គន្លឹះងាយៗជួយឲ្យកូនមានការចងចាំល្អ ព្រមទាំងរៀនសូត្រពូកែ
ការចងចាំដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹងការសិក្សា ការលូតលាស់ ក៏ដូចជាការអភិវឌ្ឍរបស់កុមារ។ ពិតណាស់ កុមារដែលមានការចងចាំខ្សោយ អាចជួបប្រទះបញ្ហាផ្សេងៗនៅសាលារៀន ឬគ្មានទំនុកចិត្តចំពោះខ្លួនឯង។ អីចឹងហើយ ប៉ាម៉ាក់អាចជួយបង្កើនការចងចាំរបស់កូនបាន ដោយអនុវត្តគន្លឹះងាយៗខាងក្រោមនេះ។

១. រៀនដោយគ្មានភាពតានតឹង ឬសម្ពាធ
ក្មេងៗគ្រប់រូប សុទ្ធតែមានលក្ខណៈពិសេសក្នុងការរៀនសូត្រខុសៗគ្នា។ ដូច្នេះហើយ យើងគួរទុកពេលឲ្យកូនស្វែងយល់មេរៀនតាមសម្រួល ដោយមិនត្រូវដាក់សម្ពាធដល់កូនក្នុងការរៀនអ្វីថ្មីៗឡើយ។ បន្ថែមពីនេះ ប៉ាម៉ាក់គួរលើកទឹកចិត្តឲ្យកូនហ៊ានសួរសំណួរ ក៏ដូចជាបង្កើតភាពរីករាយក្នុងការរៀនអ្វីថ្មីៗ។
២. គេងឲ្យបានគ្រប់គ្រាន់
ទន្ទឹមនឹងនេះដែរ កុមារគួរគេងយ៉ាងហោចណាស់៨ ទៅ១០ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីជួយពង្រឹងការចងចាំ និងត្រូវគេងឲ្យបានទៀងទាត់ម៉ោង ទើបជាការប្រសើរ។ មួយវិញទៀត ការគេងថ្ងៃក៏មានសារៈសំខាន់ណាស់ដែរ ជាពិសេសសម្រាប់កុមារតូចៗតែម្ដង។

៣. បញ្ចូលបន្លែស្លឹកបៃតង
បន្លែស្លឹកបៃតងសម្បូរទៅដោយវីតាមីន សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជាតិរ៉ែ និងជាតិសរសៃ ហើយវីតាមីនA,B,C,E និងK មានគុណប្រយោជន៍យ៉ាងល្អឯកក្នុងការជំរុញការអភិវឌ្ឍខួរក្បាលរបស់ក្មេង ក៏ដូចជាសុខភាពរាងកាយទាំងមូល។ ដូច្នេះហើយ ប៉ាម៉ាក់គួរឲ្យកូនញ៉ាំបន្លែស្លឹកបៃតងឲ្យបានច្រើន។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. គ្រាប់ធញ្ញជាតិ
ចំណែកឯពពួកគ្រាប់ធញ្ញជាតិ អាចផ្ដល់ថាមពល និងជួយពង្រឹងខួរក្បាលរបស់កុមារ។ ប៉ាម៉ាក់គួរឲ្យកូនញ៉ាំគ្រាប់ធញ្ញជាតិ ដែលរួមមាន អាល់ម៉ុន និងស្វាយចន្ទី ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងខ្លាញ់ល្អ។
៥. ស៊ុត និងត្រី
ខួរក្បាលរបស់យើងបង្កើតឡើងដោយអាស៊ីដខ្លាញ់អូមេហ្គា៣ និងDHA ដែលមាននៅក្នុងស៊ុតផ្នែកលឿង និងពពួកត្រីមួយចំនួន ដូចជាត្រីសាល់ម៉ុន។ ដូចនេះ ដើម្បីជួយពង្រឹងខួរក្បាល កោសិកាសរសៃប្រសាទ និងការចងចាំ ក៏ដូចជាជួយឲ្យការសិក្សារបស់កូនកាន់តែប្រសើរឡើង ប៉ាម៉ាក់គួរបញ្ចូលអាហារប្រភេទនេះ ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់កុមារ។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ