ក្រោយពេលសម្រាលកូនរួចត្រូវបំបៅកូនដោយទឹកដោះទៀតនោះ ម៉ាក់ៗប្រឈមមុខនឹងបញ្ហាដើមទ្រូងយារធ្លាក់ ឬលែងហាប់ណែនដូចមុន។ បើទោះជាម៉ាក់ៗខ្លះមិនបំបៅកូនដោយទឹកដោះក៏ដោយ ក៏មិនអាចស្អាតដូចដើមបានដែរ ព្រោះពេលមានផ្ទៃពោះដើមទ្រូងរីកធំផ្ទុកទៅដោយទឹកដោះរួច ពេលស្រកទៅវិញគឺសភាពលែងដូចមុនហើយ។ មានម៉ាក់ៗ ៤ នាក់បានចូលខ្លួនមកចែករំលែកវិធីជួយឲ្យដើមទ្រូងនៅតែស្អាតដូចមិនទាន់មានកូនបាន។
១- ការហាត់ប្រាណ
បើតាមបទពិសោធ រ៉ាវ៉ានី ជាអាជីវករលក់សម្លៀកបំពាក់នៅផ្សារបឹងកេងកងបានឲ្យដឹងថា ក្រោយផ្ដាច់ដោះកូន អ្នកនាងបានជ្រើសរើសវិធីនេះ ដើម្បីយកទម្រង់ដើមទ្រូងពីមុនវិញ។ ម៉ាក់ៗវ័យក្មេង និងមានកូន ២ រូបនេះបានបន្ថែមថា ក្បាច់ហាត់ប្រាណជាច្រើនអាចជួយឲ្យដើមទ្រូងប្រែជាហាប់ណែនបាន តែត្រូវហាត់ឲ្យត្រឹមត្រូវតាមក្បួនខ្នាត។ ដូចនេះបើមិនចង់ស្វែងរកក្បាច់ហាត់ប្រាណណារញ៉េរញ៉ៃច្រើន អាចអាវ៉ង់ក៏បាន ដោយមួយថ្ងៃចំណាយពេលធ្វើ ១០ នាទីទៅបានហើយ ត្រូវព្យាយាមឲ្យបានខ្ជាប់ខ្ជួន ព្រោះវាចំណាយពេលយូរក្នុងទើបអាចមានដើមទ្រូងតឹងធំស្អាតមកវិញ។
២- ជ្រើសរើសអាវក្នុងត្រឹមត្រូវ
“ការបណ្ដោយខ្លួន មិនពាក់អាវក្នុងរហូតគ្រប់ពេល នាំឲ្យរីករយីករយាក ហើយស្របពេលកូនបៅរួចទាញទៀតនោះ សុដន់រឹតតែខូចទ្រង់ទ្រាយទាំងអស់។ ដូចនេះទោះជាកូននៅបៅក៏ដោយ ក៏មិនត្រូវបណ្ដោយខ្លួនទាំងគ្មានអាវក្នុងឡើយ ហើយរឿងកូនបៅក៏មិនត្រូវតាមចិត្តកូនក្នុងរូបភាពមិនសមរម្យដូចជាអង្គុយ ហើយទាញបៅ ឬកូនខាំអង្កៀមមិនដឹងពេលវេលាឡើយ”។ នេះជាការលើកឡើងរបស់អ្នកនាង ជ័យ សុដ្ឋា ដែលជាម្ចាស់ហាងសាឡនមួយកន្លែងនៅម្ដុំទួលគោក និងមានកូន ៣ នាក់ ហើយអ្នកស្រុកស្វាយអន្ទរខាងលើបន្តទៀតថា ការពាក់អាវក្នុងត្រូវឲ្យស៊ីជាមួយដើមទ្រូង និងមានអេប៉ុងជួយកល់ខ្លះ ទើបមិនធ្វើឲ្យយារធ្លាក់។
៣- ម៉ាស្សា
សន ប្រសិទ្ធិកា នារីវ័យក្បែរ ៤០ ឆ្នាំ តែសម្រស់ដើមទ្រូងនៅតែស្រស់ស្អាតដូចនារីវ័យក្មេងបានប្រាប់ពីអាថ៌កំបាំងមួយចំនួនឲ្យដើមទ្រូងនៅតែស្អាតបាន។ អ្នកស្រុកកំណើតបាត់ដំបងរូបនេះបន្ថែមថា យើងត្រូវប្រើប្រេងដូង ឬប្រេងអូលីវមកលាបលើបាតដៃទាំងសងខាង ហើយមកម៉ាស្សាទ្រូងទាំងពីរជុំវិញ ហើយពេលម៉ាស្សាត្រូវធ្វើយ៉ាងណារុញ និងទាញសុដន់ឲ្យបានយូរៗ។ អ្នកម្ដាយកូន ២ រូបនេះក៏បន្ថែមទៀតថា ក្នុងមួយសប្ដាហ៍យ៉ាងហោចណាស់ម៉ាស្សាឲ្យបាន ៥ ដង ហើយម្ដងត្រូវធ្វើ ៥-១០ នាទី។
[embed-health-tool-baby-poop-tool]
៤- របបអាហារ
ចំណុចនេះជាការចែករំលែករបស់អ្នកនាង តន់ កញ្ញា។ នាងបានបន្ថែមថាការញ៉ាំចំណីអាហារប្រភេទមានជាតិខ្លាញ់ច្រើន ទើបអាចជួយឲ្យសុដន់ធំស្អាតបានដែរ គ្រាន់តែពេលខ្លះពេលញ៉ាំដោយមិនមានរបៀបអាចធ្វើឲ្យធាត់បានដែរ។ ក្នុងនោះអ្នកម្ដាយវ័យក្មេងបានបញ្ជាក់ពីប្រភេទចំណីអាហារដែលគួរតែញ៉ាំដើម្បីជួយឲ្យទ្រូងធំ មានដូចជា សណ្ដែកដី ស្វាយចន្ទី ល្ង និងគ្រាប់ធញ្ញជាតិជាតិប្រេងផ្សេងទៀត សាច់ជ្រូក មាន់ រីឯផ្លែឈើវិញមានដូចជា ទទឹម ត្រសក់ស្រូវ ចំណែកពពួកភេសជ្ជៈគួតែជា តែ ឬកាហ្វេ ជាដើម។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?