ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ?
ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖
១. បង្កើតទម្លាប់មុនពេលគេង
ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។
២. សង្កេតមើលសញ្ញាកូនងងុយគេង
បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។
៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព
កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក និងមានខ្យល់ចេញចូលល្អ ដើម្បីការពារឡើងកម្តៅខ្លាំងដែលធ្វើឱ្យកូនបែកញើសខ្នង។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. ផ្តល់ការលោងលោម
ទារកភាគច្រើនចូលចិត្តកត្តាលោងលោមទាំង ៤ នេះមុនពេលគេង។ ប្រសិនបើកូនម៉ាក់ប៉ាពិបាកគេង ដោយសារអស់កម្លាំងពេក ឬយំ ម៉ាក់ប៉ាអាចសាកល្បងវិធីសាស្រ្តដូចខាងក្រោមបាន៖
- រុំកូននឹងកំណាត់រុំទារក៖ ជួយឲ្យអាអូនមានអារម្មណ៍ថាដូចនៅក្នុងពោះម៉ាក់ៗដែលធ្វើឲ្យអាអូនមានភាពកក់ក្តៅ តែចៀសវាងរុំកូនតឹងណែនពេក
- បន្លឺសំឡេងស៊ូចៗ៖ ម៉ាក់ប៉ាអាចបន្លឺសំឡេងស៊ូចៗ (shhh) ត្រាប់តាមសំឡេងចង្វាក់ក្នុងស្បូន ដើម្បីឱ្យកូនមានអារម្មណ៍កក់ក្តៅ
- យោលកូន៖ ការយោលកូនក្នុងអង្រឹងថ្នមៗទៅមកៗ ជួយឱ្យកូនលំហែអារម្មណ៍ និងឆាប់គេងលក់
- ឱ្យកូនជញ្ជក់ក្បាលដោះជ័រ៖ ការជញ្ជក់អាចជួយលោងលោម និងបន្ធូរអារម្មណ៍ទារក ដែលជួយឱ្យទារកឆាប់គេងលក់។
៥. បំបៅមុនពេលឱ្យកូនគេង
ការបៅក៏អាចមានឥទ្ធិពលលើការគេងរបស់ទារកដែរ។ ម៉ាក់ប៉ាត្រូវ ប្រាកដថា កូនបៅយ៉ាងតិច ៣០ នាទីមុនពេលចូលគេង ដើម្បីកុំឱ្យកូនភ្ញាក់ពីគេងដោយសារឃ្លាន។ មួយវិញទៀត ចៀសវាងឱ្យកូនបៅឆ្អែតជ្រុលមុនពេលគេង។ ពេលកូនបៅរួច កុំដាក់កូនឲ្យគេងភ្លាម ត្រូវរឹតខ្នងកូនថ្នមៗដើម្បីឲ្យកូនភើសិន ជៀសវាងកូនមានបញ្ហារំលាយអាហារនៅពេលគេង ដូចជាក្អែ ឬ ក្អួតមកវិញ។
ទារកទាំងអស់មិនដូចគ្នាទេ ទារកខ្លះត្រូវការជំនួយច្រើនពីម៉ាក់ប៉ាដើម្បីជួយឱ្យគេងលក់។ ប៉ុន្តែទារកភាគច្រើននឹងវិវត្តទម្លាប់នៃការគេងទៅជាទៀងទាត់ទៅតាមពេលវេលា បើទោះបីជាទម្លាប់ទាំងនេះនឹងបន្តផ្លាស់ប្តូរនៅពេលពួកគេធំឡើងក៏ដោយ។
អត្ថបទគួរអាន៖
- អាអូនមិនព្រមពេលគេងថ្ងៃ ម៉ាក់ៗដោះស្រាយបែបណា?
- ៥ ចំណុច ជួយប៉ា់ម៉ាក់បង្កើតទម្លាប់គេងល្អដល់កូន
- ប៉ាម៉ាក់ចូលចិត្តឲ្យក្មេងលេងទូរសព្ទ មុនចូលគេង ប្រយ័ត្នលើសដើម!
- ទារកទើបកើតញញឹមពេលគេងលក់ មកពីមូលហេតុទាំងនេះ
- បើកូនគេងអត់តុក្កតាមិនបាន រករឿងច្រើន សាកវិធីទាំងនេះ
- ម៉ាក់ៗគួរដឹង មូលហេតុទាំង៥នេះ ធ្វើឲ្យអាអូនមិនគេង
ចំណុចសំខាន់
- បង្កើតទម្លាប់មុនពេលគេង
- សង្កេតមើលសញ្ញាកូនងងុយគេង
- បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព
- ផ្តល់ការលោងលោម
- បំបៅមុនពេលឱ្យកូនគេង
[embed-health-tool-vaccination-tool]