ហេតុមួយចំនួន ស្រីៗគួរយកកូននៅវ័យខ្ទង់២០ ឬ៣០ឆ្នាំជាងតិចតួច
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដំបូន្មានទៅស្រ្តីដែលរៀបការហើយ គួរតែរៀបគម្រោងយកកូនឲ្យបានឆាប់ទាន់ខ្លួននៅក្មេង ព្រោះថាការមានកូននៅវ័យច្រើន មិនសូវល្អឡើយ ដោយកូនមានបញ្ហាសុខភាពខ្សោយជាងកូនមានម៉ាក់វ័យក្មេង។

លោកក៏បានបន្តទៀតថា ស្រីៗឆាប់យកកូននៅវ័យចាប់ពី ២០-៣០ ឆ្នាំជាងតិចតួច កូនមានសុខភាពល្អ ព្រោះការបង្កកំណើតរលូន ដោយសុខភាពផ្លូវកាយ និងចិត្តល្អ ដូចនេះកូនក៏ទទួលឥទ្ធិពលល្អដូចគ្នា។ ចំណែកស្ត្រីវ័យពី ៣០ ឆ្នាំជាងទៅ ៤០ ជាង រាងកាយនឿយហត់ ស្រ្តេសច្រើន សុខភាពក៏លែងរឹងមាំដូចមុន នោះមេជីវិតក៏អន់ថយដែរ។

សាស្ត្រាចារ្យខាងលើបានបញ្ជាក់ថា នេះជាការរកឃើញរបស់អ្នកវិទ្យាសាស្ត្រ មនុស្សស្រីអាយុច្រើន ពេលមានកូននៅអំឡុងត្រីមាសទី១ អាចជួបបញ្ហាច្រើន ហើយក៏មានអត្រារលូតច្រើនផងដែរ ព្រោះតែសរីរាង្គពួកគាត់ខ្សោយ។ សម្រាប់ស្ត្រីអាយុច្រើន ចង់មានកូនត្រូវតែថែបំប៉នសុខភាពឲ្យល្អប្រសើរ។
ចំពោះស្ត្រីដែលមានវ័យច្រើនហើយចង់បានកូន តែធ្លាប់យកកូនចេញច្រើនដងកាលពីមុន ក៏ពិបាកមានកូនដែរ ព្រោះស្បូនត្រូវកោសច្រើនដង ដូចនេះពេលស៊ុតមកទុំក្រោយៗអាចមិនជាប់ ឬក៏ពេលមានកូនហើយអាចរលូតទៅវិញ។
អត្ថបទគួរអាន៖