រឿងបំបៅដោះកូន ស្តាប់ទៅងាយៗសម្រាប់ស្រីៗមានបទពិសោធពីមុន ប៉ុន្តែគ្នាយើងទើបមានកូនដំបូង បើគ្មានការណែនាំពីចាស់ៗ ច្បាស់ជាពិបាកបន្តិចហើយ ព្រោះមិនដឹងធ្វើម៉េចទើបកូនបៅបានស្រួល យើងក៏អាចទម្រេតស្រួលបន្តិច ពេលខ្លះអាចធ្វើឲ្យកូនឈ្លក់ក៏មាន។ បើមិនទាន់ចេះ ចាំ “Hello គ្រូពេទ្យ” បង្ហាញតិចនិកបំបៅដោះកូន ៤ យ៉ាងនេះ ប្រហែលជួយគ្នាយើងឲ្យបានស្រួលខ្លួនខ្លះ។
១- បំបៅកូនតាមវិធីទ្រដៃម្ខាង (Cradle Hold)
វិធីទ្រកូនដោយដៃម្ខាងបំបៅនេះ ជាទីតាំងល្អបំផុតសម្រាប់បំបៅ ដោយត្រូវមានកៅអីទ្រមួយ ឬគ្រែមានខ្នើយច្រើនកល់ជុំវិញ។ ដាក់ជើងនៅលើផ្ទៃខ្ពស់បន្តិចដើម្បីកុំឲ្យទារកផ្អៀង រក្សាកូនស្ថិតនៅទល់ដើមទ្រូង ប្រើកំភួនដៃម្ខាងទ្រកញ្ចឹងក ខ្នង និងគូទ។ ទីតាំងនេះ សមទារកមានវ័យរហូតដល់ ៦ ខែ។
២- បំបៅទារកតាមវិធីឱបផ្អិតដើមទ្រូង (Crossover Hold)
បើយើងកំពុងបំបៅកូនដោយសុដន់ខាងស្ដាំ សូមកាន់កូនដោយដៃខាងឆ្វេង និងបង្វិលរាងកាយកូនឲ្យជាប់ទ្រូង និងពោះកូនទល់នឹងទ្រូងយើង។ បញ្ចុកក្បាលសុដន់ថ្នមៗទៅក្នុងមាត់កូន ដោយប្រើម្រាមដៃ ទ្រនៅពីក្រោយក្បាល និងក្រោមត្រចៀករបស់ទារក។ ទីតាំងនេះជួយកូនបៅដោះបានល្អ។
[embed-health-tool-due-date]
៣- បំបៅទារកតាមវិធីឲ្យកូននៅចំហៀង (Clutch Hold)
វិធីបំបៅកូនបែបនេះ តម្រូវឲ្យដាក់កូននៅក្រោមដៃផ្នែកចំហៀងខាងឆ្វេង ឬស្ដាំក្រោមក្លៀក ទ្រដោយខ្នើយ។ ដាក់ច្រមុះកូនស្មើនឹងក្បាលដោះ ដើម្បីងាយស្រួលបៅដោះ និងទ្រកូនដោយដៃរបស់យើង ហើយទាញក្បាលដោះបញ្ចុកមាត់កូនថ្នមៗ។ វិធីបំបៅបែបនេះ សមស្របសម្រាប់កូននៅតូច ឬសម្រាប់មានកូនភ្លោះ មិនតែប៉ុណ្ណោះស្រីមានដោះធំ បំបៅកូនបែបនេះ ជាវិធីសាស្ត្រងាយស្រួលមួយ។
៤- បំបៅដោះទារកតាមវិធីបញ្ឈរកូន (Reclining Position)
ការបំបៅដោះបែបនេះ យើងត្រូវអង្គុយលើកៅអី ឬគ្រែមានអ្វីទប់ពីក្រោយខ្នង និងត្រគាក។ អ្វីដែលសំខាន់ គឺត្រូវរក្សាខ្នង និងត្រគាកឲ្យត្រង់ ហើយដាក់កូនបញ្ឈរនៅខាងមុខទល់នឹងទ្រូង មាត់ស្មើនឹងក្បាលសុដន់។ វិធីនេះសមស្របសម្រាប់ស្រីៗ ទើបឆ្លងកាត់ការសម្រាលកូនដ៏លំបាក។
សរុបមក យើងអាចជ្រើសរើសវិធីបំបៅកូនតាមរបៀបណាមួយដែលពេញចិត្ត ហើយចំពោះគ្នាយើងទើបមានកូនដំបូង គួរធ្វើពិសោធមើល រហូតរកឃើញវិធីណាបង្កភាពងាយស្រួលដល់យើង និងកូន។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?