រដូវធ្លាក់ភ្លៀង ក៏ជារដូវជំងឺគ្រុនឈាមផងដែរ ដែលភ្នាក់ងារចម្លងជំងឺគ្រុនឈាមគឺមូសខ្លាញី ហើយនោះជាក្ដីកង្វល់របស់ម៉ាក់ប៉ាគ្រប់គ្នា ព្រោះពេលក្ដៅខ្លួន និងមានស្នាមអុជក្រហមលើស្បែកតូចៗទៀតនោះ គឺគិតដល់គ្រុនឈាមនេះមុនគេ។ ប៉ុន្តែប្រសិនបើម៉ាក់ប៉ាចេះមើលចំណុចក្រហមនេះ ពិតជាអាចសន្និដ្ឋានបាន និងអាចនាំកូនទៅជួបគ្រូពេទ្យទាន់ពេលវេលា។
លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅ Singapore Medical Center បានឲ្យដឹងថា រោគសញ្ញាគ្រុនឈាមមិនមែនត្រឹមតែស្នាមក្រហមនោះប៉ុណ្ណោះទេ មានច្រើនទៀតដូចជាក្ដៅខ្លួនពី ៣៩-៤០ អង្សារសេ មុខក្រហម ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួត ឬក្អួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ហូរឈាមតាមអញ្ចាញធ្មេញជាដើម។
ក្នុងករណីសង្កេតឃើញកូនក្ដៅខ្លួន ហើយមានស្នាមអុជក្រហមលើស្បែក បើចង់ដឹងថាគ្រុនឈាម ឬមិនមែន អាចទាញស្បែកកន្លែងកន្ទួលក្រហមនោះ បើជាមូសខាំ ឬសត្វខាំ ពេលទាញទៅនឹងឃើញសមកវិញ តែបើគ្រុនឈាម ដោយសារហូរឈាមក្រោមស្បែក ទាញទៅក៏នៅតែក្រហមដដែល។
វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនោះបន្តទៀតថា នេះគ្រាន់តែជារបៀបបែងចែកបណ្ដោះអាសន្នប៉ុណ្ណោះ ហើយការការព្យាបាល និងតាមដានរោគសញ្ញាទុកជាតួនាទីគ្រូពេទ្យ។ ការចែករំលែកវិធីទាញមើលស្នាមនេះ គ្រាន់តែឲ្យម៉ាក់ប៉ាចេះមើល និងអស់ការសង្ស័យចំពោះរោគសញ្ញានៃជំងឺរបស់កូនប៉ុណ្ណោះ។
[embed-health-tool-vaccination-tool]