backup og meta

មុនប្រើរំពាត់អប់រំកូន ប៉ាម៉ាក់ត្រូវដឹងចំណុចទាំងនេះសិន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 04, 2021

    មុនប្រើរំពាត់អប់រំកូន ប៉ាម៉ាក់ត្រូវដឹងចំណុចទាំងនេះសិន​

    ប៉ា​ម៉ាក់​​ពិត​ជា​មិន​សប្បាយចិត្ត ឬ​អាច​ខឹង​កូ​ន​ទៀត​ផង​ពេល​កូន​ធ្វើ​អ្វី​មួយ​មិន​ត្រូវ​ចិត្ត ឬ​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​ខ្លួន​។ សម្រាប់​ប៉ា​ម៉ាក់​ខ្លះ​អាច​ទប់​ចិត្ត​ និង​កែ​សម្រួល​ស្ថាន​ការ​ដោយ​ណែនាំ​កូន​បែប​អហិង្សា តែ​ក៏​មាន​ប៉ា​ម៉ាក់​ខ្លះ​អាច​ចង់​ដាក់​ទណ្ឌ​កម្ម​កូន​ដោយ​ប្រើ​រំពាត់​ក៏​មាន​។ យ៉ាងណា បើ​ប៉ា​ម៉ាក់​គិត​ថា​ចង់​ប្រើ​រំពាត់​ដាក់​ទណ្ឌកម្ម​កូន​ ត្រូវ​ដឹង​រឿង​ទាំងនេះ​សិន​។

    ១. តើ​ពិត​ជាចាំបាច់​​ត្រូវ​ប្រើ​រំពាត់?

    ​មុន​សម្រេច​ចិត្ត​ប្រើ​រំពាត់​អប់រំ​កូន តើ​ប៉ា​ម៉ាក់​បាន​ប្រើ​អស់​វិធី​បែប​អហិង្សា​ហើយ​ឬ​នៅ​? ប៉ា​ម៉ាក់​បាន​អប់​រំ​ណែ​នាំ​កូន​ផ្ទាល់​មាត់​​ ផ្ដល់​ជា​ឧទាហរណ៍ និង​ប្រាប់​ពី​ផល​វិបាក​ផ្សេងៗ ដែល​កូន​គួរ​ដឹង​ហើយ​ឬ​យ៉ាងណា​។ បើ​វិធី​នេះ​មិន​មាន​ប្រសិទ្ធ​ភាព ប៉ា​ម៉ាក់​ទំនង​ជា​គិត​ចង់​ប្រើ​រំពាត់​ម្ដង តែ​ថា​ការ​ប្រើ​រំពាត់ មាន​ប្រ​ទេស​មួយ​ចំនួន​ចាត់​ទុក​ថា​ជា​អំពើ​ខុស​ច្បាប់។ ថ្វី​បើ​ប្រទេស​ខ្លះ​មិន​ចាត់​ទុក​ថា​ខុស​ច្បាប់ តែ​ក៏​ត្រូវ​គេ​ចាត់​ទុក​ជា​ការ​រំលោភ​បំពាន​លើ​រាង​កាយ ហើយ​សហគមន៍​មិន​អាច​ទទួល​យ​បាន​ដែរ​។ ម្យ៉ាង ការ​ប្រើ​អំពើ​ហិង្សា​លើ​កូន អាច​ជ្រុល​ដៃ​បង្ក​ជា​អំពើ​ហិង្សា​ធ្ងន់​ធ្ងរ​ នោះ​ប៉ា​ម៉ាក់​ក៏​អាច​​នឹង​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​វិញ​ដែរ​។​​

    អប់រំកូន

    ២. អប់រំ​ដោយ​ហិង្សា​ប៉ះពាល់​អារម្មណ៍​កូន​

    ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ការ​ប្រើ​រំពាត់​វាយ​អប់រំ​កូន​មិន​បាន​ធ្វើ​ឲ្យ​កូន​កែ​ប្រែ​ឥរិយាបថ​​នោះ​ទេ តែ​ធ្វើ​ឲ្យ​កូន​មាន​ឥរិយាបថ​កាន់​តែ​អាក្រក់​ទៅ​វិញ​។ បន្ទាប់​ពី​ត្រូវ​រំពាត់​កូន​អាច​មាន​អារម្មណ៍​ថា​មិន​មាន​អ្នក​ស្រឡាញ់ និង​ដូច​ត្រូវ​គេ​បោះ​បង់​ចោល​។ ជំនួស​ឲ្យ​ការ​កែ​ប្រែ​ឥរិយាបថ​ពី​មិន​ល្អ​មក​ល្អ ក្មេង​អាច​ព្យាយាម​លាក់​កំបាំង​កំហុស​ឆ្គង​របស់​ខ្លួន​ធ្វើ​ទាក់​ទង​នឹង​ឥរិយាបថ​មិន​ល្អ​របស់​ខ្លួន​​ទៅ​វិញ​។

    ការ​សិក្សា​បង្ហាញ​ថា​ក្មេង​ដែល​រង​អំពើ​ហិង្សា​ដោយ​ការ​វាយ​ដំ​ច្រើន​មាន​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖​​​

    • ផ្នែក​ពណ៌​ប្រផេះ​ក្នុង​ខួរ​ក្បាល​មាន​តិច​(ទាក់ទង​នឹង​ដំណើរ​ការ​ព័ត៌មាន​ផ្សេងៗ​ក្នុង​ខួរ​ក្បាល)
    • សមត្ថភាព​រៀន​សូត្រ​ទាប​
    • មាន​បញ្ហា​ផ្លូវ​ចិត្ត​ ដូច​ជា​ថប់បារម្ភ ​និង​បាក់​ទឹក​ចិត្ត
    • ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​ថ្នាំញៀន​ខុស​ច្បាប់
    • មិន​ទុក​ចិត្ត​អ្នក​ដទៃ
    • ពេល​ធំ​ឡើង​ក្លាយ​ជា​ប្តី ឬ​ប្រពន្ធ​ចូល​ចិត្ត​ប្រើ​ហិង្សា​
    • អាច​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់
    • ស្លាប់​នៅ​វ័យក្មេង​។

    បើ​សិន​ជា​យើង​មិន​ចង់​ឃើញ​កូន​ស្ថិត​ក្នុង​ចំណុច​ទាំងនេះ សូម​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​កូន​ដោយ​ប្រើ​រំពាត់ ឬ​ទម្រង់​ហិង្សា​ផ្សេងៗ​។

    ៣. កុំ​វាយ​កូន​នៅ​មុខ​អ្នក​ផ្សេង

    បើ​ប៉ា​ម៉ាក់​គិត​ថា​ត្រូវ​តែ​អប់រំ​ដោយ​រំពាត់​ទើប​កូន​ធ្វើ​តាម​ ឬ​កែប្រែ​ឥរិយាបថ ប៉ា​ម៉ាក់​កុំ​វាយ​កូន​នៅ​មុខ​អ្នក​ដទៃ ឬ​សូម្បី​តែ​នៅ​មុខ​កូន​ផ្សេង​ទៀត​។ ការ​ត្រូវ​ប៉ា​ម៉ាក់​វាយ​នៅ​មុខ​អ្នក​ដទៃ អាច​ធ្វើ​កូន​មាន​អារម្មណ៍​ខ្មាស​គេ ឬ​ខឹង​ខ្លាំង​ជា​ដើម​។ ការ​ធ្វើ​ឲ្យ​កូន​ខ្មាស​គេ​ខ្លាំង អាច​ធ្វើ​ឲ្យ​ក្មេង​មាន​ឥរិយាបថ​មិន​ល្អ​កាន់​តែ​ខ្លាំង​ទៅ​វិញ មិន​បាន​ជួយ​ឲ្យ​គេ​កែ​ប្រែ​ឥរិយាបថ​នោះ​ទេ​។

    ៤. ផ្ដល់​ការ​ព្រមាន​ចុង​ក្រោយ​មុន​ប្រើ​រំពាត់​

    ការ​ប្រើ​រំពាត់ ឬ​ទម្រង់​ហិង្សា​ផ្សេង​ទៀត សម្រាប់​អប់រំ​កូន​អាច​ធ្វើ​ឲ្យ​កូន​តូច​ចិត្ត ខឹង ភ័យ ឬ​តក់ស្លុត។ ប៉ា​ម៉ាក់​ខ្លួន​ឯង​ត្រូវ​តែ​យល់​ពី​ប្រតិកម្ម​ដែល​អាច​កើត​មាន​លើ​កូន​ បើ​សិន​ជា​ពិត​ជា​ចង់​ប្រើ​រំពាត់​មាន​។

    យ៉ាង​ណា​ ដូច​ដែល​បាន​និយាយ​អ៊ីចឹង​ ជា​ធម្មជាតិ​កូន​នឹង​យំ​មុន​ពេល អំឡុង​ពេល និង​ក្រោយ​ពេល​ប៉ា​ម៉ាក់​វាយ ដែល​ហេតុ​នេះ​ហើយ​បានជា​មាន​ការ​ណែ​នាំ​មិន​ឲ្យ​ប្រើ​រំពាត់​ ឬ​ទម្រង់​នៃ​ហិង្សា​ផ្សេងៗ​​សម្រាប់​អប់​រំ​កូន​។

    បើ​គ្មាន​ជម្រើស​គិត​ថា​ត្រូវ​តែ​ប្រើ​រំពាត់ ប៉ា​ម៉ាក់​សូម​ផ្ដល់​ឱកាស​ចុងក្រោយ​ឲ្យ​កូន ដោយ​ផ្ដល់​ជា​ការ​ព្រមាន​ចុង​ក្រោយ​មួយ បើ​កូន​មិន​ធ្វើ​តាម ឬ​កែ​ប្រែ​ចាំ​ប៉ា​ម៉ាក់​សម្រេច​ចិត្ត​ជា​ថ្មី​។ ប៉ា​ម៉ាក់​អាច​ព្រមាន​កូន​ថា «បើ​កូន​មិន​ប្រមូល​របស់​លេង​ទុក​ដាក់​ត្រឹម​ត្រូវ​ទេ កូន​នឹង​ត្រូវ​រំពាត់​មិន​ខាន​» ការ​ព្រមាន​បែប​នេះ អាច​ធ្វើ​ឲ្យ​កូន​ធ្វើ​តាម ដោយ​ខ្លាច​ថា​ត្រូវ​រង​ទណ្ឌ​កម្ម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម