ជំងឺគីសទឹកក្រពេញអូវែ ជាវិបត្តិអ័រម៉ូន ដែលអាចគ្រប់គ្រងបានដោយការព្យាបាលតាមបែបធម្មជាតិ និងការផ្លាស់ប្ដូរបែបបទក្នុងការរស់នៅ។ ជាទូទៅ ដំណើរការខុសប្រក្រតីនៃអាំងស៊ុយលីន និងអ័រម៉ូនTestosterone អាចជាហេតុនាំឲ្យកើតជំងឺគីសទឹកក្រពេញអូវែ។ ទោះជាជំងឺនេះ មិនអាចព្យាបាលឲ្យជាសះស្បើយបានទាំងស្រុងក៏ពិតមែន តែការប្រើប្រាស់ថ្នាំមួយចំនួន អាចគ្រប់គ្រងរោគសញ្ញាបាន។ យ៉ាងណាមិញ តើស្រីៗយើងអាចគ្រប់គ្រងជំងឺគីសទឹកក្រពេញអូវែ ដោយមិនប្រើថ្នាំបានដែរឬទេ?
ប្រភេទរបបអាហារដែលស័ក្ដិសមសម្រាប់ជំងឺគីសទឹកក្រពេញអូវែ
ពិតណាស់ មានរបបអាហារផ្សេងៗជាច្រើន ដែលអាចជួយគ្រប់គ្រងជំងឺគីសទឹកក្រពេញអូវែបាន។ របបអាហារប្រភេទនេះ ផ្ដោតទៅលើអាហារដែលមានសន្ទស្សន៍ជាតិស្ករទាប ដោយអាចជួយពង្រឹងកម្រិតជាតិស្ករ និងអាំងស៊ុយលីនបានយ៉ាងល្អប្រសើរ ក៏ដូចជាអាចជួយឲ្យគ្នាយើងអាចស្រកទម្ងន់ថែមទៀតផង។
ហេតុនេះហើយ គ្នាយើងគួរញ៉ាំអាហារសុខភាពដោយរួមបញ្ចូលផ្លែឈើ និងបន្លែ ទឹកដោះគោដែលមានខ្លាញ់ទាប និងពពួកគ្រាប់ធញ្ញជាតិ។ បន្ថែមពីនេះ យើងគួរញ៉ាំគ្រឿងស្រវឹងក្នុងបរិមាណតិចតួច និងត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ទើបជាការប្រសើរ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ធ្វើលំហាត់ប្រាណជាប្រចាំ
ម្យ៉ាងវិញទៀត ចំពោះអ្នកដែលកើតគីសទឹកក្រពេញអូវែ ការធ្វើលំហាត់ប្រាណមានអត្ថប្រយោជន៍យ៉ាងច្រើន ដោយអាចគ្រប់គ្រងទម្ងន់ខ្លួន និងកម្រិតអ័រម៉ូនយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ ការហាត់ប្រាណជាទៀងទាត់ក៏អាចជួយឲ្យគ្នាយើងគេងលក់ស្រួល កាត់បន្ថយស្រ្តេស ព្រមទាំងជួយឲ្យយើងមានអារម្មណ៍ល្អ។ ជាងនេះទៅទៀត ស្រីៗដែលមានបញ្ហាគីសទឹកក្រពេញអូវែ អាចប្រឈមនឹងការគ្មានកូន ប៉ុន្តែបើយើងហាត់ប្រាណជាប្រចាំ នោះនឹងជួយជំរុញឱកាសមានផ្ទៃពោះកាន់តែច្រើនទ្វេដង។