បើម៉ាក់ៗ និងអូនៗ សុទ្ធតែពេញចិត្តការបំបៅដោះ យើងគួរបំបៅឲ្យបានយូរបំផុត តាមអាចធ្វើទៅបាន អាចបន្តបំបៅដោះដល់អូនៗមានអាយុ ១-២ ឆ្នាំ។ កុំឈប់បំបៅភ្លាមៗ បើម្ដាយ និងកូន មិនទាន់ត្រៀមខ្លួនរួចរាល់។ ការគាំទ្ររបស់ប៉ាៗ និងសមាជិកក្រុមគ្រួសារ កាន់តែជួយធ្វើឲ្យម៉ាក់ៗកាន់តែងាយស្រួលបន្តបំបៅដោះអូនៗឲ្យបានយូរ។
៤- គួរធ្វើម៉េចពេលរវល់ខ្លាំង?
ពេលខ្លះយើងអាចរងសម្ពាធពីគ្រួសារ មិត្តភក្កិ និងការងារ ធ្វើឲ្យសម្រេចចិត្តឈប់បំបៅដោះកូនមុនពេលកំណត់។ ហេតុនេះការសម្រេចចិត្តឈប់ ឬបន្ត គឺអាស្រ័យលើយើងតែម្នាក់គត់។ ព្យាយាមកុំឲ្យនរណាម្នាក់ ឬអ្វីមួយជ្រៀតជ្រែកការសម្រេចចិត្តរបស់យើងឲ្យសោះ។
ម៉ាក់ៗមួយចំនួនគិតថា ពេលត្រូវត្រឡប់ចូលធ្វើការវិញ ក៏ជាពេលត្រូវឈប់បំបៅដោះអូនៗដែរ។ ការពិតទៅ គ្នាយើងភាគច្រើន រាប់បញ្ចូលទាំងម៉ាក់ៗបំបៅដោះផ្ទាល់ និងបំបៅដោយដប បានជ្រើសយកវិធីបន្តបំបៅដោះអូនៗ បើទោះជាចូលធ្វើការវិញក្តី ថែមទាំងទទួលបានជោគជ័យទៀតផង។