ការសម្រាលកូនដោយវះកាត់អាចមកពីមូលហេតុសុខភាពម្ដាយ ឬសុខភាពរបស់កូននៅក្នុងផ្ទៃ ដែលគ្រូពេទ្យវាយតម្លៃថាត្រូវធ្វើការវះកាត់ដើម្បីសុវត្ថិភាពអ្នកទាំងពីរ។ ក្រៅពីនេះ ការសិក្សាមួយធ្វើធ្វើឡើងក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៥ និងចេញផ្សាយនៅឆ្នាំ២០១៦ លើស្រ្តីចំនួន១៤៣នាក់ដែលបានសម្រាលកូនដោយវះកាត់ បានរកឃើញថាអ្នកទាំងនោះភាគច្រើនបានសុំគ្រូពេទ្យសម្រាលដោយវះកាត់។
បើតាមការសិក្សាខាងលើ ក៏ដូចជាការបញ្ជាក់របស់គ្រូពេទ្យ យ៉ាងហោចណាស់មានហេតុផលបួនយ៉ាងសំខាន់ដែលស្រ្តីសម្រេចចិត្ត ឬតម្រូវឲ្យទទួលការសម្រាលកូនដោយវះកាត់។
១. កាយសម្បទាម្ដាយ
ទាក់ទងនឹងកាយសម្បទាម្ដាយនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ លើកឡើងថា បើសិនជាម្ដាយមានទំហំអាងត្រគាកតូចជាងក្បាលរបស់កូន គឺមិនអាចសម្រាលដោយធម្មជាតិបានទេ គឺពេទ្យអាចតម្រូវឲ្យម្ដាយវះកាត់ដើម្បីសម្រាល។
លោកបន្តថា កាលណាទំហំក្បាលកូនមិនសមាមាត្រទៅនឹងអាងត្រគាករបស់ម្ដាយ នោះកូនមិនអាចសម្រាលតាមធម្មជាតិបានទេ ហើយអាចគ្រោះថ្នាក់ដល់កូនផងដែរ បើសិនជាមិនធ្វើការវះកាត់ដើម្បីសម្រាល។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
២. សុខភាពកូនក្នុងផ្ទៃ
ទាក់ទងនឹងសុខភាពកូនវិញ លោក វេជ្ជបណ្ឌិត ចាន់ ស៊ីណេត លើកឡើងថា ជាការសំដៅដល់បញ្ហាសុករុំកកូនច្រើនជុំ កូនបញ្ច្រាស (គូទមកមុន កូនទទឹង ឬជើងកូនមកមុន) ឬសុខភាពកូនក្នុងផ្ទៃខ្សោយ ដោយសារម្ដាយឈឺពោះយូរពេក មានបញ្ហាបែកទឹកភ្លោះ ហើយស្បូនមិនបើកជាដើម។ ក្នុងករណីទាំងនោះ លោកវេជ្ជបណ្ឌិត ថាគ្រូពេទ្យនឹងណែនាំឲ្យម្ដាយសម្រាលដោយវះកាត់ ដើម្បីសុវត្ថិភាពទាំងម្ដាយ និងកូន។
៣. បញ្ហាទឹកភ្លោះ
ស្រ្តីពពោះមួយចំនួនអាចជួបបញ្ហាទឹកភ្លោះតិច ឬបែកទឹកភ្លោះមុនកំណត់ ដែលជាហេតុនាំឲ្យគ្រូពេទ្យណែនាំឲ្យម៉ាក់ៗសម្រាលដោយវះកាត់ដែរ។ លោក វេជ្ជបណ្ឌិត ចាន់ ស៊ីណេត លើកឡើងថា ម៉ាក់ៗអាចដឹងថាមានទឹកភ្លោះតិចតាមរយៈការឆ្លុះអេកូ ហើយការមានទឹកភ្លោះតិចនេះធ្វើឲ្យកូនពិបាកធ្វើចលនា និងពិបាកសម្រាលតាមធម្មជាតិ។
មួយវិញទៀត ការបែកទឹកភ្លោះមុនពេលស្បូនបើកពេញលេញ ក៏ជាជាកត្តានាំឲ្យគ្រូពេទ្យណែនាំឲ្យម៉ាក់ៗសម្រាលដោយវះកាត់ដូចគ្នា។ លោក វេជ្ជបណ្ឌិត ឲ្យដឹងថាការបែកទឹកភ្លោះនេះ អាចធ្វើឲ្យកូនខ្សោយ មិនអាចធ្វើចលនាបាន ហើយបើមិនវះកាត់ទាន់ពេលទេ អាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។
៤. យកថ្ងៃល្អ
ម៉ាក់ៗមួយចំនួនមានជំនឿលើថ្ងៃកើតរបស់កូន ថាជាថ្ងៃសំណាង ដែលនាំឲ្យមានការសម្រេចរៀបផែនការវះកាត់សម្រាលកូនទៅតាមថ្ងៃដែលខ្លួនចង់បាន ក្រោយពីកូនគ្រប់ខែ។ ការសិក្សាមួយចេញផ្សាយកាលពីឆ្នាំ២០១៦ ទាក់ទងនឹងស្រ្តីជ្រើសរើសការសម្រាលកូនដោយវះកាត់នៅភ្នំពេញបានរកឃើញថា ក្នុងចំណោមហេតុជាច្រើន ក្រៅពីហេតុផលបញ្ហាសុខភាព ការជ្រើសរើសថ្ងៃល្អ ឬថ្ងៃមានហុងស៊ុយល្អ ក៏ជាហេតុផលមួយដែលម្ដាយសម្រេចរៀបផែនការសម្រាលដោយវះកាត់ដែរ។ ហេតុផលផ្សេងទៀត មានដូចជាស្រ្តីជាម្ដាយខ្លាចខូចទ្រង់ទ្រាយទ្វារមាស និងឈឺចាប់ពេលសម្រាលដោយធម្មជាតិជាដើម។
បើនិយាយពីការសម្រាលដោយវះកាត់មន្ទីរពេទ្យកាលម៉ែតបានផ្សាយលើវិបសាយរបស់ខ្លួនថាក្នុងមួយឆ្នាំផ្នែកសម្ភពរបស់មន្ទីរពេទ្យនេះបានទទួលសម្រាលកូនឲ្យស្រ្តីចំនួន១មឺននាក់ ក្នុងចំណោមនោះមាន២ ៧០០នាក់ត្រូវសម្រាលដោយវះកាត់ ឬស្មើ២៧ភាគរយ។ ដូចគ្នាដែរ នៅចក្រភពអង់គ្លេស ស្រ្តីមានផ្ទៃពោះម្នាក់ ក្នុងចំណោមបួននាក់បានសម្រាលកូនដោយវះកាត់ ដោយផ្អែកតាមហេតុផលផ្សេងៗគ្នា។
យ៉ាងណាក៏ដោយ លោក វេជ្ជ បណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី របស់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថាជាទូទៅគ្រូពេទ្យតែងណែនាំឲ្យស្រ្តីសម្រាលកូនតាមធម្មជាតិ លើកលែងតែក្នុងករណីការសម្រាលតាមធម្មជាតិអាចបង្កគ្រោះថ្នាក់ដល់ម្ដាយ ឬកូន ឬទាំងពីរនាក់ ទើបគ្រូពេទ្យតម្រូវឲ្យសម្រាលដោយវះកាត់។
ចំណុចសំខាន់
- កាយសម្បទាម្តាយ
- សុខភាពកូនក្នុងផ្ទៃ
- បញ្ហាទឹកភ្លោះ
- យកថ្ងៃល្អ
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
[embed-health-tool-due-date]