ជារៀងរាល់ឆ្នាំ កុមាររាប់លាននាក់បានឆ្លងជំងឺផ្តាសាយធំ រាប់ពាន់នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងខ្លះបាត់បង់ជីវិតដោយសារជំងឺនេះ។ ម៉ាក់ៗអាចការពារកូនតូចពីជំងឺនេះបាន ដោយការចាក់វាក់សាំង។ វ៉ាក់សាំងបង្ការជំងឺផ្ដាសាយធំជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយកុមារ។ ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ជួយឱ្យស្រួលក្នុងការព្យាបាល និងមិនប៉ះពាល់ដល់អាយុជីវិត បើទោះជាកុមារឆ្លងជំងឺនេះ។ ប៉ុន្តែវ៉ាក់សាំងនេះអាចចាក់បាន លុះណាតែកុមារមានអាយុចាប់ពី ៦ ខែឡើង។ ចុះបើចង់ឱ្យកុមារ អាយុក្រោម ៦ ខែមានអង់ទីករបង្ការជំងឺផ្តាសាយធំ ម៉ាក់ៗគួរធ្វើម៉េច?
ជំងឺផ្ដាសាយធំ ឬភាសាអង់គ្លេសហៅថា Influenza ឬ Flu ជាជំងឺងាយឆ្លង ដែលមានពីរប្រភេទគឺ Flu A និង Flu B ដែលប៉ះពាល់ដល់សុខភាពយើង។ អាការជំងឺផ្តាសាយធំគឺស្រដៀងនឹងជំងឺផ្ដាសាយ ប៉ុន្តែធ្ងន់ធ្ងរជាង និងវិវត្តលឿនជាង ព្រមទាំងគ្រោះថ្នាក់ជាង។ ជំងឺផ្ដាសាយធំអាចបង្កផលវិបាកធ្ងន់ធ្ងរដូចជា៖ រលាកសួត រលាកទងសួត រលាកប្រហោងឆ្អឹងច្រមុះ រលាកត្រចៀក (អំបៅអំបែក) ខ្សោះជាតិទឹក ប៉ះពាល់ខួរក្បាល និងធ្វើឱ្យស្ថានភាពជំងឺបេះដូង ជំងឺហឺត ឬជំងឺទឹកនោមផ្អែមជាដើមរបស់អ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើង បើកើតលើកុមារក្រោមអាយុ ៥ ឆ្នាំ ជាពិសេសកុមារអាយុក្រោម ២ ឆ្នាំ ស្រ្តីពពោះ មនុស្សចាស់អាយុ លើស ៦៥ ឆ្នាំ អ្នកជំងឺហឺត អ្នកជំងឺបេះដូង អ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយជាដើម។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺផ្តាសាយធំអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារកបម្រើការនៅគ្លីនិកកុមារ និងទារកអង្គតាម៉ិញ បានលើកឡើងថា ជាទូទៅដើម្បីសុវត្ថិភាព គេណែនាំឱ្យចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំឱ្យកុមារចាប់ ពីអាយុ ៦ ខែឡើងទៅ។ ប៉ុន្តែបើកុមារអាយុក្រោម ៦ ខែ កើតជំងឺផ្តាសាយធំអាចនឹងធ្ងន់ធ្ងរ និងផ្តល់ផលលំបាកធ្ងន់ធ្ងរ។ ចឹងវីធីសាស្រ្តដែលល្អ ហើយអាចសុវត្ថិភាពគឺចាក់ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំលើម្តាយ។
ជាទូទៅ ម្តាយដែលពពោះអាចចាក់វ៉ាក់សាំងតេតាណុស ខាន់ស្លាក់ និងផ្តាសាយធំបាន។ ម៉ាក់ៗពពោះអាចចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំចាប់ពីពេលមានផ្ទៃពោះរហូតដល់ពេលកើត ចាក់ពេលណាក៏បាន។ បើម្តាយមានសុខភាពខ្យោយ ឬងាយប្រឈមនឹងឆ្លងជំងឺផ្តាសាយធំ គ្រូពេទ្យណែនាំឱ្យចាក់កាន់តែឆាប់កាន់តែល្អ។ តែបើម្តាយមានសុខភាព ល្អ និងមិនងាយប្រឈមនឹងកើតជំងឺផ្តាសាយធំ លោកវេជ្ជបណ្ឌិតណែនាំឱ្យម៉ាក់ៗពពោះចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំនៅត្រីមាសចុងក្រោយ ឬត្រីមាសទី ៣ ព្រោះប្រសិទ្ធិភាពវ៉ាក់សាំងមានរយៈពេលមួយឆ្នំា។
បើម៉ាក់ៗ ពពោះចាក់នៅត្រីមាសចុងក្រោយ អាចមានអង់ទីករទៅ ដល់កូនបាន។ កូនដែលកើតមកមុន ៦ ខែអាចនឹងមានអង់ទីករការងារជំងឺផ្តាសាយធំ ហើយទម្រាំកូនមានអាយុ ៦ ខែ ម៉ាក់ៗអាចនាំកូនមកចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំបាន។
មួយវិញទៀត បើម៉ាក់ៗអត់បានចាក់សាំងបង្ការជំងឺផ្តាសាយធំអំឡុងពេលពពោះទេ ម៉ាក់ៗអាចចាក់ក្នុងអំឡុងពេលបំបៅដោះ ព្រោះ អង់ទីករអាចបានទៅកូនតាមរយៈទឹកដោះម្តាយដែរ។
អត្ថបទគួរអាន៖
- វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?
- ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?
- កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ
ចំណុចសំខាន់
- ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ នៅត្រីមាសចុងក្រោយ ឬត្រីមាសទី ៣ នៃការពពោះ បើម៉ាក់ៗមាន សុខភាពល្អ និងមិនងាយប្រឈមនឹងឆ្លងជំងឺផ្តាសាយធំ
- ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំក្នុងអំឡុងបំបៅដោះ បើម៉ាក់ៗអត់បានចាក់ក្នុងអំឡុងពេលពពោះ
[embed-health-tool-vaccination-tool]