backup og meta

​ចម្ងល់​ម៉ាក់​ប៉ាថ្មីថ្មោង ចង់ដឹងញឹក​ញាប់​ទាក់​ទង​នឹង​ការ​ងូត​ទឹក​ឲ្យ​ទារក​ទើប​កើត​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 10, 2020

    ​ចម្ងល់​ម៉ាក់​ប៉ាថ្មីថ្មោង ចង់ដឹងញឹក​ញាប់​ទាក់​ទង​នឹង​ការ​ងូត​ទឹក​ឲ្យ​ទារក​ទើប​កើត​

    សម្រាប់​ម៉ាក់​ប៉ា​ថ្មី​ថ្មោង ការ​ងូត​ទឹក​ឲ្យ​អា​អូន​ទើប​កើត អាច​ជា​រឿង​ពិបាក​មួយ​ដែល​យើង​ត្រូវ​ប្រយ័ត្ន ព្រោះ​អា​អូន​នៅ​ទន់​ខ្លាំង​ពិបាក​កាន់​ផង ណាមួយ​យើង​មិន​ធ្លាប់​ផង។ ហើយ​ក៏​ជឿ​ថា ក្រោយ​អា​អូន​កើត​មក យើង​ច្បាស់​ជា​មាន​សញ្ញា​សួរ​ពេញ​ក្បាល​ទាក់​ទង​នឹង​ការ​ងូត​ទឹក​ឲ្យ​កូន​នោះ។

    ១. គួរ​ងូត​ទឹក​ឲ្យ​កូន​ប៉ុន្មាន​ដង/ថ្ងៃ?

    តាម​ពិត​ទៅ យើង​មិន​ចាំ​បាច់​ងូត​ទឹក​ឲ្យ​ទារក​ទើប​កើត​រាល់​ថ្ងៃ​ទេ យើង​អាច​ងូត​ទឹក ​៣-៤​ដង/សប្ដាហ៍​ក៏​បាន។ ការ​ងូត​ទឹក​ឲ្យ​កូន​ច្រើន​ដង​ពេក អាច​ធ្វើ​ឲ្យ​ប្រេង​ធម្មជាតិ​នៃ​ស្បែក​កូនបាត់បង់ បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។ ប្រសិន​បើ​យើង​ឆាប់​ប្ដូរ​កន្ទប ឬ​ខោ​ទឹក​នោម​កូន និង​សម្អាត​បាន​ល្អ យើង​សម្អាត​កន្លែង​សំខាន់​រួច​រាល់​បាត់​ហើយ បូក​រួម​ទាំង​មុខ ក និង​នៅ​តាម​តំបន់​គន្លាក់​ដៃ-ជើង​។ល។

    ២. ងូត​ទឹក​ពេល​ថ្ងៃ ឬ​ពេល​យប់ មួយណា​ល្អ​ជាង​សម្រាប់​កូន?

    គ្មាន​ពេល​ណា​ល្អ ឬ​មិន​ល្អ​សម្រាប់​ការ​ងូត​ទឹក​ឲ្យ​កូន​ទេ គ្រាន់​តែ​ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា ពេល​ងូត​ទឹក​ឲ្យ​កូន​ទើប​កើត មិន​ប្រញាប់ ឬ​មាន​អី​មក​រំខាន​បាន​ហើយ។ អ្វី​ដែល​គួរ​ចំណាំ​នោះ គឺ​ពេល​ងូត​ទឹក​ឲ្យ​កូន​ក្រោយ​កូន​បៅ​រួច។ យើង​មិន​គួរ​ឲ្យ​កូន​បៅ​ហើយ​ភ្លាម ងូត​ទឹក​ឲ្យ​កូន​ភ្លាម​ទេ គួរ​ចាំ​ឲ្យ​កូន​ស្រក​ពោះ​សិន សឹម​ងូត​ឲ្យ​។

    ៣. ទឹក​គួរ​ដាក់​ឲ្យ​នៅ​សីតុណ្ហភាព​ប៉ុនណា?

    ទឹក​ក្ដៅ​ឧណ្ហ​ៗ ល្អ​បំផុត​សម្រាប់​ងូត​ឲ្យ​អា​អូន​ទើប​កើត។ មុន​នឹង​ដាក់​កូន​ចូល​ទឹក យើង​ត្រូវ​វាស់​កម្ដៅ​ដោយ​ដៃ​យើង​ជាមុន​សិន បើ​អាចយក​ទែរម៉ូម៉ែត្រមក​វាស់​កាន់​តែ​ល្អ ហើយ​សីតុណ្ហភាព​ទឹក​ត្រឹម ​៣៨​ អង្សារសេ។ ម៉្យាង​ទៀត សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់​ក៏​មិន​ត្រូវ​ត្រជាក់​ពេក​ដែរ ព្រោះ​ទារក​សើម​ងាយ​នឹង​រងា​ណាស់។

    ៤.ពេល​ងូត​ទឹក​ឲ្យ​កូន​ត្រូវ​កាន់​កូន​យ៉ាង​ម៉េច?

    ការ​ដែល​កាន់​កូន​ណែន​ដៃ អាច​ជួយ​ទារក​ឲ្យ​មាន​អារម្មណ៍​ស្រួល និង​មាន​សុវត្ថិភាព​នៅ​ក្នុង​អាង​ងូត​ទឹក​ ដោយទប់​ក្បាល និង​ក​កូន​ឲ្យ​ជាប់ ឬ​ទប់​ទារក​ក្រោម​ឃ្លៀក​ឲ្យ​បាន​ល្អ​ពេល​ងូត​ទឹក យក​ដៃ​សម្អាត​កូន​ថ្នមៗ ជាដើម។

    ទារក

    ៥. គួរ​សម្អាត​កូន​ពី​ណា​ទៅ​ណា?

    ចំពោះ​ម៉ាក់​ប៉ា​ភាគ​ច្រើន​សម្អាត​កូន​ពី​លើ​មក​ក្រោម ដោយ​ចាប់​ផ្ដើម​ពី​ក្បាល​ចុះ​មក​ក្រោម។ ជូត​សម្អាត​តាម​លំដាប់​ដូច ផ្នត់ ក ឃ្លៀក ខ្នង ពោះ ផ្នត់​ក្រលៀន ភ្លៅ ផ្នែក​ខាង​ក្រៅ​នៃ​ប្រដាប់​ភេទ និង​គូថ។ យើង​អាចសម្អាត​រាងកាយ​ទារក​ជាមួយ​សាប៊ូ​សម​ស្រប បើ​ចាំបាច់ ប៉ុន្តែ​ត្រូវ​ការពារ​តំបន់​ភ្នែក មាត់ និង​កុំ​ឲ្យ​មាន​ទឹក ឬ​សាប៊ូ​ចូល​ក្នុង​ត្រចៀក​កូន។

    ៦.ក្រោយ​ងូត​ទឹក​រួច​គួរ​លាប​ឡេ​ការពារ​រលាក ឬ​ផ្ដល់​សំណើម​ឲ្យ​កូន​អត់?

    ធម្មតា អា​អូន​ទើប​កើត​មិន​ចាំ​បាច់​ត្រូវ​ការ​លាប​ឡេ​បន្ថែម​ក្រោយ​ងូត​ទឹក​ទេ។ បើ​ស្បែក​កូន​ស្ងួត​ខ្លាំង យើង​អាច​លាប​ឡេ​ផ្ដល់​សំណើម គ្មាន​ក្លិន​បន្តិច​ឲ្យ​កូន​បាន រួច​ម៉ាស្សា​ថ្នមៗ អាច​ជួយ​ឲ្យ​កូន​ស្រួល​ខ្លួន​ដែរ។ ប្រសិន​បើ​ស្បែក​កូន​នៅ​តែ​ស្ងួត វា​អាច​បណ្ដាល​មក​ពី​យើង​ងូត​ទឹក​ឲ្យ​កូន​ញឹក​ញាប់​ពេក។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម