backup og meta

កុមារកើតជំងឺមហារីកបណ្តាលមកពីកត្តាអ្វីខ្លះ? គួរបង្ការបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 02, 2023

    កុមារកើតជំងឺមហារីកបណ្តាលមកពីកត្តាអ្វីខ្លះ? គួរបង្ការបែបណា?

    កុមារ​ច្រើន​ជាង​៨០% ដែល​កើត​ជំងឺ​មហារីក​ អាច​ព្យាបាល​ជា​សះស្បើយ​ប្រសិនបើ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។ ជា​ទូទៅ ជំងឺ​មហារីក​កើត​លើ​កុមារ មាន​អត្រា​ជា​សះស្បើយ​ខ្ពស់​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ពេញ​វ័យ។ ជំងឺ​មហារីក​កើត​លើ​កុមារ​ជា​​ញឹកញាប់​ មាន​ដូចជា​ជំងឺ​មហារីក​ឈាម មហារីក​កូន​កណ្តុរ ដុំ​សាច់​ខួរ​ក្បាល ដុំ​សាច់​ឆ្អឹង និងដុំ​សាច់​តម្រង​នោម​។

    រោគសញ្ញា​នៃ​ជំងឺ​មហារីក

    រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​​នីមួយ​ៗ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ទាំង​នេះ ប្រសិនបើ​​បន្ត​រយៈពេល​យូរ៖

    • គ្រុន​ក្តៅ​រយៈពេល​យូរ​លើស​ពី​២ទៅ​៣សប្តាហ៍ ដែល​លេប​ថ្នាំ​អ្វី​ក៏​មិន​បាត់​ ព្រម​ទាំង​មិន​មាន​មូលហេតុ​បង្ក​ច្បាស់លាស់
    • ហើម​ត្រង់​ក ឬ​ក្លៀក​ដោយ​គ្មាន​ការ​ឈឺចាប់​ ប៉ុន្តែ​ទំហំ​កើន​ឡើង​ ឬ​​អម​ជា​មួយ​អាការៈ​គ្រុន​ក្តៅ ក្អក ឬ​ស្រក​ទម្ងន់​។
    • ចេញ​ឈាម​អញ្ចាញ ឬ​ច្រមុះ
    • ក្អួត​ពេល​ព្រឹក​ព្រលឹម​ ឬ​ឈឺ​ក្បាល​មិន​បាត់ ពិបាក​ទប់​លំនឹង
    • ហើម​ពោះ
    • ឈឺ​សន្លាក់​ ព្រម​ជាមួយ​និង​គ្រុន​ក្តៅ និង​ស្លេកស្លាំង។

    កត្តា​បង្ក​នៃ​ជំងឺ​មហារីក​លើ​កុមារ

    ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​​ជា​ជំងឺ​មហារីក​ ប៉ុន្តែ​ការ​ប្រែប្រួល ឬ​បំប្លែង​នៃ​ហ្សែន​អាច​ជា​ឫសគល់​ ដែល​នាំ​ឲ្យ​ជំងឺ​មហារីក​មាន​ការវិវត្ត។ ទន្ទឹម​នឹង​នេះ​ កត្តា​ហានិភ័យ​មួយ​ចំនួន​ ក៏​អាច​ពាក់ព័ន្ធ​​នឹង​ជំងឺ​មហារីក​កើត​លើ​កុមារ ដែល​​រួម​មាន​ ការ​បំពុល​បរិយាកាស ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​គីមី វិទ្យុ​សកម្ម ​ការ​ឆ្លង​មេរោគ ធាត់​ជ្រុល បែប​បទ​នៃ​ការ​រស់នៅ​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ភាគ​ច្រើន​ ការ​បំប្លែង​ហ្សែន​ អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់គ្នា ដោយ​ពុំ​មាន​កត្តា​ពី​ខាង​ក្រៅ​ឡើយ។

    មហារីកលើកុមារ២

    យើង​អាច​បង្ការ​បាន​អត់?

    ដោយ​សារ​តែ​កត្តា​បំប្លែង​ហ្សែន​ កើត​ឡើង​ដោយ​ចៃដន្យ និង​គ្មាន​កត្តា​បង្ក​ពី​ខាង​ក្រៅ ទើប​យើង​ពុំ​មាន​វិធី​បង្ការ​ជំងឺ​មហារីក​ទាំង​នេះ​បាន​ឡើយ​។ ដូច្នេះ​ហើយ ការ​រក​ឃើញ​ជំងឺ​មហារីក​ទាន់​ពេលវេលា​មាន​សារៈសំខាន់​ណាស់ ដើម្បី​​ជួយ​ឲ្យ​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​ខ្ពស់។ បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​គួរ​ណែនាំ​កូន​ឲ្យ​ញ៉ាំ​របប​អាហារ​មាន​តុល្យភាព ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់ កាត់បន្ថយ​ការ​ញ៉ាំ​​អាហារ​ចៀន​ និង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 02, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម