និយមន័យ
១- ជំងឺមហារីកស្រទាប់ក្នុងស្បូនជាអ្វី?
មហារីកស្រទាប់ក្នុងស្បូន គឺជាមហារីកដែលកើតដំបូងនៅក្នុងស្បូន។ ស្បូនជាសរីរាង្គប្រហោងរាងដូចផ្លែសណ្ដែកបាយស្ថិតក្នុងអាងត្រគាករបស់ស្ដ្រីដែលជាកន្លែងគភ៌លូតលាស់។ ជំងឺនេះចាប់ផ្ដើមដំបូងនៅក្នុងស្រទាប់កោសិការបស់ស្រទាប់ក្នុងស្បូន (endometrium) ពេលខ្លះគេក៏អាចហៅវាថាមហារីកស្បូនផងដែរ។ លើសពីនេះទៀតនៅក្នុងស្បូនក៏អាចមានមហារីកផ្សេងទៀតផងដែរដូចជាមហារីកសាច់ដុំស្បូន (uterine sarcoma) ប៉ុន្ដែវាមិនសូវកើតមានដូចមហារីកស្រទាប់ក្នុងស្បូននោះទេ។ គេតែងរកឃើញជំងឺមហារីកស្រទាប់ក្នុងស្បូនបានលឿនព្រោះវាតែងធ្វើឲ្យហូរឈាមតាមទ្វារមាសខុសធម្មតាដែលធ្វើឲ្យស្ដ្រីឆាប់ទៅជួបគ្រូពេទ្យ។ ករណីដែលឆាប់រកឃើញមហារីកបាន នោះគេនឹងធ្វើការវះកាត់ស្បូនចេញហើយអ្នកជំងឺនឹងបានជាសះស្បើយ។
២- សម្បូរអ្នកកើតដែរឬទេ?
មហារីកស្រទាប់ក្នុងស្បូនតែងកើតទៅលើតស្ដ្រីក្រោយអស់រដូវជាពិសេសស្ដ្រីស្ថិតក្នុងអាយុ ៦០ឆ្នាំ ហើយវាមិនសូវកើតចំពោះស្ដ្រីអាយុក្រោម ៤៥ឆ្នាំទេ។ លើសពីនេះទៀតគេប្រទះឃើញមហារីកនេះច្រើនចំពោះស្រ្ដីជនជាតិស្បែកស ប៉ុន្ដែបើកើតទៅស្ដ្រីជនជាតិស្បែកខ្មៅ គឺច្រើនតែស្លាប់។ មានស្ដ្រីច្រើនជាង ៦០ម៉ឺននាក់បានរួចផុតពីជំងឺមហារីកនេះ ហេតុនេះសូមទៅពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព៌ត៍មានបន្ថែម។
រោគសញ្ញា
១- រោគសញ្ញារបស់មហារីកស្រទាប់ក្នុងស្បូនអ្វីខ្លះ?
រោគសញ្ញាទូទៅរបស់មហារីកស្រទាប់ស្បូនមាន៖
- ហូរឈាមតាមទ្វារមាសក្រោយអស់រដូវ
- មានធ្លាក់ឈាមចន្លោះវដ្តរដូវ
- ធ្លាក់ស ឬឈាមខុសធម្មតាតាមទ្វារមាស
- ឈឺត្រគាក
អាចមានរោគសញ្ញាដ៏ទៃទៀតដែលមិនបានរៀបរាប់ដូចខាងលើ ហេតុនេះបើស្រីៗយើងមានក្ដីបារម្មណ៍ទាក់ទងនឹងរោគសញ្ញាសូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។
២- ពេលណាគួរទៅជួបគ្រូពេទ្យ?
បើឃើញមានសញ្ញា ឬអាការៈដូចដែលបានរៀបរាប់ខាងលើ ឬមានចម្ងល់ផ្សេងៗសូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ រាងកាយរបស់យើងម្នាក់ៗដំណើរការខុសៗគ្នា ដូច្នេះវាជារឿងដែលល្អក្នុងការទៅពិគ្រោះជាមួយគ្រពេទ្យពីអ្វីដែលល្អសម្រាប់ខ្លួនយើង។
មូលហេតុ
១- មូលហេតុបណ្ដាលឲ្យមានមហារីកស្រទាប់ក្នុងស្បូន?
គ្រូពេទ្យមិនដឹងពីមូលហេតុជាក់ច្បាស់ដែលបណ្ដាលឲ្យកើតមហារីកនេះទេ ប៉ុន្ដែគេគ្រាន់ដឹងវាបានតាមរយៈកោសិកាដែលចែកខ្លួនក្នុងស្រទាប់ក្នុងស្បូន endometrium ដោយកោសិកាចែកខ្លួនប្រែទៅជាកោសិកាធម្មតាហើយកោសិកាធម្មតាប្រែទៅជាកោសិកាមិនប្រក្រតីវិញ។ កោសិកាធម្មតាលូតលាស់ និងចែកខ្លួនក្នុងកម្រិតមួយហើយក៏ស្លាប់ទៅវិញក្នុងរយៈពេលមួយផងដែរ រីឯកោសិកាមិនធម្មតាធំធាត់និងចែកខ្លួនខ្លាំងលើសកម្រិត ហើយវាក៏មិនស្លាប់នោះទេ។ កោសិកាដែលខុសប្រក្រតីនោះទៅផ្ដុំគ្នាបង្កើតបានជាដុំសាច់ (tumor) ហើយវារាលដាលទៅកាន់ជាលិកាដែលនៅក្បែរវាហើយអាចចែកខ្លួនចេញទៅកន្លែងផ្សេងទៀតក្នុងខ្លួនយើង (metastasize)។
ហានិភ័យ
១- ហានិភ័យកើតមហារីកស្រទាប់ក្នុងស្បូន?
កត្ដាប្រឈមធ្វើឲ្យកើតជំងឺមហារីកស្រទាប់ក្នុងស្បូនមានដូចជា៖
- របស់ដែលប៉ះពាល់ទៅលើកម្រិតអ័រម៉ូនដូចជាបាត់បង់អ័រម៉ូនអឺស្រ្តូហ្សែនក្រោយអស់រដូវ ថ្នាំពន្យាកំណើតឬ tamoxifen មករដូវច្រើន
- ក្នុងជីវិត មានផ្ទៃពោះ ជំងឺធាត់ ដុំនៅអូវែនិងមានដុំគីសក្នុងអូវែ (polycystic ovarian syndrome)
- ដាក់កងក្នុងស្បូន
- អាយុ
- ចំណីអាហារ និងលំហាត់ប្រាណ
- ជំងឺទឹកនោមផ្អែម
- ប្រវត្តិគ្រួសារដូចជាមានសាច់ញាតិកើតមហារីកស្រទាប់ស្បូន ឬមហារីកពោះវៀនធំ
- ធ្លាប់កើតមហារីកដោះ ឬអូវែ
- ធ្លាប់កើត endometrial hyperplasia
ធ្លាប់ព្យាបាលដោយកាំរស្មីអ៉ិចទៅលើអាងត្រគាកដើម្បីព្យាបាលមហារីកផ្សេងទៀតដោយឡែកអ្នកមានផ្ទៃពោះ ប្រើថ្នាំពន្យាកំណើត និងប្រើកងដាក់ក្នុងស្បូនអាចប្រឈមមុខទាបទៅនឹងមហារីកស្រទាប់ស្បូនខណៈពេលដែលកត្តាផ្សេងទៀតធ្វើឲ្យប្រឈមមុខខ្ពស់ទៅវិញ។ ខាងក្រោមនេះគេនឹងពិភាក្សាពីកត្តានិងឥទ្ធិពលរបស់មហារីកនេះ។
រោគវិនិច្ឆ័យ&ការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ គ្នាយើងគួរតែពិភាក្សា ជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលប្រើប្រាស់ថ្នាំនេះ។
១- រោគវិនិច្ឆ័យមហារីកស្រទាប់ក្នុងស្បូន?
តេស្ដនិងវិធីធ្វើរោគវិនិច្ឆ័យមហារីកស្រទាប់ក្នុងស្បូនមានដូចជា៖
- ការពិនិត្យអាងត្រគាក៖ គ្រូពេទ្យនឹងអង្កេតលើផ្នែកខាងក្នុងនៃទ្វារមាស (vulva) យ៉ាងម៉ត់ចត់បន្ទាប់មកដៃម្ខាងប្រើម្រាមពីរចូលក្នុងទ្វារមាសហើយម្ខាងទៀតដាក់លើពោះរួចរុញដៃទាំងពីរក្នុងពេលតែមួយដើម្បីស្ទាបស្បូននិងអូវែ។ គ្រូពេទ្យក៏ដាក់ឧបករណ៍ម្យ៉ាងឈ្មោះថា speculum រាងដូចជំពុះទា ដើម្បីបើកទ្វារមាសដូចនេះគាត់អាចពិនិត្យមើលភាពមិនធម្មតានៃទ្វារមាសនិងមាត់ស្បូន។
- ប្រើរលកសំឡេងដើម្បីបង្កើតជារូបភាពស្បូន ពិនិត្យអេកូសាស្ត្រលើអាងត្រគាក ហើយគ្រូពេទ្យនឹងសូមឲ្យធ្វើអេកូទ្វារមាសដើម្បីមើលពីកម្រាស់និងសភាពរបស់ស្រទាប់ក្នុងស្បូននិងជួយទាត់ចោលនូវជំងឺដទៃទៀត។ ក្នុងដំណើរការនេះគេដាក់ឧបករណ៍រាងដូចដំបង (transducer) ចូលក្នុងទ្វារមាស។ Transducer ប្រើរលកសំឡេងដើម្បីបង្កើតជាវីដេអូរូបភាពស្បូនអ្នក។ តេស្តនេះគេប្រើដើម្បីរកមើលភាពមិនប្រក្រតីនៃស្រទាប់ក្នុងស្បូន។
- ប្រើឧបករណ៍ដើម្បីពិនិត្យស្រទាប់ក្នុងស្បូនដោយប្រើឧបករណ៍ឆ្លុះស្បូន។ គ្រូពេទ្យនឹងដាក់បំពង់ស្ដើង ងាយបត់បែនហើយស្រាលតាមទ្វារមាសនិងមាត់ស្បូនចូលក្នុងស្បូនហើយមានឡែនដែលជាភ្នែកកាម៉េរានៅនឹងម៉ាស៊ីនឆ្លុះនឹងអាចឲ្យគ្រូពេទ្យពិនិត្យមើលផ្នែកខាងក្នុងស្បូននិងស្រទាប់ក្នុងស្បូនបាន។
- ការច្រឹបយកសាច់ជាលិកាទៅពិនិត្យ។ គេច្រឹបយកសាច់កោសិកាស្បូនតាមរយះការធ្វើការច្រឹបសាច់របស់ស្រទាប់ក្នុងស្បូនហើយយកទៅវិភាគនៅមន្ទីរពិសោធន៍។ គេអាចធ្វើតេស្ដនេះបាននៅក្នុងបន្ទប់ពិនិត្យជំងឺរបស់គ្រូពេទ្យ និងមិនត្រូវការចាក់ថ្នាំស្ពឹក។
ធ្វើការវះកាត់យកជាលិកាទៅពិនិត្យ។ គេធ្វើវិធីនេះលុះត្រាតែការច្រឹបសាច់ជាលិកាមិនបានគ្រប់គ្រាន់ឬលទ្ធផលវាមិនទាន់ច្បាស់លាស់ហើយគេហៅវិធីនេះថា dilation និង curettage (D&C) ។ គេធ្វើការកោសយកជាលិកាពីស្រទាប់ក្នុងរបស់ស្បូនហើយពិនិត្យតាមមីក្រូស្កូបដើម្បីរកកោសិកាមហារីក។
- បើសិនគេរកឃើញមានជំងឺមហារីកនោះយើងនឹងត្រូវទៅជួបជាមួយគ្រូពេទ្យជំនាញខាងជំងឺមហារីកផ្នែកប្រដាប់ភេទស្ដ្រី (គ្រូពេទ្យមហារីកផ្នែករោគស្ដ្រី)។
២- ការព្យាបាលមហារីកស្រទាប់ក្នុងស្បូន?
ការវះកាត់
ស្ដ្រីដែលកើតជំងឺមហារីកស្រទាប់ក្នុងស្បូនជាទូទៅគេព្យាបាលដោយការវះកាត់ដើម្បីកាត់ស្បូនចេញ (ការកាត់ស្បូន) ក៏ដូចជាដៃស្បូន និងអូវែ (ការកាត់ដៃស្បូននិងអូវែ)។ ស្រីៗយើងមិនអាចមានកូនបានទេក្រោយពេលធ្វើការកាត់យកស្បូនចេញហើយនឹងលេងមានរដូវបន្ទាប់ពីកាត់អូវែចេញ។ កំឡុងពេលធ្វើការវះកាត់គ្រូពេទ្យនឹងសង្កេតមើលតំបន់ជុំវិញស្បូនរបស់យើងដើម្បីរកមើលសញ្ញានៃការរីករាលដាលរបស់មហារីក ហើយគ្រូពេទ្យក៏អាចកាត់យកកូនកណ្ដុលទៅធ្វើតេស្ដដែលវាអាចជួយឲ្យដឹងពីដំណាក់កាលរបស់មហារីក។
កាំរស្មី
ព្យាបាលដោយកាំរស្មីក្នុងកម្រិតថាមពលខ្ពស់ដូចជាកាំរស្មីអ៉ិចនិងប្រូតុងដើម្បីសម្លាប់កោសិកាមហារីក។ ជាក់ស្ដែងគ្រូពេទ្យនឹងស្នើសុំឲ្យអ្នកជំងឺបាញ់កាំរស្មីដើម្បីកាត់បន្ថយហានិភ័យប្រឈមទៅនឹងការរើឡើងវិញនៃមហារីកក្រោយវះកាត់។ ប៉ុន្ដែក្នុងករណីខ្លះគេក៏អាចប្រើកាំរស្មីមុនពេលវះកាត់ផងដែរដើម្បីបង្រួមដុំសាច់និងងាយស្រួលកាត់ចេញ។ តែបើអ្នកជំងឺមានសុខភាពមិនល្អក្នុងការវះកាត់ទេនោះ គេនឹងព្យាបាលត្រឹមតែកាំរស្មីប៉ុណ្ណោះ។ ចំពោះស្ដ្រីដែលស្ថិតក្នុងដំណាក់កាលចុងក្រោយវិញគេព្យាបាលដោយប្រើកាំរស្មីអាចជួយបំបាត់ការឈឺចាប់។
ការព្យាបាលដោយកាំរស្មីអាចទាក់ទងនឹង៖
- កាំរស្មីចេញពីម៉ាស៊ីនក្រៅខ្លួនប្រាណ។ កំឡុងពេលការប្រើកាំរស្មីពីខាងក្រៅ អ្នកជំងឺតម្រូវឲ្យដេកលើតុដើម្បីឲ្យកាំរស្មីរត់ចំខ្លួន។
- កាំរស្មីដាក់ក្នុងខ្លួនអ្នកជំងឺ។ កាំរស្មីខាងក្នុង (brachytherapy) គេដាក់ឧបករណ៍កាំរស្មីដែលមានរាងគ្រាប់តូច ខ្សែ ឬរាងស៊ីឡាំងចូលក្នុងទ្វារមាសមួយរយះពេលខ្លី។
ព្យាបាលដោយប្រើអ័រម៉ូន
ការព្យាបាលដោយប្រើអ័រម៉ូនដោយប្រើថ្នាំដែលមានឥទ្ធិពលដល់កម្រិតអ័រម៉ូនក្នុងខ្លួន។ វាអាចជាជំរើសល្អសម្រាប់អ្នកមានមហារីកស្ថិតក្នុងដំណាក់កាលចុងក្រោយហើយវារាលដាលចេញក្រៅស្បូន។
- ថ្នាំដែលជួយបង្កើនកម្រិតប្រូចេស្ដេរ៉ូន (progesterone) ក្នុងខ្លួន។ ប្រូចេស្ទីនដែលសំយោគជាទម្រង់នៃអ័រម៉ូនប្រូចេស្ទេរ៉ូនវាអាចបញ្ឈប់កោសិកាមហារីកកុំឲ្យធំធាត់។
- ថ្នាំដើម្បីកាត់បន្ថយកម្រិតអឺស្រ្តូហ្សែនក្នុងខ្លួន។ ថ្នាំអ័រម៉ូនអាចជួយបន្ថយកម្រិតអឺស្ដ្រូហ្សែនក្នុងខ្លួន ឬធ្វើឲ្យអ័រម៉ូនដែលមានក្នុងខ្លួនពិបាកប្រើ ព្រោះថាកោសិកាមហារីកដែលអាស្រ័យលើអ័រម៉ូនអឺស្ដ្រូហ្សែនអាចនឹងស្លាប់ដោយសារថ្នាំនេះ។
ព្យាបាលដោយសារធាតុគីមី
ការប្រើប្រាស់សារធាតុគីមីដើម្បីសម្លាប់កោសិកាមហារីកដោយលេបថ្នាំ ឬចាក់តាមសរសៃឈម។ គេប្រើវិធីនេះចំពោះស្ដ្រីដែលមហារីកស្ថិតក្នុងដំណាក់កាលចុងក្រោយ ឬរើឡើងវិញហើយវារាលដាលទៅក្រៅស្បូន។ ថ្នាំទាំងនេះចូលក្នុងសរសៃឈាមហើយធ្វើដំណើរឆ្លងកាត់ខ្លួនអ្នកជំងឺដោយសម្លាប់កោសិកាមហារីក។
ការថែទាំបន្ថែម
ការថែទាំគឺជាវិធីពិសេសដែលផ្ដោតលើការឲ្យថ្នាំបំបាត់ការឈឺចាប់ និងបំបាត់រោគសញ្ញាធ្ងន់ធ្ងរដទៃទៀត។ លើសពីនេះទៀតអ្នកជំនាញខាងថែទាំនឹងសហការណ៍ជាមួយអ្នកជំងឺ គ្រួសារអ្នកជំងឺ និងគ្រូពេទ្យផ្នែកផ្សេងទៀតដើម្បីផ្ដល់នូវការព្យាបាលបន្ថែម។ ការថែទាំបន្ថែមនេះក៏អាចប្រើក្នុងការព្យាបាលផ្សេងៗទៀតដូចជាការវះកាត់ ព្យាបាលដោយសារធាតុគីមី ឬកាំរស្មី។ ពេលគេប្រើការថែទាំបន្ថែមជាមួយការព្យាបាលដទៃទៀតវានឹងជួយដល់អ្នកជំងឺមហារីកបានធូរស្រាលនិងរស់នៅបានយូរ។ ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកជំនាញផ្នែកផ្សេងទៀតជាអ្នកផ្ដល់ការថែទាំបន្ថែមក្នុងគោលបំណងជួយឲ្យអ្នកជំងឺមហារីករស់នៅបានយូរ។
បំលាស់ប្ដូររបៀបរស់នៅ និងវិធីព្យាបាលនៅផ្ទះ
១- បំលាប់ប្ដូររបៀបរស់នៅនិងវិធីព្យាបាលនៅផ្ទះពេលមានមហារីកស្រទាប់ស្បូន?
បំលាប់ប្ដូររបៀបរស់នៅនិងវិធីព្យាបាលនៅផ្ទះជួយពេលមានមហារីកស្រទាប់ស្បូន៖
- រកឲ្យឃើញឆាប់ពីជំងឺនេះដើម្បីងាយស្រួលព្យាបាល។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យពីដំណាក់កាលមហារីក វិធីព្យាបាលនិងផលរំខានរបស់វា។
- ព្យាយាមរក្សាប្រព័ន្ធការពារឲ្យខ្លាំងព្រោះថាទំនាក់ទនងល្អអាចជួយយើងក្នុងការព្យាបាល។ អ្នកជំងឺអាចនិយាយជាមួយមិត្តភក្ត្រជិតដិតនិងសមាជិកគ្រួសារពីអារម្មណ៍ហើយទាក់ទងជាមួយអ្នករស់រានពីមហារីកដទៃទៀតដែលនៅក្នុងសមាគមន៍អ្នកឬតាមអនឡាញ។ ហេតុនេះសូមទៅពិភាក្សាជាមួយគ្រូពេទ្យអំពីមនុស្សដែលនៅក្នុងតំបន់យើងរស់នៅ។
- ប្រកបការងារដូចធម្មតាបើយើងអាចហើយបើមានអារម្មណ៍មិនល្អសូមព្យាយាមធ្វើឲ្យខ្លួនរវល់។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប
[embed-health-tool-bmi]