backup og meta

ជំនាញសង្គមទាំង៥ ប៉ាម៉ាក់គួរ​បង្រៀនកូនៗឲ្យចេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 07, 2023

    ជំនាញសង្គមទាំង៥ ប៉ាម៉ាក់គួរ​បង្រៀនកូនៗឲ្យចេះ

    ជំនាញសង្គមបង្រៀនឱ្យកុមារឱ្យចេះទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន និងដោះស្រាយបញ្ហា​ប្រឈម​ប្រចាំថ្ងៃ។ ជាពិសេស កុមារដែលមានជំនាញសង្គមល្អងាយនឹងជោគជ័យក្នុងការសិក្សាណាស់។ អ៊ឹចឹងម៉ាក់ប៉ាគួរបង្រៀនជំនាញសង្គមអ្វីខ្លះដល់កូនៗ?

    ជំនាញ​សង្គម​មិនត្រឹមតែជួយឱ្យអាអូន​ជោគជ័យ​ក្នុងការសិក្សារទេ​ ថែមទាំង​ជួយ​ឱ្យ​អាអូនមាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ទៀតផង​។ ខាង​ក្រោម​នេះ​ជា​ជំនាញ​សង្គម​សំខាន់ៗ​ទាំង ៥ ដែល​កុមារគួរចេះ។

    ១. សុជីវធម៌

    កុមារដែលចេះសុជីវធម៌តែងតែត្រូវបានអ្នកនៅជុំវិញខ្លួនស្រឡាញ់ ចូលចិត្ត និងរាប់អាន ហើយ​អាច​ចូលរួមក្នុងសង្គមគ្រប់កាលៈទេសៈ មិនថាចូលរួមពិធីបុណ្យទាន ទៅញ៉ាំ​អី​នៅ​ខាង​ក្រៅ​ ទៅរៀន ឬចូល​បណ្ណល័យ។

    ការមានសុជីវធម៌ធ្វើឱ្យអាអូនងាយចុះសម្រុង និងបង្កើតទំនាក់ទំនង​ជាមួយ​​អ្នក​ដទៃ។ ម៉ាក់ប៉ាអាចបង្រៀនឱ្យអាអូននិយាយពាក្យសុជីវធម៌ដូចជា “ចាស” “បាទ” “អរគុណ” “ជួយ” “សូម”, ឬ “សូមទោស” ជាដើម។

    ២. ការចែករំលែក

    ការចែករំលែកគឺជារឿងពិបាកសម្រាប់កុមារ ព្រោះអាអូនផ្តោតលើតម្រូវ​ការផ្ទាល់ខ្លួន​ជាជាង​តម្រូវ​ការ​របស់អ្នកដទៃ។ ម្យ៉ាងទៀត អ្វីដែលជា “កម្មសិទ្ធិ” របស់អាអូន គឺ​​មិនងាយនឹងឱ្យ ឬចែក​រំលែក​ជាមួយអ្នកដទៃទេ។

    ទោះបីជាយ៉ាងណាក៏ដោយ ការបង្រៀនកុមារឱ្យចេះចែករំលែកនំ ឬប្រដាប់លេង​ជាមួយ​អ្នកដទៃ ឬមិត្តភ័ក្តធ្វើឱ្យអាអូនចេះយកចិត្តទុកដាក់ជាមួយអ្នកនៅជុំវិញខ្លួន មានមិត្តភ័ក្តច្រើន អាច​ថែ​រក្សាចំណងមិត្តភាព មានគេចូលចិត្ត និងស្រឡាញ់ច្រើន​ដែលធ្វើឱ្យអាអូន​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង

    យ៉ាងណាមិញ ម៉ាក់ប៉ាមិនគួរបង្ខំអាអូនឱ្យចែករំលែករបស់ជាមួយអ្នកដទៃទេ ប្រសិនបើអាអូន​មិន​ព្រម។ ម៉ាក់ប៉ាគួរព្យាយាមលួង និងនិយាយហេតុផលប្រាប់អាអូន។

    ពេលម៉ាក់ប៉ាឃើញអាអូន​ចេះ​ចែក​រំលែកនំ ឬរបស់លេងជាមួយបងប្អូន ឬមិត្តភក្តិ ម៉ាក់ប៉ាត្រូវពោល​ពាក្យ​សរសើរ​ដើម្បី​​ជា​ការ​លើកទឹកចិត្ត​កូន​។

    ៣. ជំនាញស្តាប់

    ការប្រាស្រ័យទាក់ទង​គ្នា​មានសារៈសំខាន់សម្រាប់ការបង្កើតទំនាក់ទំនងសង្គមណាស់ ហើយការស្តាប់​គឺជាផ្នែក​សំខាន់នៃការប្រាស្រ័យទាក់ទងគ្នា។

    ម៉ាក់ប៉ាអាចបង្រៀន​ជំនាញស្តាប់​ដល់អាអូនដោយ​បង្រៀនអាអូនយកចិត្តទុកដាក់ស្តាប់​ឱ្យយល់ពីព័ត៌មានដែលអ្នកដទៃកំពុងនិយាយ និង​ចេះ​រង់​ចាំ​ដល់​វេនខ្លួននិយាយ និងកុំកាត់សម្តីអ្នកដទៃ។

    ជំនាញស្តាប់

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៤. ការធ្វើតាមការណែនាំ

    កុមារត្រូវរៀនធ្វើតាមការណែនាំដើម្បីអាចធ្វើកិច្ចការសាលា កិច្ចការផ្ទះ ប្រឡង ឬលេងជាមួយ​មិត្តភក្តិ។ កុមារដែលអាចធ្វើតាមការណែនាំបានមានសមត្ថភាពក្នុងការស្តាប់ យល់ពីអ្វីដែល​គេចង់​ឱ្យធ្វើ និងធ្វើតាមទាន់​ពេល។

    ក្មេងតូចៗងាយនឹងបែកអារម្មណ៍ ប្រញាប់ប្រញាល់ ឬឆាប់ភ្លេចណាស់ ដូច្នេះពេលបង្រៀន​អូនតូច​ឱ្យ​ធ្វើតាមការណែនាំ ម៉ាក់ប៉ាត្រូវប្រាប់​អាអូន​ម្តងមួយៗ ចៀសវាង​ប្រាប់ការណែនាំ​ច្រើន​ក្នុងពេលតែ​មួយ។

    ឧទាហណ៍ ម៉ាក់ប៉ាអាចប្រាប់អាអូនឱ្យបិទទូរទស្សន៍សិន ចាំប្រាប់​អាអូន​ឱ្យបិទកង្ហារ និង​ចុង​ក្រោយ​ឱ្យអាអូនយកតេឡេទូរទស្សន៍ទៅទុកលើតុ។

    ម៉ាក់ប៉ាអាចបង្រៀនអាអូនឱ្យធ្វើតាមការណែនាំដោយលើកឧទាហរណ៍ តាមដាន​ការវិឌ្ឍន​របស់​កូន​ និងលើកកំហុសរប​ស់​អាអូនមកបង្រៀនវិញ។

    ៥. ការសហការ

    ការចេះសហការជាមួយអ្នកដទៃ គឺជាគន្លឹះនៃភាពជោគជ័យក្នុងរាល់កិច្ចការងារ។ ការចេះ​សហការ​អាចធ្វើឱ្យអាអូនទទួលបានការគោរពពីសមាជិក​ក្រុម រៀនចេះដោះស្រាយបញ្ហា អនុវត្ត​ជំនាញទំនាក់ទំនង ជំនាញស្តាប់ ចេះចែករំលែក ចេះជួយ និងចេះទទួលយកយោបល់អ្នកដទៃ។

    ម៉ាក់ប៉ាអាចបង្រៀនអាអូនឱ្យអាអូនសហការជាមួយបង ប្អូន ឬមិត្តភក្តិដើម្បី​ផាត់គំនូរ​មួយផ្ទាំង​ឱ្យ​រួច។

    ជំនាញសង្គមអាចជួយឱ្យអាអូន​ជោគជ័យ​ក្នុងជីវិតនៅ​ពេល​អនាគត។ កាលណាអាអូនមានជំនាញ​សង្គមកាន់តែខ្លាំង អាអូននឹងមានទំនាក់ទំនងច្រើនក្នុងសង្គម។ ដូច្នេះ ម៉ាក់ប៉ាគួរបង្រៀន និងឱ្យកូន​អនុវត្តជំនាញ​សង្គមរាល់ថ្ងៃតាមរយៈសកម្មភាពប្រចាំថ្ងៃ និងធ្វើគំរូឱ្យអាអូនមើល។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ខាង​ក្រោម​នេះ​ជា​ជំនាញ​សង្គម​សំខាន់ៗ​ទាំង ៥ ដែល​កុមារគួរចេះ៖
    • សុជីវធម៌
    • ការចែករំលែក
    • ជំនាញស្តាប់
    • ការធ្វើតាមការណែនាំ
    • ការសហការ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម