backup og meta

អ្វីជា​ជំងឺក្លនពេលពពោះ ហើយគួរឲ្យបារម្ភកម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 04, 2022

    អ្វីជា​ជំងឺក្លនពេលពពោះ ហើយគួរឲ្យបារម្ភកម្រិតណា?

    ស្រីៗ​មាន​ផ្ទៃ​ពោះ ឈឺចង្កេះ ឈឺត្រគាក​ អាច​ជា​រឿង​ធម្មតា​កើត​លើ​ស​ស្រីៗ​ទូទៅ​ ប៉ុន្តែ​ពេល​ខ្លះ​មិន​ទាន់​ពពោះ​ផង ស្រាប់​តែ​មាន​បញ្ហា​ឈឺ​ចង្កេះ ត្រគាក ឬ​កន្លែង​ណា​មួយ​មាន​ដុំ​ពកនៅ​ក្រលៀន ឬ​ពោះ គ្រាន់​តែ​សើច ដក​ដង្ហើម​វែង​ក៏​ឈឺ​ ច្បាស់​ជា​មាន​បញ្ហា​អ្វី​មូយ​ទៀត។ មាន​ធ្លាប់ឮចាស់ៗ​និយាយ​ពី​ជំងឺ​ក្លន​ អត់? អ្នក​ធ្លាប់​ឮ​ ច្បាស់​ជា​គិត​ជា​ជំងឺ​ប្រុសៗ កើតពេល​ពង​ស្វាស​មិន​ប្រក្រតី​ប៉ុណ្ណោះ តែ​កុំ​ច្រឡំ ​ស្រីៗ​ក៏​កើត​ដែរ ពិសេស​ស្រីៗ​ពពោះ កាន់​ងាយ​កើត​ថែម​ទៀត។​

    ១- អ្វី​ទៅ​ជា​ជំងឺ​ក្លន?

    ជំងឺ​ក្លន ជា​ភាសា​បច្ចេកទេសហៅ​ថា Hernia សំដៅ​លើ​ជំងឺកើត​ឡើង​នៅ​ពេល​ផ្នែក​ណា​មួយ​នៃ​សរីរាង្គ​ខាង​ក្នុង មើល​ឃើញ​ចេញ​មក​ក្រៅ​តាម​រយៈចន្លោះ​សាច់​ដុំ ឬ​ជាលិកា​ដែល​រក្សា​សរីរាង្គ​នោះ​។ ជំងឺ​ក្លន កើត​ឡើង​ញឹក​ញាប់ នៅ​ត្រង់​ផ្នែក​ពោះ​ និង​ក្រលៀន ឬ​​អាច​កើត​ចាប់​ពី​​ផ្នែក​ខាង​លើភ្លៅ ​ដល់​រន្ធ​ផ្ចិត។ ជំងឺ​ក្លន​ កើត​នៅ​អំឡុង​ពេល​ពពោះ មិន​មែន​ជា​អ្វី​​គួរ​ឲ្យ​ព្រួយ​បារម្ភ​ភ្លាមៗ​នោះទេ លើក​លែង​តែ​មាន​អាការៈ​ឈឺ។ ទោះ​យ៉ាង​ណា គួរ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ដើម្បី​ព្យាបាល ព្រោះ​ស្ថាន​ភាព​ជំងឺ​អាច​នឹង​ធ្ងន់​ធ្ងរ ​អាច​ឈាន​ទៅ​ដល់​គ្រោះ​ថ្នាក់​ដល់​ជីវិត​នៅ​ពេល​ក្រោយ។ មុន​ ឬ​អំឡុង​ពេល​ពពោះ ត្រូវ​ឲ្យ​គ្រូពេទ្យ​ដឹង​ថា យើង​​មាន​ជំងឺ​ក្លន ដើម្បី​ពេទ្យ​​អាច​ពិនិត្យ​រក​មើល​ផល​វិបាក​ធ្ងន់ធ្ងរ និង​វិធី​ព្យាបាល​សមស្រប។

    ចង់គណនា BMR ចុចទីនេះ!

    ២- មូល​ហេតុ​អី​ខ្លះ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ក្លន?

    ជំងឺ​ក្លន​ បណ្ដាល​មក​ពី​ភាព​ទន់​ខ្សោយ​របស់​ជញ្ជាំង​សាច់ដុំ ឬ​សាច់​ដុំ​នោះ​ មិន​អាច​លូតលាស់​ពេញ​លេញ។ អ្នកខ្លះ អាច​នឹង​កើត​មក​ដោយ​សារ​ជាលិកា​ខ្សោយ ឬ​បញ្ហា​លូត​លាស់​របស់​ជាលិកា​ ដោយ​សារ​កត្តា​សុខភាព​មួយ​ចំនួន។ បញ្ហា​ទាំង​នោះ ​រួម​មាន ការ​លើក​ធ្ងន់ ទឹក​ក្នុង​ពោះ កើន​សម្ពាធក្នុង​ពោះ រមួល​សាច់​ដុំ​ពេល​មាន​ចលនា​ពោះ​វៀន ឬ​ពេល​នោម ឡើង​ទម្ងន់​ខ្លាំង និង​ក្រដាស​រ៉ាំរ៉ៃ ឬ​ក្អក​រ៉ាំ​រ៉ៃ។ ស្រីៗ​មាន​ផ្ទៃ​ពោះ កាន់​ងាយ​កើត​ជំងឺ​ក្លន ពី​ព្រោះ​សាច់​ដុំ​​ច្រើន​តែ​តឹង ស្ដើង​ និង​ខ្សោយ​អំឡុង​ពេល​ពពោះ។

    ៣- អ្វី​ខ្លះ​ជា​រោគ​សញ្ញា​ជំងឺ​ក្លន?

    រោគ​សញ្ញា​​ជំងឺ​ក្លនចំពោះ​ស្រីៗ​កំពុងពពោះ​ អាច​មិនលេច​ចេញ​ទាល់​តែ​សោះ​ ប៉ុន្តែ​ស្រីៗ​មួយ​ចំនួន អាច​ឃើញ​ និង​ដឹងរោគ​​សញ្ញា​ ​មាន​អារម្មណ៍​ថា​មាន​ដុំ​ពក នៅ​ពេល​​ដេក ឬ​ពេលប៉ះ​ចំនៅ​កន្លែងពក​នោះ។ ក្នុង​ស្ថាន​ភាព​​ណា​មួយ​របស់​ជំងឺនេះ ​យើងអាច​​ឃើញ​​ជា​ដុំ​ពក​តូច​មួយ​នៅ​ក្រោម​ស្បែក មាន​អាការៈ​ឈឺ​តិចៗ  នៅ​ពេលយើង​​កម្រើកខ្លួន ឱន​ចុះ កណ្តាស់ ក្អក ឬ​សើច​ខ្លាំង។ ​ខ្លះ​អាច​មាន​អារម្មណ៍​ពិបាក​​នៅ​ពេល​ដែល​រើ​ខ្លួន ពិសេស​ពេល​​ពោះ​កាន់​តែ​ធំ​ទៅ។

    ជំងឺក្លនពេលពពោះ Hello គ្រូពេទ្យ

    ៤- ត្រូវ​ព្យាបាល​ជំងឺ​ក្លន​ដោយ​វិធី​ណា?

    ការ​វះ​កាត់ គឺ​ជា​វិធី​មាន​ប្រសិទ្ធ​ភាព​តែ​មួយ​គត់ ដើម្បី​ព្យាបាល​ជំងឺ​ក្លន។ ទោះ​យ៉ាងណា ជម្រើស​នេះ​អាច​ធ្វើ​ឲ្យមាន​​គ្រោះ​ថ្នាក់ ទាំងម៉ាក់ៗ ​និង​កូន​ក្នុង​ផ្ទៃ។ ​បើ​​មាន​ជំងឺ​ក្លន គ្រូពេទ្យអាច​នឹង​ណែនាំ ​គួរ​តែ​រង់​ចាំ​រហូត​ដល់សម្រាល​រួច និង​ជា​សះ​ស្បើយ​ពេញ​លេញ​សិន ខណៈ​ពេល​ព្យាបាល​ល្អ​បំផុត គឺ​ចន្លោះ​ពី ៣-៦ ខែក្រោយ​សម្រាល។ ផ្ទុយ​ទៅ​វិញ បើ​មាន​លក្ខខណ្ឌ​សុខ​ភាព​ណា​មួយ ​តម្រូវ​ឲ្យ​ត្រូវ​តែ​វះ​កាត់ ព្យាបាល​ជំងឺ​នេះ​ទាំង​កំពុង​មាន​ផ្ទៃ​ពោះ គ្រូពេទ្យ​អាច​នឹង​ធ្វើ​ការ​វះ​កាត់​នៅ​ត្រីមាស​ទី ២។

    ៥- ធ្វើ​ម៉េច​អាច​បង្ការ​​កុំ​ឲ្យ​កើត​ជំងឺ​ក្លន?

    អាច​ជារឿង​ពិបាក​មួយ ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​ក្លន ទោះ​បី​ជា​ការ​មាន​ផ្ទៃ​ពោះ​ មិន​មែន​ជាមូលហេតុ​ចម្បងនាំ​​ឲ្យ​ជំងឺ​ក្លន​រីក​ធំ​ ធ្ងន់​ធ្ងរ​ក៏​ពិត​មែន ក៏​យើង​​គួរ​ចៀស​វាង​កុំ​ធ្វើ​សកម្មភាព​ធ្ងន់ៗ។ ​អាច​យក​ដៃ​រុញ ឬទប់​​កន្លែង​ដែល​មានដុំ​ក្លន ពេល​កណ្តាស់ ក្អក ​ឬ​ក៏​សើច ព្រោះ​​ធ្វើ​ដូច​នេះ​ អាច​ការពារ កុំ​ឲ្យ​ឈឺ​ និង​មិន​ស្រួល​ក្នុង​ខ្លួន​នៅ​ថ្ងៃ​មុខ។

    ស្វែងយល់បន្ថែមពី៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Oct 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម