backup og meta

បើកូនមានទម្លាប់ញ៉ាំច្រើនជ្រុល គួរបញ្ឈប់ទម្លាប់អាក្រក់នេះម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 11, 2023

    បើកូនមានទម្លាប់ញ៉ាំច្រើនជ្រុល គួរបញ្ឈប់ទម្លាប់អាក្រក់នេះម៉េច?

    បញ្ហា​រើស​ចំណី​អាហារ យើង​សង្កេត​ឃើញ​ហើយ​កូន​ក្មេង​ភាគ​ច្រើន​ជួប​បញ្ហា​នេះ ចំណែក​ក្មេង​ខ្លះ​ទៀត ចំណី​អី​ក៏​មិន​រើស​ដែរ ដាក់​បានៗ។ ចំពោះ​​​ក្មេង​ញ៉ាំ​អាហារ​អី​ក៏​បាន ពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង យើង​ឃើញ​មាត់​មិន​ទំនេរ​ទេ តែ​អា​អូន​ញ៉ាំ​រហូត​អ៊ីចឹង​អាច​ប្រឈម​នឹង​បញ្ហា​ញ៉ាំ​ច្រើន​​ហួស​កំណត់ មិន​ល្អ​ឡើយ។

    ការ​ញ៉ាំ​ច្រើន​ហួស​កំណត់​អាច​ធ្វើ​ឲ្យ​អូន​តូច​លើស​ទម្ងន់​ស្តង់ដារ ហើយ​កាលណា​ក្មេង​លើស​ទម្ងន់​កាន់​តែ​ច្រើន អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា ជំងឺ​បេះដូង ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម កូលេស្ដេរ៉ូល​ខ្ពស់ ជំងឺ​ហឺត ការ​គេង​បាត់​ដង្ហើម និង​ប្រឈម​កើត​ជំងឺ​មហារីក​ប្រភេទ​មួយ​ចំនួនផង​ដែរ។

    បើ​កូន​មាន​បញ្ហា​ញ៉ាំ​ច្រើន​លើស​កំណត់ ម៉ាក់​ប៉ា​គួរ​ដោះ​ស្រាយ​បែប​ណា?

    ម៉ាក់​ប៉ា​គួរ​ជំរុញ​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​ល្អៗ ដោយ​ក្លាយ​ជា​គំរូ​ដ៏​ល្អសម្រាប់​កូន​ទៅ​លើ​ការ​ញ៉ាំ​អាហារ និង​ការ​ហាត់​ប្រាណ។ បន្ថែម​ពី​លើ​នេះ យើង​អាចមាន​វិធីមួយចំនួន​​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​កូន​ញ៉ាំ​អាហារ​លើស​​កំណត់​ក៏​បាន​ដោយ៖

    កុំ​រំលង​អាហារ​ពេល៖ ព្យាយាម​កំណត់​ម៉ោង​អាហារ​ពេល និង​អាហារ​សម្រន់​​ឲ្យ​ទៀង​ទាត់​ជា​ប្រចាំ ព្រោះ​មិន​ថា​ចាស់ ឬ​ក្មេង​ទេ ឲ្យ​តែ​ពេល​ឃ្លាន​រមែង​ញ៉ាំ​អាហារ​លើស​កំណត់។

    រៀន​ញ៉ាំ​អាហារ​ល្អៗ៖ លើក​ទឹក​ចិត្ត​ឲ្យ​កូន​តាម​ដាន​អាហារ​ដែល​ពួក​គេ​ញ៉ាំ​រាល់​ថ្ងៃ និង​សម្គាល់​អារម្មណ៍​ពេល​ដែល​ញ៉ាំ​ឆ្អែត។

    សម្គាល់​មូលហេតុ​ធ្វើ​ឲ្យ​កូន​ញ៉ាំ​លើស៖ ជួយ​កូន​ចៀស​ឆ្ងាយ ឬ​គ្រប់​គ្រង​មូលហេតុ​ធ្វើ​ឲ្យ​អា​អូន​ញ៉ាំ​លើស​កំណត់ ព្រោះ​ស្ត្រេស​ក៏​អាច​ធ្វើ​ឲ្យ​កូន​ញ៉ាំ​លើស​ទម្ងន់​បាន​ដែរ យក​ល្អ​ជួយកូន​កាត់​បន្ថយ​ស្ត្រេស​តាម​រយៈ​ការ​លេង ឬស្ដាប់​តន្ត្រី​ជាដើម។

    បង្កើន​សកម្មភាព​ជា​គ្រួសារ៖ ការ​រត់​ប្រលែង​គ្នា​លេង ឬ​នាំ​កូន​ហាត់​ប្រាណ​​ក៏​អាច​ជួយ​កូន​រក្សា​ទម្ងន់​បាន​ល្អ និង​ជួយ​ឲ្យ​សុខភាព​ទូទៅ​កូន​ល្អ​ផង​ដែរ។

    កត្តាមិនគួរមើលរំលង បង្កអតុល្យភាពបាក់តេរីល្អ អាក្រក់ក្នុងពោះវៀន​កូនៗ

    ក្រពះ​ពោះវៀន​កូន​សុខភាព​ល្អ មាន​នាទី​ជា​រនាំង​ប្រឆាំង​នឹង​បាក់តេរី​អាក្រក់ ពង្រឹង​ការ​រំលាយ​អាហារ និង​ជួយ​គាំ​ទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អូន​ៗ។ នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ជា​ជម្រក​ ៧០% នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ហើយ​មាន​បាក់តេរី​រាប់​រយ​លាន​ទាំង​ល្អ និង​អាក្រក់។

    កត្តា​អ្វី​ខ្លះបង្ក​អតុល្យភាព​បាក់តេរី​ល្អ និង​អាក្រក់​ក្នុង​ពោះវៀន​កូន​​?

    ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា កូន​ក្មេង​អភិវឌ្ឍ​មីក្រូសរីរាង្គ​ក្នុង​ពោះវៀន​តាំង​ពី​នៅ​​ក្នុង​ផ្ទៃ​ម្ដាយ និង​ពេល​ដំបូង​នៃ​កុមារភាព ហើយ​គ្រប់​ក្មេង​ទាំង​មិន​មាន​បាក់តេរី​ក្នុង​ពោះ​វៀន​មិន​ដូច​គ្នា​ទេ។ កត្តា​ជា​ច្រើន​អាច​បង្ក​អតុល្យ​​​​ភាព ឬ​ភាព​មិន​ស្មើ​គ្នា​នៃ​បាក់តេរី​ល្អ និង​មិន​ល្អ​ក្នុង​ក្រពះ​ពោះវៀន​កូន​បាន​ដូច​ជា៖

    • ការ​ឆ្លង​មេរោគ
    • ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ
    • ការ​មាន​របប​អាហារ​គ្មាន​សុខភាព​ល្អ
    • ការ​មាន​ភាព​តាន​តឹង​ខ្ពស់

    បន្ថែម​ពី​លើ​នេះ ការ​មាន​ភាព​មិន​ស្មើ​គ្នា​នៃ​បាក់តេរី​ក្នុង​ពោះវៀន​កូន (ពាក្យ​បច្ចេកទេស Dysbiosis) ក៏​មាន​ទំនាក់​ទំនង​ទៅ​នឹង​បញ្ហា​សុខភាព​ទូទៅ​មួយ​ចំនួន​ទៀត​ផង​ដែរ។ មាន​ការ​លើក​ឡើង​មួយ​ចំនួន​ថា ពោះវៀន​អតុល្យភាព​បាក់តេរី​អាច​ប៉ះពាល់​ទៅ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ សុខភាព​ស្រទាប់​ពោះវៀន និង​អាច​បណ្ដាល​ឲ្យ​កើត​ជា​បញ្ហា​លើ​ប្រព័ន្ធ​រំលាយ​អាហារ​មួយ​ចំនួន​ទៀត​ដូច រលាក​ពោះវៀន និង​លើស​ទម្ងន់​ជាដើម។

    ហេតុ​នេះ​ហើយ ដើម្បី​ឲ្យ​ពោះវៀន​កូន​មាន​សុខភាព​ល្អ យើង​គួរ​តែ​រៀប​ចំ​របប​អាហារ​ល្អ​ដល់​កូន​ជា​ប្រចាំ​ថ្ងៃ ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​លើ​កូន។ តិចនិក​មួយ​ក្នុង​ការ​ថែ​សុខភាព​ក្រពះ​ពោះវៀន​កូន​បាន​ល្អ​ម៉ាក់​ប៉ា​ចាំ​បាច់​ដឹង​នោះ​គឺ ត្រូវ​បន្ថែម​អាហារ​មាន​ជាតិ​កាក​សរសៃ​ច្រើន​ឲ្យ​កូន មាន Probiotic ឬPrebiotics ឬ​មួយ​ក៏​អាច​ជ្រើស​យក​​ភេសជ្ជៈ​ដូច​ជា ទឹក​ដោះ​គោ​មាន​ផ្ទុក​រូបមន្ត​ពិសេស SYNBIOTICS ឲ្យ​កូន​ញ៉ាំ​រាល់​ថ្ងៃ​ក៏​បាន។

    ចំណុចសំខាន់

    ម៉ាក់ប៉ាអាច​ប្រើ​ក្បួន​ដូចខាងក្រោម ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​កូន​ញ៉ាំ​អាហារ​ហួស​កំណត់​៖
    • កុំ​រំលង​អាហារ​ពេល
    • រៀន​ញ៉ាំ​អាហារ​ល្អៗ
    • សម្គាល់​មូលហេតុ​ធ្វើ​ឲ្យ​កូន​ញ៉ាំ​លើសកំណត់
    • បង្កើន​សកម្មភាព​ជា​គ្រួសារ
    កត្តា​ដែល​អាច​បង្ក​អតុល្យភាព ឬ​ភាព​មិន​ស្មើ​គ្នា​នៃ​បាក់តេរី​ល្អ និង​មិន​ល្អ​ក្នុង​ក្រពះ​ពោះវៀន​កូន​មានដូចជា៖
    • ការ​ឆ្លង​មេរោគ
    • ការ​ប្រើ​ប្រាស់​ថ្នាំ​អង់ទីប៊ីយូទិក
    • ការ​មាន​របប​អាហារ​គ្មាន​សុខភាព​ល្អ
    • ការ​មាន​ភាព​តាន​តឹង​ខ្ពស់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 11, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម