ការចេះគ្រប់គ្រងពេលវេលាបានល្អ គឺជាបំណិនដ៏មានតម្លៃសម្រាប់ជីវិត។ ពិតណាស់ ទោះបីជាយើងមានជំនាញផ្ទាល់ខ្លួនហើយក្តី តែបើយើងមិនអាចបញ្ចប់ការងារដែលទាក់ទងនឹងជំនាញនោះឲ្យទាន់ពេលទេនោះ គ្រប់យ៉ាងនឹងប្រែទៅជាឥតប្រយោជន៍ទៅវិញ។ អ៊ីចឹងហើយ ការចេះគ្រប់គ្រងពេលវេលាបានត្រឹមត្រូវ មានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលយើងកសាងវាតាំងពីនៅវ័យក្មេង។
ដូច្នេះហើយ ដើម្បីបង្រៀនកូនឲ្យចេះគ្រប់គ្រងពេលវេលាបានល្អ ប៉ាម៉ាក់អាចសាកល្បងតាមតិចនិកទាំង៤ខាងក្រោមនេះ។
១. បង្កើតគោលដៅច្បាស់លាស់ និងផ្តល់អាទិភាពលើគោលដៅទាំងនោះ
ប៉ាម៉ាក់ គប្បីណែនាំកូនឲ្យចេះដាក់គោលដៅច្បាស់លាស់ ដែលអាចជួយកូនៗក្នុងការសម្រេចកិច្ចការជាក់លាក់ទាំងនោះ។ នេះជាជំហានទី១ ដែលជំរុញឲ្យកូនគិតពីអ្វីដែលខ្លួនចង់សម្រេចបាន ហើយដឹងពីអ្វីដែលជាកិច្ចការសំខាន់បំផុត។ យើងគួរចំណាយពេលជួយកូនបង្កើតគោលដៅរយៈពេលខ្លី និងវែង ដោយបំបែកគោលដៅទាំងនោះជាកិច្ចការតូចៗ រួចពិភាក្សាពីកិច្ចការអាទិភាព ក៏ដូចជាផ្ដោតទៅលើពេលវេលាកំណត់ និងសារៈសំខាន់។
២. បង្រៀនកូនឲ្យចេះកំណត់ពេលវេលា
ការកំណត់ពេលវេលាជាក់លាក់ សម្រាប់ធ្វើកិច្ចការ ឬសកម្មភាពជាក់លាក់ អាចជួយឲ្យកូនធ្វើកិច្ចការនោះជាមួយនឹងការផ្ដោតអារម្មណ៍ពេញលេញ។ ប៉ាម៉ាក់ក៏អាចលើកទឹកចិត្តឲ្យកូនបង្កើតកាលវិភាគប្រចាំសប្តាហ៍ ដែលរួមបញ្ចូលការសម្រាកខ្លះ ដើម្បីកុំឲ្យក្មេងៗមានអារម្មណ៍ធុញទ្រាន់។
[embed-health-tool-child-growth-chart]
៣. ផ្តល់អាទិភាពចំពោះការងារសំខាន់
ការផ្តល់អាទិភាពចំពោះកិច្ចការសំខាន់ៗ អាចជួយឲ្យការគ្រប់គ្រងពេលវេលាកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជួយឲ្យកូនដឹងថា មិនមែនរាល់កិច្ចការទាំងអស់សុទ្ធតែសំខាន់នោះទេ ហើយកិច្ចការទាំងនោះសុទ្ធតែមានអាទិភាពផ្សេងៗគ្នា។ គួរជំរុញឲ្យកូនចេះជ្រើសរើសធ្វើកិច្ចការដែលមានអាទិភាពខ្ពស់ដំបូងគេ និងកិច្ចការដែលមិនសូវសំខាន់ជាបន្តបន្ទាប់ ទើបជាការប្រសើរ។
៤. ជំរុញកូនឲ្យចេះទទួលខុសត្រូវលើការគ្រប់គ្រងពេលវេលា
ពិតណាស់ ដើម្បីឲ្យកូនចេះគ្រប់គ្រងពេលវេលាបានល្អ ប៉ាម៉ាក់ត្រូវមានចិត្តអំណត់បន្តិច។ លើកទឹកចិត្តឲ្យកូនៗចេះគ្រប់គ្រងកាលវិភាគរបស់ខ្លួន និងទទួលខុសត្រូវចំពោះការគ្រប់គ្រងពេលវេលា។ ទន្ទឹមនឹងនេះដែរ គួរពិនិត្យកាលវិភាគជាមួយនឹងពួកគេឡើងវិញឲ្យបានញឹកញាប់ ផ្តល់ការណែនាំ និងផ្តល់ជំនួយក្នុងករណីចាំបាច់។ មួយវិញទៀត ប៉ាម៉ាក់ក៏ចាំបាច់ត្រូវពិភាក្សាជារៀងរាល់សប្តាហ៍ ទាក់ទងនឹងកាលវិភាគរបស់កូនៗ និងជជែកពីបញ្ហា ការលំបាក ឬការកែប្រែណាមួយដែលចាំបាច់។ ជាមួយគ្នានេះ យើងក៏គួរឲ្យកូនធ្វើការវាយតម្លៃលើការគ្រប់គ្រងពេលវេលា និងសមត្ថភាពដោះស្រាយបញ្ហារបស់ខ្លួនឯងផងដែរ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?