ជំងឺគ្រុនពោះវៀន ជាប្រភេទជំងឺបង្កដោយបាក់តេរី មានឈ្មោះថា សាលម៉ុនណែឡា ទីហ្វី (Salmonella Typhi) ឆ្លងតាមការញ៉ាំអាហារ ឬផឹកទឹក ដែលមានប្រឡាក់លាមក ឬទឹកនោម។ ជំងឺគ្រុនពោះវៀននេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន ពិសេសក្មេងតូចៗដែលចូលចិត្តលេងជុំៗគ្នាច្រើននាក់ ហើយជំងឺនេះអាចបង្កផលប៉ះពាល់គ្រោះថ្នាក់ដល់សុខភាពកូនយើងបានដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ជំងឺគ្រុនពោះវៀន ជាជំងឺឆ្លងតាមរយៈបាក់តេរី ហើយភាគច្រើនកើតមាននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ឬប្រទេសដែលមានអនាម័យមិនល្អ។ ចំពោះជំងឺនេះ ប្រសិនបើកើតលើក្មេង វាអាចមានសភាពធ្ងន់ ឬអាចបណ្ដាលឲ្យអាអូនស្លាប់បាន បើមិនព្យាបាលត្រឹមត្រូវ។
ក្នុងករណីដែលក្មេងកើតជំងឺគ្រុនពោះវៀន ហើយមិនទទួលបានការព្យាបាលត្រឹមត្រូវទេ អាអូនអាចជួបបញ្ហាច្រើន ឬអាចធ្ងន់ធ្ងរ ដូចជាហូរឈាមក្នុងពោះវៀន ឬបញ្ហាសុខភាពផ្សេងទៀតរួមមាន៖
– ស្រកទម្ងន់ធ្ងន់ធ្ងរ
– គ្រុនក្ដៅខ្លាំង
– មិនមាត់មិនក (មិនឆ្លើយតប)
– រវើរវាយ ស្មារតីមិននឹង។ល។
វេជ្ជបណ្ឌិតរូបនេះបន្តថា យើងអាចដឹងបានថា អាអូនឈឺគ្រុនពោះវៀនដោយរោគសញ្ញាដូចជា ខ្សោយកម្លាំង បែកញើស ក្អកស្ងួត មិនឃ្លានអាហារ និងស្រកទម្ងន់ ឈឺពោះ រាក ឬទល់លាមក ឡើងរមាស់ ហើមពោះខ្លាំង។ បើសង្ស័យថាកូនកើតគ្រុនពោះវៀន ម៉ាក់ប៉ាត្រូវនាំកូនទៅជួបពិនិត្យជាមួយគ្រូពេទ្យឲ្យបានឆាប់។
ទន្ទឹមនឹងនេះ ជំងឺគ្រុនពោះវៀនអាចបង្ការបានជាមួយការចាក់វ៉ាក់សាំង លាងសម្អាតដៃ ចៀសវាងញ៉ាំអាហារ ឬផឹកទឹកមិនស្អាត និងញ៉ាំបន្លែផ្លែឈើច្រើន និងនៅឲ្យឆ្ងាយពីអ្នកជំងឺគ្រុនពោះវៀន។
[embed-health-tool-vaccination-tool]