ជំងឺគ្រុនឈាមជាតួឯកនៅរដូវភ្លៀងធ្លាក់ ដែលយាយី និងរាតត្បាតលើកុមារធ្ងន់ធ្ងរកាលពីឆ្នាំ ២០១៩ កន្លងទៅដោយសារមូសខ្លាញីខាំ។ អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី បានឲ្យដឹងថា ជំងឺគ្រុនឈាមចែកចេញជា ៣ដំណាក់កាលសំខាន់ៗ ហើយម៉ាក់ប៉ាត្រូវដឹងពីរោគសញ្ញានៅដំណាក់កាលទី១ ឬដំបូងឲ្យបានច្បាស់ ទើបកូនមិនធ្ងន់ធ្ងរ គ្រូពេទ្យអាចជួយសង្គ្រោះបាន។ តើដំណាក់កាលនីមួយៗមានអ្វីខ្លះ?
ជំងឺគ្រុនឈាមដំណាក់កាលទី១
ជាដំណាក់កាលក្តៅខ្លួន មានរយៈពេល៣ថ្ងៃដំបូង ដែលក្មេងក្តៅខ្លួនខ្លាំង ដាក់ថ្នាំយ៉ាងណាក៏មិនត្រជាក់ខ្លួន។ ឧ. កុមារឡើងកម្តៅដល់ ៤០ អង្សារសេ ដាក់ថ្នាំបញ្ចុះកម្តៅទៅយ៉ាងច្រើនចុះ១អង្សារសេប៉ុណ្ណោះ។ សញ្ញាទី២ ក្មេងអាចឈឺពេញពោះ ពិសេសផ្នែកខាងស្តាំ នៃឆ្អឹងជំនីរ ក្មេងមិនសូវញ៉ាំ មិនសូវលេង ត្របកភ្នែកខាងក្នុងក្រហមខ្លាំងជាងធម្មតា ឈឺឆ្អឹង គេងមិនស្ងប់ ឬក៏គេងច្រើនជាងមុន និងមានស្នាមអុចក្រហមតូចៗនៅលើស្បែក ដែលស្នាមនេះខុសពីស្នាមមូសខាំ ដោយយកដៃញែកមិនបាត់ក្រហមនោះទេ។
[embed-health-tool-vaccination-tool]
ដោយហេតុថា អាការៈខាងលើអាចច្រឡំនឹងជំងឺផ្សេងៗ លោកវេជ្ជបណ្ឌិតបានលើកឡើងពីចំណុចពិសេសនៃរោគសញ្ញាជំងឺគ្រុនឈាមដំណាក់កាលដំបូង ដែលអាចឲ្យម៉ាក់ប៉ាងាយស្រួលចំណាំបំផុត គឺក្មេងក្តៅខ្លួន៣ថ្ងៃ ហើយចាប់ផ្តើមចុះត្រជាក់វិញ តែអាការៈផ្សេងៗនៅតែមិនធូរ បានន័យថាក្មេងនៅគេងសន្លឹម មិនសូវលេង មិនសូវញ៉ាំដដែល ម៉ាក់ប៉ាត្រូវប្រញាប់នាំជួបគ្រូពេទ្យ។
ជំងឺគ្រុនឈាមដំណាក់កាលទី២
ជាដំណាក់កាលក្មេងចាប់ត្រជាក់ខ្លួន ប៉ុន្តែសុខភាពក្មេងមិនទាន់ស្រួលនោះទេ ហើយរោគសញ្ញាដែលកើតចេញនៅដំណាក់កាលទី១ នៅមានដដែល តែរាងធ្ងន់ជាងមុន។ ឧ. ក្មេងឈឺពោះជាងមុន ក្មេងធ្លាប់តែដេកសន្លឹម ទៅជាឡេះឡះ អាចមានហូរឈាមច្រើនជាងមុន ជីពចរមិននឹងនរ សម្ពាធឈាមធ្លាក់ចុះ ស្ហុក ត្រជាក់ចុងដៃជើង។ ដំណាក់កាលទី២នេះ ជាដំណាក់កាលធ្ងន់ធ្ងរ ក្មេងអាចហូរឈាមខ្លាំង ឈាមអាចខាប់ក្នុងសរសៃឈាម តែឈាមហ្នឹងចេញក្នុងខ្លួន ធ្វើឲ្យហើមសួត ក្មេងហត់ ប៉ះពាល់ទៅលើតម្រងនោម ថ្លើម ខួរក្បាល និងអាចធ្វើឲ្យក្មេងស្លាប់។
ជំងឺគ្រុនឈាមដំណាក់កាលទី៣
ជាដំណាក់កាលជាសះស្បើយ អាចអំឡុងថ្ងៃទី៦-៧ នៃការកើតជំងឺគ្រុនឈាម។ ដំណាក់កាលទី៣នេះ ក្មេងមានសុខភាពល្អ ចាប់ផ្តើមលេងញ៉ាំដូចធម្មតាវិញ ឯសម្ពាធឈាម និងជីពចរល្អឡើងវិញ កម្តៅធម្មតា តែជួនកាលក្មេងអាចចេញកន្ទួលអុចៗច្រើនជាងមុន និងមានរមាស់ តែមិនមានធ្វើទុក្ខអ្វីនោះទេ ម៉ាក់ប៉ាមិនបាច់បារម្ភនោះទេ វាជាដំណាក់កាលជាសះស្បើយប៉ុណ្ណោះ។
ខាងក្រោមនេះជាកិច្ចសម្ភាសលម្អិតអំពី ជំងឺគ្រុនឈាម និងវិធីការពារ ជាមួយនឹងលោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ។
https://www.facebook.com/hellokrupet/videos/1147352365652079/
ស្វែងយល់បន្ថែមពីជំងឺគ្រុនឈាមផ្សេងទៀត៖
- Dengue Fever (ជំងឺគ្រុនឈាម)
- សញ្ញាងាយកត់ចំណាំបំផុត បើកូនកើតជំងឺគ្រុនឈាម
- ក្រៅពីគ្រុនឈាម ជំងឺមួយចំនួនសុទ្ធតែអាចចម្លងដោយសារមូសខាំ
- ក្ដៅខ្លួន បូកសញ្ញារួមផ្សំទាំងនេះទៀត កូនអាចគ្រុនឈាមធ្ងន់ ប្រញាប់រកពេទ្យ
- អាហារទាំង៤នេះ ល្អសម្រាប់អ្នកទើបជាពីជំងឺគ្រុនឈាម
- កើតជំងឺគ្រុនឈាម អាចតេស្តដឹងនៅថ្ងៃទី១ទេ?
ចំណុចសំខាន់
– ដំណាក់កាលទី១
- ក្តៅខ្លួនមានរយៈពេល៣ថ្ងៃដំបូង
- ឈឺពេញពោះ
- ត្របកភ្នែកខាងក្នុងក្រហមខ្លាំងជាងធម្មតា
- ឈឺឆ្អឹង
- គេងមិនស្ងប់ ឬក៏គេងច្រើនជាងមុន
- និងមានស្នាមអុចក្រហមតូចៗនៅលើស្បែក
- ចាប់ត្រជាក់ខ្លួន
- ឡេះឡះ
- ជីពចរមិននឹងនរ
- សម្ពាធឈាមធ្លាក់ចុះ
- ត្រជាក់ចុងដៃ
- អាចមានហូរឈាមច្រើនជាងមុន
- អាចអំឡុងថ្ងៃទី៦-៧ នៃការកើតជំងឺគ្រុនឈាម
- កម្តៅធម្មតា
- សម្ពាធឈាម និងជីពចរល្អឡើងវិញ
- អាចចេញកន្ទួលអុចៗច្រើនជាងមុន