អំឡុងពេលពពោះ ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តឲ្យបានល្អ មានសារៈសំខាន់ណាស់សម្រាប់ម៉ាក់ៗ និងទារកក្នុងផ្ទៃ ហើយការថែទាំរូបរាងឲ្យនៅសមសួន និងរឹងមាំ អាចជួយឲ្យយើងឆាប់ជាសះស្បើយក្រោយសម្រាល កាត់បន្ថយការឈឺចាប់ និងជួយឲ្យយើងគេងលក់ស្រួលថែមទៀតផង។
គន្លឹះទាំង៥ ជួយឲ្យរាងកាយសមសួន មិនធាត់ជ្រុលអំឡុងពេលពពោះ
១. រក្សាជាតិទឹកក្នុងរាងកាយ
អំឡុងពេលពពោះ ម៉ាក់ៗចាំបាច់ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ពីព្រោះទឹកផ្ដល់គុណប្រយោជន៍ដ៏ល្អដល់ការលូតលាស់របស់ទារក។ បន្ថែមពីនេះ ទឹកក៏ជួយក្នុងការបង្កើតថង់ទឹកភ្លោះ និងសុក ដែលមានតួនាទីផ្ដល់សារធាតុចិញ្ចឹមដល់កូន។ ម៉ាក់ៗអាចខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស ប្រសិនបើប្រឈមនឹងអាការៈចាញ់កូន ឬបែកញើសញឹកញាប់ ដូច្នេះហើយម៉ាក់គួរញ៉ាំទឹកឲ្យបាន៨ ទៅ១២កែវជារៀងរាល់ថ្ងៃ។
២. ធ្វើចលនា
ទោះជាយើងមានអារម្មណ៍ថាហត់នឿយ ឬមិនសប្បាយចិត្តក៏ដោយ ប៉ុន្តែយើងមិនគួររំលងការហាត់ប្រាណជារៀងរាល់ថ្ងៃឡើយ។ ជាក់ស្ដែង ការធ្វើចលនាកាន់តែច្រើន អាចជួយកម្ចាត់បញ្ហាហត់នឿយ អស់កម្លាំងបានយ៉ាងស័ក្ដិសិទ្ធិ។ ការដើរហាត់ប្រាណរយៈពេល២០នាទី ឬហាត់យូហ្គារយៈពេលខ្លី ក៏អាចជួយឲ្យយើងមានសុខភាពរឹងមាំដូចគ្នា។ ពិតណាស់ ការធ្វើលំហាត់ប្រាណជាទៀងទាត់អំឡុងពេលពពោះ ក៏អាចបង្ការជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ ព្រមទាំងជួយកាត់បន្ថយស្រ្តេសផងដែរ។
[embed-health-tool-due-date]
៣. ជៀសវាងញ៉ាំជាតិស្ករជ្រុល
ការជៀសវាងញ៉ាំជាតិស្ករ អាចជារឿងពិបាកមួយ ជាពិសេសនៅអំឡុងពេលពពោះតែម្ដង។ យ៉ាងណាមិញ ទស្សនាវដ្ដីអាមេរិកនៃឱសថបង្ការបានរាយការណ៍ថា ការញ៉ាំជាតិស្ករច្រើនអំឡុងពេលពពោះ អាចប៉ះពាល់ដល់សមត្ថភាពយល់ដឹងរបស់កុមារ ដូចជាភាពវៃឆ្លាត និងការចងចាំ។
ដូចនេះ ម៉ាក់គួរញ៉ាំផ្លែឈើ ដើម្បីជំនួសឲ្យស្ករសូកូឡា ឬភេសជ្ជៈបន្ថែមជាតិស្ករផ្សេងៗ ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
៤. ធ្វើសមាធិ
ការចំណាយពេលត្រឹមតែ១៥ ទៅ២០នាទីជារៀងរាល់ថ្ងៃ ក្នុងការធ្វើសមាធិ អាចជួយបន្ធូរអារម្មណ៍ដល់ទាំងម៉ាក់ និងកូននៅក្នុងផ្ទៃ ពីព្រោះសមាធិអាចកាត់បន្ថយស្រ្តេស ជួយឲ្យគេងលក់ស្រួល និងកាត់បន្ថយហានិភ័យនៃការបាក់ទឹកចិត្ត ក្រោយពេលសម្រាលកូនរួច។
៥. ញ៉ាំអាហារសុខភាព
ជាមួយគ្នានេះដែរ អំឡុងពេលពពោះ ម៉ាក់ និងកូនក្នុងផ្ទៃគួរញ៉ាំអាហារសុខភាពឲ្យបានគ្រប់គ្រាន់ ដើម្បីផ្ដល់សារធាតុចិញ្ចឹមល្អៗដែលរាងកាយត្រូវការ។ បន្លែស្លឹកបៃតង និងអាហារដែលផ្សំពីទឹកដោះគោ អាចជួយផ្ដល់ជាតិកាល់ស្យូម ស្របពេលដែលប៉ាស្តា បាយ និងនំប៉័ងជាប្រភពនៃសារធាតុហ្វូឡេត។ បន្ថែមពីនេះ ម៉ាក់ក៏អាចបំពេញជាតិដែកដល់រាងកាយ តាមរយៈការញ៉ាំស៊ុត សណ្ដែក និងត្រីសាម៉ុន។