ខ្ញី​មាន​គុណប្រយោជន៍​ខ្លាំង​ ពិសេស​ចំពោះ​ស្រីៗ​កំពុង​មក​រដូវ

    ខ្ញី​មាន​គុណប្រយោជន៍​ខ្លាំង​ ពិសេស​ចំពោះ​ស្រីៗ​កំពុង​មក​រដូវ

    ខ្ញី ជាមើម​រុក្ខ​ជាតិមានក្លិនឈួល រសជាតិហឹរ ល្អ​ទាំង​សម្រាប់​ចម្អិន​ម្ហូប និង​ប្រើ​ជា​ថ្នាំ​បុរាណ​ព្យា​បាល​អាការៈ​ជំងឺ​បាន​ច្រើន។ ខ្ញី​អាច​ដោះស្រាយ​បញ្ហា​ទូទៅ​យើង​ងាយ​នឹង​ជួប​ប្រទះ​ ពិសេស​ស្រីៗ​កំពុង​មក​រដូវ មាន​អាការៈ​ឈឺ​ចាប់​ខ្លាំង ខ្ញី​អាច​ជួយ​បាន​ដូច​គ្នា។ ចង់​ដឹងខ្ញី​លាក់​កំពូល​គុណ​ប្រយោជន៍​អី​ខ្លះ សូមតាមដានតាមខាងក្រោម។

    ខ្ញី​មាន​ប្រភព​ពី​តំបន់​ដែល​សីតុណ្ហភាព​ក្ដៅ​តិច​ៗ​ ក្នុងទ្វីប​អាស៊ី រួម​មាន​ ​ចិន ជប៉ុន និង​ឥណ្ឌា​ជា​ដើម។ ដោយ​សារ​តែ​វា​មាន​គុណ​ប្រយោជន៍​​ច្រើន​ ខ្ញី​ត្រូវ​បាន​ដាំនៅ​ផ្នែក​ផ្សេង​ទៀត​នៅ​ជុំ​វិញ​ពិភព​លោក ដូច​ជា អាមេរិក​ខាង​ត្បូង អាហ្វ្រិក និង​មជ្ឈិម​បូព៌ា ខណៈ​ខាង​ក្រោម​នេះ​ ជា​គុណ​ប្រយោជន៍​សុខភាព​ពី​មើម​​ខ្ញី៖

    ១- ចង្អោរ​ និង​ក្អួត

    ចង្អោរ​ និង​ក្អួត ដែល​​បណ្ដាល​មក​ពី​ថ្នាំ​ព្យាបាល​ជំងឺអេដស៍ អាច​នឹង​ធូរ​ស្រាល​ បើ​អ្នក​ជំងឺ​ ញ៉ាំ​ខ្ញី​រៀង​រាល់​ថ្ងៃ។ ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ញ៉ាំ​ខ្ញី​ ៣០​នាទី​ មុន​លេប​ថ្នាំ​ប្រឆាំង​ជំងឺ​អេដស៍ ក្នុង​រយៈពេល ១៤​ថ្ងៃ អាចកាត់​បន្ថយ​អាការៈ​ក្អួត ​និង​ចង្អោរ។ ខ្ញី ​ក៏​អាច​ប្រើ​ចំពោះ​ករណី​ក្អួត​ និង​ចង្អោរ ​ក្រោយ​វះ​កាត់​ផង​ដែរ។ អ្នកមាន​ជំងឺ​ជា​ច្រើន ​ធ្លាប់​រាយ​ការណ៍ថា​ មាន​អាការៈ​ក្អួត​ចង្អោរ​កម្រិត​ធ្ងន់ បែរ​ធ្លាក់​មក​នៅ​ត្រឹម​កម្រិត​តិច​តួច អំឡុង​ពេល ២៤​ ម៉ោង​ក្រោយ​ការ​វះ​កាត់ បន្ទាប់​ពី​ញ៉ាំ​ខ្ញី​ក្នុង​បរិមាណ ១-១,៥ ក្រាម ១ ម៉ោង​មុន​ពេល​វះ​កាត់។

    ខ្ញី​ក៏​មាន​ប្រយោជន៍​សម្រាប់​អាការៈចាញ់​កូន​ ហើយ​ចាត់​ទុក​ថា​​មាន​សុវត្ថិភាព​ចំពោះស្រីៗ​កំពុង​ព​ពោះ​ ដោយ​​ញ៉ាំ​ខ្ញី​ក្នុង​ទម្រង់​ជា​ស្ករ​គ្រាប់។ ទោះ​យ៉ាងណា ដើម្បី​សុវត្ថិភាព សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ មុន​នឹង​ញ៉ាំ​អាហារ​បំប៉ន ឬ​ថ្នាំ​ពេទ្យ​ណា​មួយ​អំឡុង​ពេល​ពពោះ។ ក្រៅ​ពី​នេះ គេ​ជឿ​ថា​ សារធាតុ Phenolic ​មាន​ក្នុង​ខ្ញី អាច​មាន​ប្រសិទ្ធ​ភាពបំបាត់​បញ្ហា​រលាក​ក្រពះ​ពោះ​វៀន ជំរុញ​ការ​ផលិត​ទឹក​មាត់ និង​ទឹក​ប្រមាត់ថែម​ទៀត​ផង។

    ចង់គណនា BMR ចុចទីនេះ!
    ចង់ពិនិត្យជំំងឺមហារីកសុដន់ ចុចទីនេះ!
    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ២- បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ

    ខ្ញី​អាច​ជា​ដំណោះ​ស្រាយ​ នៅ​ពេល​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ។ ខ្ញី​ក្នុង​កម្រិត ១.៥០០ មិល្លីក្រាម អាច​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ ដោយ​ចែក​កម្រិត​ថ្នាំ​ ៣​ ដង/​ថ្ងៃ នៅ​អំឡុង​ពេល ៣​ ថ្ងៃ​ដំបូង ​នៃ​ការ​មក​រដូវ។ ​ស្រីៗ ៦២% បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​អាការៈ​ឈឺ​ចាប់ ​ពេល​មក​រដូវ បន្ទាប់​ពី​ញ៉ាំម្សៅ​ចម្រាញ់​ពី​ខ្ញីមួយ​ចំនួន (Zintoma និង Goldaru) ក្នុង​កម្រិត ២៥០ ​មិល្លីក្រាម ៤​ ដង/ថ្ងៃ រយៈពេល ៣ ​ថ្ងៃនៃ​ការ​មក​រដូវ​។ ខ្ញី ថែម​ទាំង​អាច​មាន​សកម្មភាព​ដូច​នឹង​ថ្នាំ អ៊ីប៊ុយ​ប្រូហ្វែន (Ibuprofen) ឬ Mefenamic Acid។ មិន​ត្រឹម​តែ​មាន​ប្រយោជន៍កាត់​​បន្ថយ​ការ​ឈឺ​ចាប់ប៉ុណ្ណោះ​ទេ ខ្ញី ត្រូវ​គេ​ជឿថា អាច​នឹង​ជួយ​បន្ថយ​ការ​ឈឺ​សាច់​ដុំ​បាន​ដល់​ទៅ ២៥% ដែល​បណ្ដាល​មក​ពី​សកម្មភាព​រាង​កាយ​ខ្លាំង។

    ៣- អាការៈ​ពុល​ការឡាន យន្តហោះ ឬ​ពុល​រលក

    ទោះ​ការ​សិក្សា​មិន​បាន​បង្ហាញ​ភស្ដុតាង​បែប​វិទ្យាសាស្ត្រពី​​ប្រសិទ្ធភាព​ខ្ញីក៏ដោយ ​អាការៈពុល​ពេលធ្វើ​ដំណើរ និង​ពុល​រលក​ យើង​​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ ពេលបាន​ញ៉ាំ​ខ្ញី​មុន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ។ ទោះ​យ៉ាង​ណា ការ​សិក្សា​មួយបង្ហាញ​ថា​ ខ្ញី​មាន​សកម្មភាពល្អ​ជាង​ថ្នាំ Dimenhydrinate (ថ្នាំ​​ប្រើ​ជាទូទៅ​ដើម្បី​ជួយ​បន្ថយ​បញ្ហា​ឈឺ​ក្រពះ​ដោយ​សារ​ពុល​ពេលធ្វើ​ដំណើរ)។

    អត្ថបទ​គួរអាន​៖

    ខ្ញី Hello គ្រូពេទ្យ

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ខ្ញី (Ginger)
    • សម្រាប់​អ្នក​ចូល​ចិត្ត​ហឹរ ​កុំ​ថា​អត់​ដឹង​​ ​​ខ្ញី ជួយ​អី​ខ្លះ

    ៤- ​ខ្ញី​មាន​ផល​រំខាន​អ្វី​ខ្លះ?

    ញ៉ាំ​ខ្ញី​ជា​ទូ​ទៅ គឺ​មាន​សុវត្ថិភាព​ចំពោះគ្នា​យើង​សឹង​គ្រប់​គ្នា តែ​​យ៉ាង​ណា ករណី​ខ្លះ អាច​មាន​ផល​រំខាន​តិចតួច​ ដូច​ជា ក្រហាយ​ទ្រូង (Heartburn) រាក និង​មិន​ស្រួល​ក្នុង​ពោះ ស្រីៗ​មួយ​ចំនួន​ អាច​នឹងធ្លាក់​ឈាម​រដូវ​ច្រើន​ជាង​ធម្មតា។ ​ប្រើ​ខ្ញី​លាប​លើ​ស្បែក ​ក៏​មាន​សុវត្ថិភាព​ដែរ បើ​លាប​ត្រឹម​ត្រូវ ​និង​រយៈពេល​ខ្លី។

    ក្នុង​ករណី​មាន​ផ្ទៃ​ពោះ ​ឬ​បំបៅ​ដោះ​កូន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន ដើម្បី​ថ្លឹង​ថ្លែង​ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​​អាច​កើត​មាន ព្រោះខ្ញី​អាច​បង្កើន​ហានិភ័យ​ហូរ​ឈាមចំពោះ អ្នក​មាន​ជំងឺ​ហូរ​ឈាម និង​ធ្វើ​ឲ្យ​ជំងឺ​បេះដូង​កាន់​តែ​ធ្ងន់ធ្ងរ។ បើ​មាន​ជំងឺ​ទឹក​នោម​ផ្អែម ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មុន​​ញ៉ាំ​ខ្ញី ព្រោះ​​អាច​ប៉ះ​ពាល់កម្រិត​អ័រម៉ូនអាំង​ស៊ុយលីន និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដូច​នេះ​ ​កែ​តម្រូវ​កម្រិត​ថ្នាំ​ អាច​នឹង​ត្រូវ​ធ្វើ។

    ចំណុចសំខាន់

    ក្នុង​ករណី​មាន​ផ្ទៃ​ពោះ ​ឬ​បំបៅ​ដោះ​កូន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន ដើម្បី​ថ្លឹង​ថ្លែង​ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​​អាច​កើត​មាន ព្រោះខ្ញី​អាច​បង្កើន​ហានិភ័យ​ហូរ​ឈាមចំពោះ អ្នក​មាន​ជំងឺ​ហូរ​ឈាម និង​ធ្វើ​ឲ្យ​ជំងឺ​បេះដូង​កាន់​តែ​ធ្ងន់ធ្ងរ។ បើ​មាន​ជំងឺ​ទឹក​នោម​ផ្អែម ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មុន​​ញ៉ាំ​ខ្ញី ព្រោះ​​អាច​ប៉ះ​ពាល់កម្រិត​អ័រម៉ូនអាំង​ស៊ុយលីន និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដូច​នេះ​ ​កែ​តម្រូវ​កម្រិត​ថ្នាំ​ អាច​នឹង​ត្រូវ​ធ្វើ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 22/03/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត