ពិតណាស់ ការដឹងថាមានជំងឺមហារីក អាចធ្វើឲ្យជីវិតរបស់អ្នកជំងឺប្រឈមនឹងការប្រែប្រួលដ៏ធំមួយ។ ជាទូទៅ អ្នកកើតជំងឺមហារីកតែងមានការព្រួយបារម្ភ ខឹង ពិបាកចិត្ត សង្ស័យ និងភ័យខ្លាចច្រើន ហើយដើម្បីជម្នះស្ថានភាពដ៏លំបាកនេះ យើងចាំបាច់ត្រូវមានការតាំងចិត្តខ្ពស់ និងអត់ធ្មត់ខ្លាំង។ ទន្ទឹមនឹងនេះដែរ ការយល់ដឹងពីគន្លឹះរស់នៅជាមួយនឹងជំងឺមហារីក គឺជារឿងចាំបាច់បំផុត។
តិចនិករស់នៅជាមួយនឹងជំងឺមហារីក
ទទួលបានព័ត៌មានគ្រប់គ្រាន់៖ ចូរស្វែងយល់អំពីការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ផលប៉ះពាល់ និងការជួយជ្រោមជ្រែងអំឡុងពេលព្យាបាល។ ហេតុនេះហើយ គ្នាយើងមិនគួរភ័យខ្លាចក្នុងការសួរសំណួរ ក៏ដូចជាស្រាវជ្រាវបន្ថែមឡើយ។
ធ្វើលំហាត់ប្រាណ៖ ការហាត់ប្រាណតិចតួចក៏មានអត្ថប្រយោជន៍ច្រើនក្នុងការកាត់បន្ថយស្រ្តេសផងដែរ។ សូម្បីតែការដើរជិតៗ ក៏ជួយបង្កើនថាមពលដល់យើងដោយមិនដឹងខ្លួន។
ជៀសវាងនៅតែឯង៖ ការរក្សាទំនាក់ទំនងដើម្បីទទួលបានការគាំទ្រផ្នែកសង្គម មិនថាតាមរយៈទូរស័ព្ទ ហ្វេកប៊ុក ឬអ៊ីម៉ែលនោះទេ គឺមានសារសំខាន់ណាស់ចំពោះអ្នកជំងឺ។ មិត្តភ័ក្ដិ និងគ្រួសារដែលយកចិត្តទុកដាក់ចំពោះយើង និងតែងតែស្ដាប់រាល់ការត្អូញត្អែររបស់យើង គឺពិតជាមិនអាចខ្វះបានឡើយនៅអំឡុងពេលនេះ។
ពិភាក្សាជាមួយនឹងក្រុមគ្រូពេទ្យ៖ ប្រសិនបើយើងមានបញ្ហាក្នុងការរស់នៅ ក៏ដូចជាការព្យាបាល យើងគប្បីពិគ្រោះជាមួយនឹងក្រុមគ្រូពេទ្យជំនាញ។
ញ៉ាំអាហារល្អ និងសម្រាកឲ្យបានច្រើន៖ ដើម្បីរក្សាសុខភាពឲ្យបានល្អអំឡុងពេលព្យាបាល អ្នកជំងឺមហារីកគប្បីញ៉ាំរបបអាហារសុខភាពដូចជាត្រី សាច់ និងបន្លែផ្លែឈើឲ្យបានច្រើន។ ជាមួយគ្នានេះដែរ យើងចាំបាច់គ្រប់គ្រងបញ្ហាស្រ្តេសឲ្យបានល្អ ទើបជាការប្រសើរ។
[embed-health-tool-bmi]