កន្ទួលរមាស់អាចកើតឡើងញឹកញាប់ដោយសារតែការបង្ករោគដោយវីរុស ជាពិសេស គឺកើតមានចំពោះក្មេងតូច។ អុតស្វាយ (Chickenpox) កន្ទួលរមាស់ក្រហម និងជំងឺកើតលើដៃជើងនិងមាត់ គឺសុទ្ធតែជាជំងឺដែលកើតមានញឹកញាប់បង្កដោយវីរុស។ កន្ទួលរមាស់ដែលបង្កឡើងដោយវីរុស ជាទូទៅអាចសំគាល់ឃើញបានដោយសង្កេតលើចំណុចរមាស់តូចៗពណ៌ផ្កាឈូក ចេញនៅ ពេញរាងកាយ និងមានរោគសញ្ញាដូចជា គ្រុនក្ដៅ និងរាករូស។
ទោះបីជាកន្ទួលរមាស់ដែលបង្កឡើងដោយវីរុសភាគច្រើនបាត់ទៅវិញដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែអាចធ្វើឲ្យកូនយើងមានអារម្មណ៍មិនស្រួល ជាពិសេសនៅពេលដែលកើតអុតស្វាយតែម្ដង។ ការគ្រប់គ្រងកុំឲ្យមានរមាស់ គឺជារឿងសំខាន់ដែលត្រូវធ្វើ ព្រោះថាការអេះរមាស់ទាំងនោះ អាចបង្កឲ្យទៅជាការបង្ករោគទីពីរដោយសារតែបាក់តេរី ហើយនិងធ្វើឲ្យមានស្នាម។
ខាងក្រោមនេះ គឺជាវីធីសាស្ត្រខ្លះៗដែលយើងអាចធ្វើបានដើម្បីជួយកូនយើងកាន់តែប្រសើរ និងការពារការអេះរមាស់ឲ្យស្ថិតក្នុងសភាពអាចគ្រប់គ្រងបាន។
១- ងូតទឹក
ការងូតទឹកអាចជួយបន្ថយអាការរមាស់បាន។ សូមងូតទឹករយៈពេលពី២០ ទៅ៣០នាទី ឲ្យបានច្រើនដងដើម្បីរក្សាអនាម័យ និងកាត់បន្ថយការរមាស់ស្បែក។ យើងអាចបន្ថែម ម្សៅ Oatmeal មួយដៃពេញ ចូលទឹកដើម្បីអាចជួយសម្រួលអាការៈរមាស់នោះកាន់តែច្រើន។ យើងក៏អាចមានផលិតផលសម្រាប់ងូតទឹកមួយចំនួនដែលមានម្សៅ Oatmeal នៅក្នុងនោះដែលយើងអាចរកទិញបានដោយមិនចាំបាច់វេជ្ជបញ្ជា។
មិនត្រូវប្រើសាប៊ូឡើយ ឬបើប្រើត្រូវប្រើសាប៊ូដែលខ្សោយ ប្រើសម្រាប់ស្បែកមានប្រតិកម្ម ឬសម្រាប់ទារក។ យើងត្រូវជួយឬប្រាប់កូនឲ្យផ្ដិតទឹកនៅលើស្បែកឲ្យស្ងួតបន្ទាប់ពីងូតទឹករួច ហើយមិនត្រូវជូតស្បែកខ្លាំងៗឡើយ។
អត្ថបទពាក់ព័ន្ធ:
- ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង?
- កើតស្អូច ឬអុតស្វាយពេលពពោះគ្រោះថ្នាក់ខ្លាំង តើអាចចាក់វ៉ាក់សាំងទាំងនេះពេលពពោះបានអត់?
- គ្រោះថ្នាក់ខ្លាំង បើកូនកើតស្អូច ឬអុតស្វាយ ត្រាំទឹករុក្ខជាតិ និងខ្ចៅខ្យងឲ្យងូត
- អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក
- នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល
២- បិទគ្របបន្ទះត្រជាក់
យើងអាចបិទបន្ទះត្រជាក់លើកន្លែងរមាស់ ដោយយើងអាចប្រើក្រណាត់ទន់ និងងាយស្រូបទឹក។ ជ្រលក់ក្រណាត់ទៅក្នុងទឹកត្រជាក់ ហើយគ្របនៅលើស្បេក។ ដូចគ្នានេះដែរ ម្សៅបាយអរធ្វើពី Oatmeal (oatmeal paste) អាចជួយសម្រួលអាការៈរមាស់ផងដែរ។ ត្រូវកិន oatmeal ឲ្យទៅជាម្សៅ ហើយលាយជាមួយទឹកក្ដៅឧណ្ហៗបន្តិចបន្តួច ដើម្បីធ្វើឲ្យក្លាយជាបាយអរ រួចលាបពង្រាយបាយអរ oatmeal នោះនៅលើក្រដាសជូត។ បន្ទាប់មកបិទគ្របផ្នែកដែលមានបាយអរនោះ ទៅលើកន្លែងដែលរមាស់ រយៈពេល ១០ ទៅ១៥នាទី រួចលាងចេញ និងជូតផ្ដិតឲ្យស្បែកស្ងួត។
៣- ស្វែងរកជំនួយដោយប្រើគ្រីមឡូសិន
ប៉ាម៉ាក់ក៏អាចប្រើគ្រីមឡូសិន ដែលអាចជួយឲ្យពងកន្ទួលនោះឆាប់ស្ងួត និងជួយឲ្យស្បែកមានសំណើម។ គ្រីមឡូសិន Calamine ឬគ្រីមឡូសិន ផ្សេងទៀត ដែលមានជាតិ Phenol ជាតិ Menthol និងជាតិ Camphor គឺសុទ្ធតែអាចជាជម្រើសដ៏ល្អ។ គ្រីមឡូសិន Oatmeal ក៏អាចប្រើបានផងដែរ។ យើងត្រូវចៀសវាងប្រើគ្រីមឡូសិនដែលមានជាតិថ្នាំ Antihistamine ចំពោះជំងឺអុតស្វាយ។
៤- ការពារកុំឲ្យស្បែករលាក
ប៉ាម៉ាក់ត្រូវឲ្យកូនពាក់ខោអាវរលុងៗ ដែលសាច់ក្រណាត់ធ្វើពីកប្បាស និងផ្លាស់ប្ដូរសម្លៀកបំពាក់ និងកម្រាលពូកឲ្យបានញឹកញាប់។ បើសិនសម្លៀកបំពាក់ ឬក្រណាត់ដែលពាក់ហាក់ដូចជាធ្វើឲ្យរលាកស្បែកនោះ សូមប្រើសាប៊ូបោកខោអាវកម្រិតស្រាលដើម្បីសម្អាត។ ប៉ាម៉ាក់ត្រូវណែនាំកូនឲ្យនៅឆ្ងាយពី ពន្លឺព្រះអាទិត្យ ដើម្បីកុំឲ្យក្ដៅ និងបែកញើស ដែលជាហេតុនាំឲ្យរមាស់។
៥- ញ៉ាំថ្នាំប្រឆាំងហ៊ីស្តាមីន (Antihistamine)
ប៉ាម៉ាក់ក៏អាចឲ្យកូនញ៉ាំថ្នាំនេះ ដើម្បីជួយការពារកុំឲ្យអេះនៅពេលគេងយប់។ បើសិនយើងទិញ ពពួកថ្នាំនេះ ដែលមិនត្រូវការវេជ្ជបញ្ជា សូមប្រើថ្នាំដោយប្រយ័ត្នប្រយែង ស្របតាមការណែនាំនៅលើសម្បកថ្នាំ។ ក្មេងអាយុតិចជាង ៦ឆ្នាំ មិនគួរឲ្យញ៉ាំថ្នាំប្រឆាំងហ៊ីស្តាមីនឡើយ។ ប៉ាម៉ាក់អាចពិគ្រោះជាមួយគ្រូពេទ្យ មុននឹងឲ្យថ្នាំនេះទៅកូនប្រើ។
៦- ចៀសវាងការអេះ
ត្រូវប្រាកដថា ក្រចកដៃកូនរបស់យើងត្រូវបានសម្អាត និងកាត់ឲ្យខ្លីៗ និងលាងដៃកូនញឹកញាប់ ដើម្បីប្រាកដថាមានអនាម័យ។ ប៉ាម៉ាក់អាចបិទបង់បិទដំបៅលើពងកន្ទួលដែលបានបែក ហើយត្រូវព្យាយាមបង្វែរអារម្មណ៍កូនកុំឲ្យអេះ។
សំខាន់ជាងនេះទៀតនោះ ត្រូវប្រាកដថាកូនរបស់យើងបានគេងគ្រប់គ្រាន់ និងញ៉ាំអាហារបានត្រឹមត្រូវ។ គ្រុនក្ដៅនឹងធ្វើឲ្យការបាត់បង់ជាតិទឺកក្នុងខ្លួនកើនឡើង ហេតុនេះហើយត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ គឺជាការសំខាន់។ មានការថែរទាំត្រឹមត្រូវ កន្ទួលរមាស់ដែលបង្កដោយវីរុសនឹងត្រូវកម្រិតបានដោយខ្លួនឯង ហើយកូនរបស់យើងនឹងវិលត្រលប់មកមានសុខភាពជាប្រក្រតីនៅក្នុងអំឡុងពេលខ្លីប៉ុណ្ណោះ។ ប៉ុន្តែបើយើងសង្កេតឃើញមានផលវិបាកដូចជា កូនបាត់បង់ជាតិទឹកខ្លាំង កន្ទួលរមាស់ ឬគ្រុនក្ដៅ កាន់តែធ្ងន់ធ្ងរទៅៗ ក្អួតខ្លាំង និងរាករូសខ្លាំង សូមប្រញ៉ាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីស្វែងរកការសង្គ្រោះ។
[embed-health-tool-vaccination-tool]