មុនក្បាលខ្មៅគឺជាមុនបើកមុខដែលមានក្បាលពណ៌ខ្មៅ ហើយកើតឡើងដោយសារការស្ទះធូលីដី ខ្លាញ់ កោសិកាស្បែកងាប់ៗ បាក់តេរី ឬគ្រឿងសម្អាងជាដើម នៅក្នុងរន្ធញើស។ ដោយសាររន្ធញើសបើកចំហ ពេលត្រូវខ្យល់ កម្ទេចធូលីទាំងនេះមានប្រតិកម្មអុកស៊ីត ហើយប្រែពណ៌ទៅជាពណ៌ខ្មៅ។
ស្រីៗយើងអាចសាកកម្ចាត់មុនក្បាលខ្មៅតាមបែបធម្មជាតិដូចខាងក្រោម៖
១. ស្រ្កាប់ម្សៅបេកឃីងសូដា
យើងអាចលាយម្សៅបេកឃីងសូដាមួយស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មាកន្លះស្លាបព្រាបាយ និងទឹកពីរស្លាបព្រាបាយ រួចកូរឱ្យសព្វ។ បន្ទាប់មកយកល្បាយនេះត្រដុសថ្នមៗលើច្រមុះ ទុកចោល ១៥ ទៅ ២០ នាទី រួចលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ យើងអាចធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍។
ការខាត់ស្បែកច្រមុះជាមួយល្បាយម្សៅបេកឃីងសូដាមិនត្រឹមតែអាចកម្ចាត់រន្ធញើសដែលស្ទះទេ ថែមទាំងអាចធ្វើឱ្យកម្រិត pH នៅស្បែកច្រមុះមានតុល្យភាព និងអាចជួយការពារស្បែកច្រមុះពីការឆ្លងមេរោគទៀតផង។