ជំងឺរលាកថ្លើមមានច្រើនប្រភេទណាស់ ហើយជំងឺរលាកថ្លើមប្រភេទខ្លះកើតមានច្រើនលើពលរដ្ឋកម្ពុជាយើង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ ដើម្បីជាចំណេះដឹងខ្លះៗ លោកសាស្ត្រាចារ្យ មហាបរិញ្ញា អ៊ុង ចក្រាវុធ ឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន នឹងបកស្រាយនូវចម្ងល់មួយចំនួនជុំវិញជំងឺរលាកថ្លើម ខាងក្រោមនេះ។
សំណួរទី១. ជំងឺរលាកថ្លើមបង្កឡើងដោយសារមូលហេតុអីខ្លះ? ជំងឺរលាកថ្លើមប្រភេទណាដែលកើតមានញឹកញាប់ជាងគេ?
សាស្ត្រាចារ្យ៖ ជំងឺរលាកថ្លើមមានច្រើនប្រភេទ មានរលាកថ្លើមដោយសារវីរុស មានរលាកថ្លើម A, B, C មានជំងឺរលាកថ្លើមខ្លះដោយសារខ្លាញ់ កាលណាធាត់ដុំក្បាលពោះធំទៅ ខ្លាញ់ចូលក្នុងថ្លើម ឲ្យរលាកថ្លើម រលាកថ្លើមដោយសារស្រា រលាកថ្លើមដោយសារថ្នាំពេទ្យ។ ក្នុងនោះជំងឺរលាកថ្លើមដែលកើតឡើងញឹកញាប់ជាងគេ មានជំងឺរលាកថ្លើមប្រភេទ B និង C បង្កឡើងដោយវីរុស ហើយជាជំងឺរ៉ាំរ៉ៃ មានផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ ឲ្យក្រិនថ្លើម និងកើតមហារីកថ្លើម។
សំណួរទី២. ជំងឺរលាកថ្លើមប្រភេទណាខ្លះមានវ៉ាក់សាំងការពារ?
សាស្ត្រាចារ្យ៖ ជំងឺរលាកថ្លើមប្រភេទ A និង B មានវ៉ាក់សាំងចាក់ការពារ ដោយឡែកជំងឺរលាកថ្លើមប្រភេទ C វិញមិនទាន់មានវ៉ាក់សាំងចាក់ការពារនោះទេ។
សំណួរទី៣. តើជំងឺរលាកថ្លើមប្រភេទណាខ្លះអាចព្យាបាលជា?
សាស្ត្រាចារ្យ៖ ជំងឺរលាកថ្លើមប្រភេទ B មិនទាន់មានថ្នាំព្យាបាលឲ្យជានោះទេនៅលើពិភពលោកហ្នឹង ថ្នាំដែលព្យាបាលវា គឺគ្រាន់តែទប់មេរោគមិនឲ្យរីករាល ឬកើនឡើងចំនួនមេរោគនៅក្នុងឈាម ដើម្បីកាត់បន្ថយនូវផលវិបាក។ ចំណែកឯជំងឺរលាកថ្លើមប្រភេទ C វិញ មិនមានវ៉ាក់សាំងចាក់ការពារនោះទេ តែបច្ចុប្បន្នមានថ្នាំអាចព្យាបាលឲ្យជាសះស្បើយ។
សំណួរទី៤. ជំងឺរលាកថ្លើមអាចឆ្លងតាមអ្វីខ្លះ?
សាស្ត្រាចារ្យ៖ ជំងឺរលាកថ្លើមមានច្រើនប្រភេទ ហើយការចម្លងក៏ខុសគ្នាដែរ។ ជំងឺរលាកថ្លើមប្រភេទ A បង្កឡើងដោយវីរុសម្យ៉ាង តែវាមិនបង្កឲ្យមានគ្រោះថ្នាក់អីទេ ភាគច្រើនវារលាកហើយវាជាខ្លួនវា ហើយជំងឺរលាកថ្លើមប្រភេទ A អាចឆ្លងតាមការបរិភោគ ឬទឹកកខ្វក់។ ជំងឺរលាកថ្លើមប្រភេទ B អាចឆ្លងតាមការប៉ះពាល់ឈាម-ទឹករងៃអ្នកជំងឺ ឆ្លងពីម្តាយដែលមានផ្ទុកមេរោគទៅកូន ឆ្លងតាមការរួមភេទ ឆ្លងតាមការប្រើប្រាស់សម្ភារៈ ឬវត្ថុមុតស្រួចរួមគ្នា ដែលមានការដាច់រលាត់ចេញឈាម។ ចំណែកឯជំងឺរលាកថ្លើមប្រភេទ C អាចឆ្លងបានតាមរយៈការប៉ះពាល់ជាមួយនឹងឈាម ទឹករងៃ ការមុតដាច់ស្បែក ការរួមភេទដោយមិនមានប្រើស្រោមអនាម័យ ការប្រើប្រាស់វត្ថុមុតស្រួចចាក់ឆ្លងកាត់ស្បែក…។
សំណួរទី៥. លោកសាស្ត្រាចារ្យ បើកើតរលាកថ្លើមយូរៗ អាចបង្កទៅជាមហារីកថ្លើមទេ?
សាស្ត្រាចារ្យ៖ រាល់ការរលាកថ្លើមទាំងអស់ មិនថាប្រភេទ A, B ឬ C នោះទេ ទោះជាដោយសារមូលហេតុអ្វីក៏ដោយ គឺអាចវិវត្តទៅជាជំងឺក្រិនថ្លើម និងមហារីកថ្លើម ហើយអាចឆក់យកជីវិតអ្នកជំងឺបាន។ បើនិយាយពីជំងឺថ្លើមប្រភេទ B វិញ គ្រោះថ្នាក់ខ្លាំងណាស់ គឺអាចវិវត្តទៅជាជំងឺមហារីកថ្លើមតែម្តង ដោយមិនឆ្លងកាត់ជំងឺក្រិនថ្លើម តែជាភ័ព្វសំណាង ជំងឺរលាកថ្លើមប្រភេទ B មានវ៉ាក់សាំងការពារ ថ្វីត្បិតតែមិនមានថ្នាំព្យាបាលឲ្យជាដាច់ក៏ដោយ។
[embed-health-tool-heart-rate]
សំណួរទី៦. ផឹកស្រាអាចប៉ះពាល់ដល់ថ្លើម តើប៉ះពាល់កម្រិតណាដែរលោកសាស្ត្រាចារ្យ?
សាស្ត្រាចារ្យ៖ រលាកថ្លើមដោយសារស្រា ជាបញ្ហាមួយគួរឲ្យចាប់អារម្មណ៍ ដោយសារពលរដ្ឋកម្ពុជាបច្ចុប្បន្នចូលចិត្តផឹកស្រា ស្រាបៀរ មិនចាស់ ឬក្មេងទេ។ គ្រឿងស្រវឹងទាំងអស់នេះអាចបង្កឲ្យមានការរលាកថ្លើមទៅថ្ងៃអនាគត បើសិនជាយើងផឹកច្រើនលើសកំណត់ និងរយៈពេលយូរ។ ប្រសិនបើយើងមានវីរុសថ្លើមប្រភេទ B & C ហើយផឹកស្រាបន្ថែមទៀត រឹតពន្លឿនការវិវត្តជំងឺថ្លើមកាន់តែឆាប់ ឈានទៅរកជំងឺក្រិនថ្លើម និងមហារីកថ្លើម។
ខាងក្រោមនេះជាបទសម្ភាសលម្អិតអំពីជំងឺរលាកថ្លើម ជាមួយនឹងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ទីប្រឹក្សាបច្ចេកទេសផ្នែកថ្លើម ក្រពះពោះវៀន នៅមន្ទីរពេទ្យកាល់ម៉ែត។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប