ជាទូទៅ ទារក និងកុមារឧស្សាហ៍ឈឺណាស់ ដោយសារប្រព័ន្ធភាពស៊ាំកូននៅទន់ខ្សោយ ហើយមេរោគងាយឆ្លងចូលក្នុងរាងកាយ។ ដូច្នេះហើយ ប្រការសំខាន់ ប៉ាម៉ាក់គួរយល់ដឹងអំពីប្រភេទជំងឺឧស្សាហ៍កើតលើទារក និងកុមារ ក៏ដូចជាវិធីសាស្ត្រព្យាបាលនៅផ្ទះដែលអាចអនុវត្តបាន និងត្រូវបានទទួលស្គាល់ដោយក្រុមគ្រូពេទ្យជំនាញ។
ខាងក្រោមនេះ ជាជំងឺឧស្សាហ៍កើត និងវិធីសាស្ត្រព្យាបាលដែលសមស្រប។
១. ជំងឺផ្ដាសាយ
តើកូនមានអាការៈតឹងច្រមុះ ហៀរសំបោរ និងចេញទឹកភ្នែកឬអត់? មានកណ្ដាស់ និងក្អកដែរទេ? រោគសញ្ញាទាំងនេះ បញ្ជាក់ថាកូនមានជំងឺផ្ដាសាយហើយ។ ពិតណាស់ ជំងឺផ្ដាសាយកើតឡើងជាញឹកញាប់លើទារក និងកុមារ។ ម្យ៉ាងវិញទៀត ក្នុងករណីដែលសីតុណ្ហភាពរាងកាយរបស់ក្មេងក្ដៅ នោះបានន័យថាកូនមានជំងឺគ្រុនក្ដៅ។
ប្រការគួរធ្វើ៖
- ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងរាងកាយ ឬទឹកផ្លែឈើដែលមានជាតិស្ករទាប
- ជៀសវាងនៅកន្លែងដែលមានមនុស្សច្រើន ឬនៅជិតក្មេងដទៃទៀតដែលមានជំងឺ
- បង្រៀនកូនឲ្យចេះប្រើក្រដាសជូតមាត់ ដើម្បីញើសសំបោរ ឬខ្ទប់មាត់ នៅពេលកណ្ដាស់
- នាំកូនទៅជួបជាមួយគ្រូពេទ្យ ប្រសិនបើក្មេងមិនធូរស្បើយក្នុងរយៈពេលពីរបីថ្ងៃ ឬប្រសិនបើអាអូនមានអាការៈគ្រុនក្ដៅ
២. រលាកថង់សួត និងរលាកទងសួត
រោគសញ្ញាពិបាកដកដង្ហើម ដកដង្ហើមញាប់ អាចបណ្តាលមកពីផ្លូវដង្ហើមរបស់ក្មេងបានឆ្លងមេរោគ។
ប្រការគួរធ្វើ៖
- ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន និងទឹកផ្លែឈើដែលមានវីតាមីនCខ្ពស់
- ជៀសវាងកន្លែងដែលមានផ្សែងបារី ពីព្រោះផ្សែងបារីអាចបណ្ដាលឲ្យស្ថានភាពសុខភាពរបស់ក្មេងកាន់តែយ៉ាប់យ៉ឺន
- ចូរនាំកូនទៅជួបគ្រូពេទ្យ ប្រសិនបើក្មេងពិបាកដកដង្ហើម ល្ហិតល្ហៃ អស់កម្លាំង ឬមិនព្រមញ៉ាំអាហារ។
៣. ជំងឺរលាកក្រពះពោះវៀន
តើកូនប្រឈមនឹងបញ្ហាចង្អោរ ឬក្អួតដែរទេ? ហើយលាមកមានក្លិនមិនល្អខ្លាំង និងរាវ? រោគសញ្ញាទាំងនេះ បញ្ជាក់ថាកូនមានជំងឺរលាកក្រពះហើយ ឬឆ្លងមេរោគនៅក្នុងពោះវៀន។ រោគសញ្ញាផ្សេងទៀត រួមមានឈឺសាច់ដុំ ឈឺពោះ និងក្ដៅខ្លួនតិចតួច។

ប្រការគួរធ្វើ៖
- ដើម្បីបំពេញជាតិទឹក និងអំបិលដែលបានបាត់បង់ ចូរឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ឬទឹកផ្លែឈើដែលមិនផ្ទុកជាតិទឹកដោះគោ
- នៅឲ្យឆ្ងាយពីអ្នកផ្សេង ពីព្រោះជំងឺនេះអាចចម្លងទៅអ្នកផ្សេងបាន
- នាំកូនទៅជួបជាមួយនឹងគ្រូពេទ្យ នៅពេលដែលរោគសញ្ញាមិនបាត់ទៅវិញ ឬកាន់តែយ៉ាប់យ៉ឺនខ្លាំង។
៤. ជំងឺត្រអក
ទន្ទឹមនឹងនេះដែរ រោគសញ្ញាកន្ទួលក្រហម រមាស់នៅលើអវយវៈ មុខ ឬដងខ្លួន អាចជាជំងឺត្រអក។ ជាទូទៅ ជំងឺត្រអកច្រើនកើតលើក្មេងដែលមានប្រវត្តិគ្រួសារកើតជំងឺត្រអក និងបញ្ហាពាក់ព័ន្ធដទៃទៀត ដូចជាហឺត ឬអាលែកហ្ស៊ី ប៉ុន្តែជំងឺនេះមិនឆ្លងនោះទេ។
ប្រការគួរធ្វើ៖
- ផ្ដល់សំណើមដល់ស្បែករបស់ក្មេង និងប្រើក្រែមពពួកTopical steroid ដែលណែនាំដោយគ្រូពេទ្យ
- ឲ្យកូនញ៉ាំថ្នាំប្រឆាំងនឹងអាការៈរមាស់ មុនពេលចូលគេង ដើម្បីឲ្យកូនគេងលក់ស្រួល តាមការណែនាំ
- ជៀសវាងភ្នាក់ងារបង្ករោគ ដូចជារោមសត្វ ធូលី ផ្សែងបារី និងស្រ្តេស
- ប្រើសាប៊ូដុសខ្លួនដែលគ្មានជាតិកាត់ និងឲ្យកូនស្លៀកសំលៀកបំពាក់រលុងៗ
- នាំចូលទៅជួបជាមួយគ្រូពេទ្យ ប្រសិនបើអាការៈរមាស់ប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ ឬដំណេក។