backup og meta

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។

បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​

១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង

ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។

២. ការ​ឆ្លង​មេរោគ​ផ្សិត

អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។

ទ្វារមាស

៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​

បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​បណ្តេញ​ពពួក​បាក់តេរី​ចេញ​ពី​ផ្លូវ​ទឹក​នោម​។ ប្រសិនបើ​ម៉ាក់​ប្រឈម​នឹង​បញ្ហា​មួយ​នេះ គួរ​តែ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ពីព្រោះ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ អាច​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ។

៤. ជំងឺ​ឫសដូងបាត

ជំងឺ​ឫសដូងបាត ក៏​កើត​មាន​ញឹកញាប់​អំឡុង​ពេល​ពពោះ​ដែរ។ បញ្ហា​មួយ​នេះ អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺចាប់​ រមាស់​ និង​មិន​ស្រួល​ ជា​ពិសេស​នៅ​ពេល​បន្ទោបង់។ ការ​កើន​ឡើង​នៃ​សម្ពាធ​លើ​សរសៃ​ឈាម​អាង​ត្រគាក ជាមួយ​នឹង​ការ​ប្រែប្រួល​អ័រម៉ូន​ អាច​រួម​ចំណែក​ដល់​ការវិវត្តន៍​នៃ​ជំងឺ​មួយ​នេះ។ ដូច្នេះ​ ស្ត្រី​ពពោះ​គួរ​បញ្ចូល​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ទៅ​ក្នុង​របប​អាហារ ដើម្បី​បង្ការ​ការ​ទល់លាមក ដែល​អាច​ធ្វើ​ឲ្យ​ជំងឺ​ឫសដូងបាត​កាន់​តែ​ធ្ងន់ធ្ងរ។

[embed-health-tool-due-date]

៥. ស្បែក​ងាយ​ប្រតិកម្ម

ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រែប្រួល​អ័រម៉ូន​ អាច​ធ្វើ​ឲ្យ​តំបន់​ពិសេស​កាន់​តែ​ងាយ​ប្រតិកម្ម ដោយ​អាច​បណ្តាល​ឲ្យ​មាន​ការ​រលាក រមាស់​ និង​មិន​ស្រួល​។ ម៉ាក់​អាច​ថែទាំ​អនាម័យ​ទ្វារ​មាស ដោយ​​ជ្រើសរើស​​ទឹក​អនាម័យ​ដែល​គ្មាន​ក្លិន​ និង​គ្មាន​ជាតិ​កាត់ ដើម្បី​ធ្វើការ​លាង​សម្អាត។ គួរ​ជៀសវាង​ស្លៀក​សំលៀកបំពាក់​រឹប​តឹង និង​​ប្រើ​តែ​​ប្រភេទ​សាច់​ក្រណាត់​ដែល​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ​ ដើម្បី​កាត់បន្ថយ​ការ​កកិត និង​រលាក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal discharge during pregnancy: your questions answered

https://www.nct.org.uk/pregnancy/worries-and-discomforts/common-discomforts/vaginal-discharge-during-pregnancy-your-questions-answered

Vaginal discharge during pregnancy and associated adverse maternal and perinatal outcomes

https://www.ncbi.nlm.nih.gov/pmc/articles/PMC8377920/

Hygiene and oral health during your pregnancy

https://www.marshfieldclinic.org/specialties/obgyn/pregnancy/care-tips/pregnancy-info-hygiene

កំណែ​ប្រែបច្ចុប្បន្ន

24/08/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រ្តីពពោះអាចញ៉ាំផ្លែប៉េសបានអត់? ផ្តល់អត្ថប្រយោជន៍សុខភាពអ្វីខ្លះ?

ម៉េចបានម៉ាក់ៗមានអាការៈហត់ ឬដកដង្ហើមខ្លីៗអំឡុងពេលពពោះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម