅតំបន់សម្ងាត់នោះ។
- ផ្លាស់ប្តូរសំឡីអនាម័យឲ្យបានញឹកញាប់
- សម្អាតទ្វារមាស
- ស្លៀកខោទ្រនាប់ដែលមានផាសុកភាព
- ងូតទឹក២ដងក្នុងមួយថ្ងៃ
- ប្រើសំឡីអនាម័យទំហំធំ