អង្គបដិប្រាណ ឬអង់ទីករ អាចមាននាទីជួយបន្សាបជាតិពុល (toxin) ដែលបង្កើតឡើងដោយពពួកមេរោគផ្សេងៗ។ វាក៏មាននាទីជួយ ក្រុមប្រូតេអ៊ីនមួយប្រភេទដែលហៅថា Complement ឲ្យមានសកម្មភាពឡើង។ Complement គឺជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំ ហើយវាមាននាទីជួយសម្លាប់ បាក់តេរី វីរុស ឬកោសិកាដែលបានឆ្លងរោគ។
កោសិកាពិសេសៗទាំងនេះ គឺ ជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំរបស់យើង ដែលជួយការពារខ្លួនយើងប្រឆាំងនឹងជំងឺ។ ដែលការការពារនេះហើយយើងហៅថា ភាពស៊ាំ (Immunity)។
៥- ប្រភេទនៃប្រព័ន្ធភាពស៊ាំ
ក្នុងរាងកាយយើងមានប្រព័ន្ធភាពស៊ាំ ៣ប្រភេទ ផ្សេងគ្នា ដូចជា ប្រព័ន្ធភាពស៊ាំ Innate (ធម្មជាតិ) Adaptive (សកម្ម) និង Passive (ជំនួយ)។
– ប្រព័ន្ធភាពស៊ាំធម្មជាតិ (Innate immunity)៖ យើងគ្រប់គ្នាកើតមកសុទ្ធតែមានមកជាមួយនូវប្រព័ន្ធភាពស៊ាំនេះ ជាប្រព័ន្ធភាពស៊ាំការពារខ្លួនយើងទូទៅ។ ឧទាហរណ៍ វាដើរតួជារបាំងការពារមេរោគមិនឲ្យចូលក្នុងខ្លួនយើង ហើយប្រព័ន្ធនេះ នឹងចាប់បានភ្លាមនៅពេលរាងកាយមានវត្ថុធាតុពីក្រៅចូលមក ឬជាអ្វីមួយដែលប្រព័ន្ធភាពស៊ាំយើងដឹងថាអាចបង្កគ្រោះថ្នាក់ដល់រាងកាយបាន។
– ប្រព័ន្ធភាពស៊ាំសកម្ម (Adaptive immunity)៖ ជាប្រព័ន្ធភាពស៊ាំ អាចអភិវឌ្ឃខ្លួនគ្រប់ពេលវេលាក្នុងជីវិតរបស់យើង។ វាអភិវឌ្ឍឡើងនៅពេលយើងប្រឈមនឹងជំងឺ ឬបានចាក់វ៉ាក់សាំងការពារជំងឺ។
– ប្រព័ន្ធភាពស៊ាំជំនួយ (Passive immunity)៖ Passive immunity សម្តៅលើការខ្ចីកម្លាំងប្រព័ន្ធភាពស៊ាំពីប្រភពផ្សេង ហើយកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ឧទាហរណ៍ អង្គបដិប្រាណ ក្នុងទឹកដោះម្តាយ អាចជួយឲ្យទារកមានប្រព័ន្ធភាពស៊ាំបណ្តោះអាសន្នមួយការពារនឹងជំងឺ ដែលម្តាយយើងធ្លាប់កើតមានពីមុននោះ។
ប្រព័ន្ធភាពស៊ាំ ត្រូវការពេលមួយរយៈដើម្បីអភិវឌ្ឍខ្លួន និងត្រូវការជំនួយពីវ៉ាក់សាំង។ ហេតុនេះ ដើម្បីជួយរាងកាយមានសុខភាពល្អ គឺត្រូវចាក់វ៉ាក់សាំងឲ្យកូនយើង ឲ្យបានត្រឹមត្រូវតាំងក្មេងដើម្បីជួយកូនមានសុខភាពល្អ។
អត្ថបទគួរអាន៖