ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
អាការៈក្អួតជាបញ្ហាទូទៅមួយដែលយើងឧស្សាហ៍ជួបប្រទះ ហើយមិនសូវបង្កជាបញ្ហាធ្ងន់ធ្ងរដល់កូនប៉ុន្មានទេ លើកលែងតែក្អួតផង មានលាយឡំជាមួយសញ្ញាផ្សេងៗទៀត។ ចុះបើកូនក្អួត ប៉ាម៉ាក់អាចជួយកូនបានដោយរបៀបណា? យកទៅពេទ្យតែម្ដង ឬយ៉ាងណា?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បកស្រាយថា អាការៈក្អួត កើតឡើងញឹកញាប់នៅលើក្មេង និងបង្កឡើងដោយសារមូលហេតុច្រើនដូច ការបង្ករោគ រលាកបំពង់ក ពុលចំណីអាហារ រលាកក្រពះពោះវៀន ឬបញ្ហាប្រព័ន្ធរំលាយអាហារ។ ជួនកាលវាក៏បណ្ដាលមកពីការពុលឡាន ពុលថ្នាំលេប ឬថ្នាំសម្លាប់សត្វល្អិត។ល។
ជាធម្មតា នៅពេលដែលឃើញកូនក្អួត ម៉ាក់ប៉ាមួយចំនួនធំ ច្បាស់ជាភ័យព្រួយខ្លាចកូនមានបញ្ហាធ្ងន់ធ្ងរដល់សុខភាព បានជាក្អួតអាហារចេញមកវិញអស់។ ប៉ុន្តែ ពេលខ្លះ អាអូនក្អួតធម្មតាយើងមិនចាំបាច់បារម្ភពេក ហើយយើងក៏អាចជួយឲ្យអាការៈកូនឲ្យធូរស្បើយបានដែរដោយ៖
១. ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន (ចៀសវាងបញ្ហាខ្សោះជាតិទឹក)
២. ឲ្យកូនហុតទឹកស៊ុប (ដូចជាស៊ុបមាន់…)
៣. ចៀសវាងទឹកផ្លែឈើ ឬទឹកក្រូចមានជាតិហ្គាស
៤. ចៀសវាងផ្ដល់ថ្នាំក្អួតផ្ដេសផ្ដាសដល់កូន លើកលែងតែមានវេជ្ជបញ្ជាច្បាស់លាស់។
ក្នុងករណីដែលអាអូន ក្អួតហើយបាត់បង់ចំណង់អាហារ ប៉ាម៉ាក់មិនចាំបាច់បារម្ភពេកទេ ព្រោះក្រពះអាអូនកំពុងធ្វើទុក្ខ។ អ្វីដែលសំខាន់ គឺយើងត្រូវប្រាកដថា កូនក្អួតហើយមិនបាត់បង់ជាតិទឹកច្រើនទើបល្អ។
វិធីខាងលើនេះ ម៉ាក់ប៉ាអាចប្រើបានក្នុងករណីដែលអាអូនក្អួតធម្មតាប៉ុណ្ណោះដែលយើងអាចសម្គាល់ដឹងបានដោយ ក្រោយក្អួតកូនលេងបានធម្មតា សើចបាន ញ៉ាំបានធម្មតា។ ផ្ទុយទៅវិញ បើយើងសង្កេតឃើញថា អាអូនក្អួតខ្លាំង បាត់បង់ជាតិទឹក ក្អួតចេញឈាម ឬចេញមកលាយទឹកពណ៌ខៀវ ឬលេបទឹកមិនរួច ជាសញ្ញាបញ្ជាក់ថា អាអូនមិនមែនក្អួតធម្មតាទេ យកល្អ គួរនាំកូនទៅពេទ្យជាបន្ទាន់ ដើម្បីឲ្យពេទ្យព្យាបាលត្រឹមត្រូវ ចៀសវាងបង្កជាបញ្ហាធ្ងន់ដល់កូន។
[embed-health-tool-vaccination-tool]