យើងដឹងហើយថា ការញ៉ាំតែបៃតងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពទាំងមូល មិនថាស្បែក ឬសក់របស់យើងនោះទេ ប៉ុន្តែការញ៉ាំតែបៃតងខុសពេលវេលា វាមិនត្រឹមតែមិនផ្ដល់ផលល្អដល់យើងប៉ុណ្ណោះទេ វាបែរជាបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងទៅវិញ។ តើគ្នាយើងដឹងទេថា ពេលវេលាណាខ្លះដែលយើងមិនគួរញ៉ាំតែបៃតង?
១. មុនពេលចូលគេង
នៅក្នុងករណីដែលយើងមានបញ្ហាដំណេក ការញ៉ាំតែបៃតងកៀកម៉ោងគេង គឺមិនមែនជាជម្រើសត្រឹមត្រូវឡើយ។ ទោះបីជាតែបៃតង មានសារធាតុរំងាប់អារម្មណ៍បានល្អ ប៉ុន្តែវាមិនអាចធ្វើឲ្យយើងគេងលក់ស្រួលនោះទេ ដោយសារតែវាមានជាតិកាហ្វេអ៊ីន និងអាចបញ្ចេញអ័រម៉ូនមេឡាតូនីន (Melatonin) ដែលកត្តានេះគឺជាហេតុធ្វើឲ្យយើងមិនអាចគេងលក់ស្កប់ស្កល់ពេញមួយយប់ផងដែរ។
២. ញ៉ាំនៅពេលព្រឹកព្រលឹមមុនអាហារផ្សេងៗ
មានគ្នាយើងខ្លះជឿថា ការញ៉ាំតែបៃតងនៅពេលពោះទទេ នឹងអាចចាប់ផ្ដើមការធ្វើមេតាប៉ូលីសបានល្អ ប៉ុន្តែវាមិនដូចជាអ្វីដែលយើងគិតនោះទេ។ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប៉ូលីហ្វេណុល ដែលមាននៅក្នុងតែបៃតង នឹងបង្កើនការផលិតអាស៊ីដក្រពះ ដែលអាចធ្វើឲ្យយើងកើតមានអាការៈឈឺពោះថែមទៀតផង។
៣. ក្រោយញ៉ាំថ្នាំភ្លាមៗ
ប្រសិនបើគ្នាយើងមួយចំនួនមានទម្លាប់លេបថ្នាំជាមួយនឹងតែបៃតង ចូរបញ្ឈប់ជាបន្ទាន់។ ការញ៉ាំតែបៃតងជាមួយ ឬក្រោយពេលញ៉ាំថ្នាំហើយភ្លាមៗ វាអាចបង្កគ្រោះថ្នាក់ដល់យើងបានផងដែរ។ សារធាតុគីមីដែលមាននៅក្នុងថ្នាំ អាចនឹងមានប្រតិកម្មជាមួយនឹងតែបៃតង ដែលអាចបង្កឲ្យមានជាតិអាស៊ីដនៅក្នុងរាងកាយរបស់យើងកាន់តែច្រើនឡើង។
៤. ញ៉ាំជាមួយអាហារ ឬក្រោយញ៉ាំអាហារភ្លាមៗ
ថ្វីត្បិតតែបៃតង ជួយបង្កើនការរំលាយអាហារក៏ពិតមែន ប៉ុន្តែប្រសិនបើយើងញ៉ាំតែបៃតងជាមួយ ឬក្រោយញ៉ាំអាហារហើយភ្លាមៗ វាអាចកាត់បន្ថយនូវការស្រូបយកសារធាតុចិញ្ចឹមពីអាហារ ដែលកត្តានេះ អាចបង្កើតជាកង្វះសារធាតុចិញ្ចឹមនៅក្នុងរយៈពេលវែងផងដែរ។ ហេតុនេះហើយ ចូរញ៉ាំតែបៃតងយ៉ាងហោចណាស់មួយម៉ោងក្រោយញ៉ាំអាហារ ទើបជាការប្រសើរ។
[embed-health-tool-bmr]