backup og meta

ពិតអត់? បំបៅ​ដោះតិចពេក កូន​អាច​កើត​ហឺត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 07

    ពិតអត់? បំបៅ​ដោះតិចពេក កូន​អាច​កើត​ហឺត?

    សុខភាព​មិន​រឹងមាំ មិន​ប្រាកដ​ថា​មិន​អាច​ធ្វើ​ជា​ម៉ាក់ៗ​នឹង​គេ​នោះ​ឡើយ។ អត្ថបទ​មុន “Hello គ្រូពេទ្យ” ធា្លប់​ប្រាប់​ស្រីៗ​គ្នា​យើង​រួច​ហើយ ជា​ពិសេស អ្នក​មាន​ជំងឺ​ហឺត​ចង់​មាន​ផ្ទៃ​ពោះ​យក​អាអូន​ម្នាក់​ពីរ​នាក់​នឹង​គេ ច្បាស់​ជា​យល់​ហើយ​ដែរ។ ការ​ផ្ដាច់​ដោះ​មិន​មែន​ចេះ​តែ​ធ្វើ​តាម​ចិត្ត​ចង់​ទេ។ ដឹង​ហើយ​ថា មាន​កត្តា​ច្រើន​យ៉ាង ដូច​ជា រវល់​ការងារ រក​ស៊ី ឬ​កត្តា​សុខភាព​ម្ដាយ​អត់​ល្អ ជា​ដើម។ ប៉ុន្តែ​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ដឹង​គឺ ការ​បំបៅដោះ​កូន​តិច​ជាង ៦ ខែ អាច​មាន​បញ្ហា​ច្រើន ធ្វើ​ឲ្យ​សុខភាព​ទារក​ខ្សោយ ឬ​អាច​​​បង្ក​ឲ្យ​កើត​​ហឺត រួម​ផ្សំ​ផល​លំបាក​ច្រើន​ទៀត។

    ១- អីទៅជាហឺត?

    ហឺត ជា​ជំងឺ​រ៉ាំរៃ​បណ្តាល​មក​ពី​រលាក​ផ្លូវ​ដង្ហើម​លេច​ចេញ​ជា​ការ​ក្អក ដក​ដង្ហើម​ឮ​សូរ​ងឺតៗ​ ឬ​ដង្ហក់​​​ញឹកញាប់ ហើយ​ច្រើន​កើត​មាន​អំឡុងវ័យក្មេង។ រោគ​សញ្ញា​ហឺត ចាប់​ផ្តើម​ពី​ស្រាល​ទៅ​ធ្ងន់​អាស្រ័យ​តាម​សុខភាព​យើង។ តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា អូនៗ​បៅ​ដោះ​ម៉ាក់ៗ​រយៈ​ពេល ៦ ខែ​ដំបូង មិន​ងាយ​ប្រឈម​នឹង​ជំងឺ​នេះ​ទេ។

    បំបៅដោះ

    ២- ម៉េចរយៈពេលបំបៅដោះទាក់ទងនឹងហឺត?

    តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា អូនៗ​មិន​បាន​បៅដោះ​ម៉ាក់ៗ ប្រឈម​ហានិភ័យ​កើត​​ហឺត​ប្រហែល​ ៥០% បើ​ធៀប​នឹង​អាអូន ដែល​បៅ​​​​ដោះ​ម្តាយ ​បាន​លើស ៦ ខែ។ បៅ​ទឹក​ដោះ​គោ​ អម​ជាមួយ​អាហារ​រឹង មាន ២០% អាច​លេច​ចេញ​រោគ​សញ្ញា​ដក​ដង្ហើម​ឮ​សូរ​ងឺតៗ បែប​នេះ​បំបៅ​អូនៗ​បាន​កាន់​តែយូរ​កាន់​តែ​អាច​ជួយ​ការពារ​អូនៗ​ពី​ការ​កើត​ហឺត។

    ៣- អ្វីជាអំណះអំណាងបញ្ជាក់លើការសិក្សានេះ?

    ក្មេងៗ​ជាង ៥ ពាន់​នាក់ ក្នុង​ប្រទេស​ហូឡង់ គឺ​ជា​អំណះ​អំណាង ដោយ​សុទ្ធ​ទទួល​ការ​សាក​សួរ​ពី​ក្រុម​ជំនាញ​ពាក់​ព័ន្ធ​ការ​បៅ​ដោះ និង​ទម្លាប់​ហូប​ចុក​របស់​ក្មេងៗ ក៏​ដូច​ជា​សួរ​នាំ​ប៉ាម៉ាក់​ពី​រោគ​សញ្ញា​ហឺត​កូន​ពី​អាយុ ១-៤ ឆ្នាំ ផង​ដែរ។ ការ​សិក្សា​រក​ឃើញ​ថា ក្មេងៗ ៩២,៣% បាន​បំបៅ​ដោយ​ទឹក​ដោះ ​ម៉ាក់ៗ ភាគ​ច្រើន​បំបៅ​ដោះ​អូនអូន​ចន្លោះ ៣ ខែ​កន្លះ​ប៉ុណ្ណោះ ក្នុង​នោះ ២១% ប៉ុណ្ណោះ​​បន្ត​​បំបៅ​អូន​អូន​ដល់ ៤ ខែ អាស្រ័យ​ដោយ​កត្តា​ម្ដាយ​រវល់​ផ្សេងៗ​គ្នា។

    ជា​លទ្ធ​ផល ក្មេងៗ​មិន​បាន​បៅ​ដោះ​ម៉ាក់ៗ មិន​ត្រឹមតែ​មាន​រោគ​សញ្ញា​ដក​ដង្ហើម​ឮ​សូរ​ទេ នៅ​មាន​រោគ​សញ្ញា​ពិបាក​ដក​ដង្ហើម​ ក្អក​ស្ងួត​ និង​មាន​ស្លេស​អំឡុង​ពេល ៤ ឆ្នាំ​ដំបូង ធៀប​ទៅ​នឹង​អូនៗ​បៅ​ដោះ​ម៉ាក់​បាន ៦ ខែ​យ៉ាង​តិច មាន​សុខភាព​ល្អ​ជាង។

    អត្ថបទគួរអាន៖

  • ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ?
  • អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
  • អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម
  • តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន
  • ៤- បំបៅដោះកូនតែមួយមុខគត់មានប្រយោជន៍អីខ្លះ?

    អ្នក​វិទ្យាសាស្រ្ត​នៅ​មិន​ទាន់​អាច​ពន្យល់​លម្អិត​ពី​មូលហេតុ​នៃ​ការ​បំបៅ​ដោះ​កូន​តែ​មួយ​មុខ ជួយ​ប្រឆាំង​នឹង​ជំងឺ​ហឺត ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​កន្លង​មក បំបៅ​ដោះ​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ក្មេង។ ហេតុ​នេះ​ម៉ាក់​ម៉ាក់គួរ​តែ​បំបៅ​ដោះ​អូនៗ​តែ​មួយ​មុខ​គត់​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ៤ ខែ។

    ទោះបី​ការ​សិក្សា​ខាង​លើ​ពុំ​សូវ​ជាក់​លាក់​ តែ​បំបៅ​ដោះ​កូន នៅ​តែ​មាន​អត្ថប្រយោជន៍​ខ្ពស់ ដូចជា​ កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ឆ្លង​លើ​អូនអូន មហារីក​ក្រពេញ​អូវែ មហារីក​សុដន់​លើ​ម៉ាក់​ម៉ាក់ ជាដើម។ ហេតុ​នេះ​ទោះ​បី​លំបាក​យ៉ាង​ណា ម៉ាក់ម៉ាក់​គ្រប់​រូប​គួរ​ព្យាយាម​បំបៅ​អូន​អូន​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Duk Panharat · កែ Mar 07

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម