ជំងឺអុតស្វាកំពុងរាលដាលយ៉ាងឆាប់រហ័ស និងបង្កជាការព្រួយបារម្ភដល់ពិភពលោកទាំងមូល។ រហូតមកដល់បច្ចុប្បន្ន ករណីឆ្លងជំងឺអុតស្វាបានកើនឡើងដល់២០ ០០០ករណី គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ និងឆ្លងនៅក្នុងបណ្ដាប្រទេសដែលពុំធ្លាប់មានប្រវត្តិកើតជំងឺនេះទៀតផង។ តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ? ហើយអ្នកជំងឺអាចមិនមានរោគសញ្ញាដែរទេ?
ក្នុងករណីដែលអ្នកជំងឺអុតស្វា មានចេញរោគសញ្ញា យើងអាចនឹងមានការប្រុងប្រយ័ត្នខ្ពស់ ដោយនៅឲ្យឆ្ងាយ និងជៀសវាងប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺ។ ប៉ុន្តែ ចំពោះអ្នកជំងឺដែលមិនបង្ហាញរោគសញ្ញា ក៏នៅតែអាចចម្លងទៅអ្នកដទៃបានដូចគ្នា ដែលកត្តានេះអាចបង្កើនហានិភ័យកាន់តែខ្ពស់ក្នុងការឆ្លងជំងឺអុតស្វា។
អ្នកជំងឺមួយចំនួនអាចគ្មានរោគសញ្ញានៅអំឡុងពេលបង្ករោគដែលរយៈពេលពី៥ ទៅ២១ថ្ងៃ។ ក្នុងករណីកម្រខ្លះ យើងអាចនឹងឃើញមានរោគសញ្ញាតិចតួច ដែលពិបាកកត់សម្គាល់។ ប្រសិនបើគ្នាយើងមានប្រព័ន្ធភាពស៊ាំរឹងមាំ ហើយមេរោគដែលចូលក្នុងរាងកាយតិចតួច នោះយើងអាចនឹងគ្មានរោគសញ្ញា ប៉ុន្តែអាចចម្លងទៅអ្នកផ្សេងបាន។ ការសិក្សាថ្មីមួយបានបង្ហាញថា បុរសចំនួនបីនាក់ដែលឆ្លងវីរុសអុតស្វានេះ មិនមានលេចចេញរោគសញ្ញាអ្វីឡើយ។ អ្នកទាំងបីសុទ្ធតែបញ្ជាក់ថា ខ្លួនមិនមានរោគសញ្ញានៅមុន និងក្រោយយកសំណាកនោះទេ។

គន្លឹះបញ្ចៀសការចម្លងរោគទៅអ្នកផ្សេងទៀត
ពិតណាស់ យើងមិនគួររង់ចាំរហូតដល់ចេញរោគសញ្ញាដូចជាកន្ទួល ឬពងបែកនៅលើស្បែក ដើម្បីបញ្ជាក់ថាខ្លួនកើតជំងឺអុតស្វាឡើយ។ ប្រការល្អ គ្នាយើងដែលសង្ស័យថាខ្លួនកើតជំងឺនេះ ទោះបីជាគ្រាន់តែក្ដៅខ្លួនតិចតួចក៏ដោយ គួរតែនៅដាច់ដោយឡែកពីអ្នកផ្សេងទៀត។ អាការៈមួយចំនួនដូចជាគ្រុនក្ដៅតិចតួច ខ្សោយ មិនស្រួលខ្លួន គ្មានកម្លាំងកំហែង ដែលមានរយៈពេលច្រើនជាង២ឬ៣ថ្ងៃ ចាំបាច់ឲ្យយើងត្រូវពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
ចំណុចសំខាន់
អ្នកជំងឺអុតស្វាមួយចំនួនអាចមិនមានរោគសញ្ញានៅអំឡុងពេលបង្ករោគក្នុងរយៈពេលពី៥ ទៅ២១ថ្ងៃឡើយ។ ក្នុងករណីកម្រខ្លះ យើងអាចនឹងឃើញមានរោគសញ្ញាតិចតួច ដែលពិបាកកត់សម្គាល់។ ប្រសិនបើគ្នាយើងមានប្រព័ន្ធភាពស៊ាំរឹងមាំ ហើយមេរោគដែលចូលក្នុងរាងកាយតិចតួច នោះយើងអាចនឹងគ្មានរោគសញ្ញា ប៉ុន្តែអាចចម្លងទៅអ្នកផ្សេងបាន។ ដូច្នេះហើយ ក្នុងករណីសង្ស័យ យើងគួរតែនៅដាច់ដោយឡែកពីអ្នកផ្សេងទៀត ទើបជាការប្រសើរ។