នៅពេលស្រីៗមានទម្ងន់ តម្រូវការទឹកនឹងកើនឡើងលើសពីស្រ្តីធម្មតា។ តម្រូវការកើនឡើងនេះ គឺដើម្បីផលិតទឹកភ្លោះ ផលិតឈាមបន្ថែម បង្កើតកោសិកាថ្មី ដឹកនាំសារជាតិចិញ្ចឹម ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងដើម្បីកម្ចាត់កាកសំណល់ និងជាតិពុលពីរាងកាយ។
ក្រៅពីនេះការបំពេញជាតិទឹកដល់រាងកាយគ្រប់គ្រាន់ក៏ជួយឲ្យស្រ្តីមានផ្ទៃពោះកាត់បន្ថយហានិភ័យទល់លាមកដែលអាចនាំឲ្យកើតជំងឺឫសដូងបាត និងអស់កម្លាំងផងដែរ។ ដោយសារពេលពពោះ ស្រ្តីត្រូវការទឹកច្រើនជាងពេលធម្មតា ដូចនេះក្នុងមួយថ្ងៃគួរញ៉ាំទឹកឲ្យបានរង្វង់ពីរលីត្រ។
រោគសញ្ញាខ្វះជាតិទឹក
- ស្រ្តីពពោះដែលមានបញ្ហាខ្វះជាតិទឹកអាចនឹងចេញរោគសញ្ញាដូចជា៖
- មានអារម្មណ៍ស្រេកទឹក
- ទឹកនោមពណ៌លឿង ឬមានក្លិនមិនល្អ
- វិលមុខ ឬធេងធោង
- ស្ងួតមាត់ បបូរមាត់ និងភ្នែក
ក្នុងករណីមិនច្បាស់ក្នុងចិត្តថាគួរញ៉ាំទឹកកម្រិតណាល្អចំពោះសុខភាពពេលពពោះ ស្រីៗយើងគួរពិភាក្សាជាមួយគ្រូពេទ្យ។ ដូចគ្នាដែរ បើសិនជារោគសញ្ញាខ្វះជាតិទឹកនៅបន្តកើតមានមិនបាត់ទៅវិញ ក្រោយពីបានញ៉ាំទឹកច្រើនហើយក៏ដោយ ស្រ្តីពពោះ ក៏ត្រូវពិភាក្សាជាមួយគ្រូពេទ្យដែរ។
តិចនិកបំពេញជាតិទឹកសម្រាប់ស្រ្តីពពោះ
ដើម្បីរក្សាជាតិទឹកក្នុងរាងកាយឲ្យបានល្អ ស្រ្តីកំពុងពពោះ គួរចៀសវាងញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងងាកមកញ៉ាំទឹកផ្លែឈើស្រស់ ឬទឹកដោះគោជំនួសវិញ។ ដូចគ្នាដែរ ការញ៉ាំផ្លែឈើ និងបន្លែ ក៏ជាការបន្ថែមជាតិទឹកដល់រាងកាយដូចគ្នា។ មួយវិញទៀតស្រ្តីមានផ្ទៃពោះគួរចៀសវាងត្រូវកម្ដៅថ្ងៃខ្លាំង ដែលជាហេតុនាំឲ្យបាត់បង់ជាតិទឹកដូចគ្នា។ ដូចនេះ បើចង់ហាត់ប្រាណ គួរហាត់ពេលព្រឹកព្រលឹម ឬពេលល្ងាច ដើម្បីកុំឲ្យត្រូវកម្ដៅថ្ងៃខ្លាំង និងត្រូវបន្ថែមការញ៉ាំទឹក បើសិនជាបញ្ចេញសកម្មភាពរាងកាយច្រើន។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
ដូចគ្នាដែរ ការញ៉ាំទឹករ៉ែធម្មជាតិ ក៏ជាវិធីមួយជួយបំពេញជាតិទឹកដល់រាងកាយដូចគ្នា ហើយថែមទាំង អាចមានប្រយោជន៍សម្រាប់កូនក្នុងផ្ទៃផងដែរ។ ទឹករ៉ែធម្មជាតិមានផ្ទុករ៉ែកាល់ស្យូម ដែលមានសារៈសំខាន់សម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញសម្រាប់របស់កូនក្នុងផ្ទៃ។ ដូចនេះការញ៉ាំទឹករ៉ែធម្មជាតិ អាចរួមចំណែកបន្ថែមកាល់ស្យូមដែលស្រ្តីពពោះត្រូវការពីរបបអាហារប្រចាំថ្ងៃ។ ជាធម្មតាស្រ្តីមានផ្ទៃពោះត្រូវការកាល់ស្យូម ១ ០០០មិល្លីក្រាមក្នុងមួយថ្ងៃ។
យ៉ាងណា ការជ្រើសរើសទឹករ៉ែធម្មជាតិ ស្រីៗយើងដែលកំពុងពពោះ ត្រូវពិនិត្យរកទឹកណាដែលមានកម្រិតសូដ្យូមទាបបំផុត ព្រោះថាបើស្រ្តីពពោះមានកម្រិតសូដ្យូមខ្ពស់អាចធ្វើឲ្យមានអាការៈហើម។ ជាធម្មតាស្រ្តីពពោះ ក៏ដូចជាស្រ្តីផ្សេងទៀតដែរគឺត្រូវការសូដ្យូម៣ ០០០មិល្លីក្រាមក្នុងមួយថ្ងៃ។ អ្នកម្តាយមានសុខភាពល្អជួយអោយបុត្រធីតាមានសុខភាពល្អនិងរឹងមាំដែរ។
[embed-health-tool-due-date]