ដើម្បីព្យាបាលការរលាកបំពង់ក ម៉ាក់ប៉ាត្រូវព្យាបាលជំងឺផ្ដាសាយជាមុនសិន។ ចំពោះការព្យាបាលអាការៈរលាកបំពង់ក ឬក៏ផ្ដាសាយចាំបាច់ត្រូវប្រើថ្នាំបញ្ចុះកម្ដៅ ដើម្បីទប់ទល់កុំឲ្យកុមារប្រកាច់។ ម៉ាក់ប៉ាមិនត្រូវប្រើថ្នាំផ្ដេសផ្ដាសដោយខ្លួនឯងឡើយ ថ្នាំដែលសមស្របបំផុត គឺប្រភេទប៉ារ៉ាសេតាម៉ុលដោយប្រើទៅតាមកម្រិតអាយុ និងទម្ងន់របស់កុមារ ព្រោះថា បើប្រើហួសកម្រិតធ្វើឲ្យមានការប៉ះពាល់ដល់ថ្លើម។ ជាងនេះទៅទៀត ម៉ាក់ប៉ាត្រូវយកកន្សែង ឬក្រមាជ្រលក់ទឹកធម្មតា មកជូត ឬដណ្ដប់លើរាងកាយកុមារ ដើម្បីបន្ថយកម្ដៅបានខ្លះ។
ចំណែកផលប៉ះពាល់នៃការរលាកបំពង់ក អាចធ្វើឲ្យកុមារជួបប្រទះ នឹងបញ្ហាមួយចំនួនក្រោយពេលជា ដូចជាអាចធ្វើឲ្យកុមារមិនស្រួលខ្លួន ក្ដៅខ្លួន រមាស់នៅត្រង់បរិវេណក ពិបាកក្នុងការបៅ និងទទួលទានអាហារជាហេតុនាំឲ្យកុមារប្រឈមមុខចំពោះការចុះស្គម និងកង្វះអាហារូបត្ថម្ភ។ អាការៈទាំងនេះអាចនឹងធូរស្រាល បន្ទាប់ពីកុមារបានជាសះស្បើយត្រឹមត្រូវ។
វេជ្ជបណ្ឌិតរូបនោះបានបន្តទៀត អាការៈរលាកបំពង់ក អាចកើតឡើងសារជាថ្មី ប្រសិនបើការព្យាបាលមិនទាន់បានជាសះស្បើយត្រឹមត្រូវ។ លោកបន្ថែមថា នៅពេលអការៈជំងឺទារក ឬកុមារថយចុះ ម៉ាក់ប៉ាតែងតែបញ្ឈប់ការផ្ដល់ថ្នាំភ្លាម នេះជាការខុសឆ្គង ព្រោះតាមពិតទៅនៅរយៈពេលពីរ ឬបីថ្ងៃដំបូង មេរោគគ្រាន់តែសម្ងំមិនទាន់ងាប់នៅឡើយទេ ទាល់តែប្រើថ្នាំគ្រប់ចំនួនទៅតាមវេជ្ជបញ្ជា ទើបមេរោគត្រូវបានសម្លាប់ទាំងស្រុង។