និយមន័យ
១- អ្វីទៅជាជំងឺខ្សោយបេះដូង?
ជំងឺខ្សោយបេះដូង សំដៅលើស្ថានភាពចុះខ្សោយសាច់ដុំបេះដូងក្នុងការច្របាច់ឈាម ហើយអាចបណ្តាលឲ្យមានគ្រោះថ្នាក់បន្តបន្ទាប់ដូចជា៖
– បេះដូងមិនអាចច្របាច់ឈាមទៅចិញ្ចឹមរាងកាយគ្រប់គ្រាន់
– ឈាមចាល់ក្នុងថតបេះដូង ធ្វើឲ្យកើនសម្ពាធនៅជញ្ចាំងបេះដូង
– បេះដូងត្រូវពន្លាដើម្បីស្តុកទុកឈាមបានច្រើន
– ដោយសារបញ្ហានេះ បញ្ហាតម្រងនោមធ្វើឲ្យរាងកាយស្តុកទឹក និងអំបិលកាន់តែច្រើន បណ្តាលឲ្យសរីរាង្គមួយចំនួនហើម។
ជំងឺនេះកើតឡើងទាំងសងខាងនៃបេះដូង ធម្មតាកើតនៅផ្នែកខាងឆ្វេងមុន ទើបរាលដាលដល់ផ្នែកខាងស្តាំ ហើយបើមិនព្យាបាលឲ្យបានត្រឹមត្រូវ អាចធ្វើឲ្យបាត់បង់ជីវិត។
២- ជំងឺនេះកើតញឹកញាប់ដែរទេ?
អាចកើតមានលើមនុស្សគ្រប់វ័យ តែជាញឹកញាប់ចំពោះមនុស្សចាស់។ ករណីខ្លះក្មេងៗក៏អាចកើតមានដូចគ្នា ដោយសារបញ្ហាបេះដូងពីកំណើត។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញាទូទៅរួមមាន៖
– ចង្អោរ
– ហត់
– ឈឺទ្រូង
– អស់កម្លាំង
– លែងឃ្លានអាហារ
– ឡើងទម្ងន់គ្មានមូលហេតុ
– បេះដូងលោតមិនប្រក្រតី
– ចេះតែចង់ជុះនោមនៅពេលយប់
– ក្អកមានឈាម និងកណ្តាសញឹកញាប់
– ហើមពោះ ហើមជើង កជើង និងបាតជើង។
ហើយវាក៏មានសញ្ញាផ្សេងទៀតដែលមិនបានរៀបរាប់នៅខាងលើនេះដែរ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលពត៌មានបន្ថែម។
៤- ពេលណាត្រូវជួបពេទ្យ?
កុំអែអង់ ប្រញ៉ាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ បើមានរោគសញ្ញាដំបូងដូចជា ឈឺទ្រូង ហត់ ក្អកមានឈាម ឬសន្លប់ជាដើម។ ប្រឹក្សាជាមួយពេទ្យនៅពេលណាយើងរងផលប៉ះពាល់ ក្រោយព្យាបាល ឬរោគសញ្ញាកាន់តែខ្លាំងឡើង។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
អាចបណ្តាលមកពីផលរំខានក្រោយជំងឺសរសៃឈាមបេះដូង ដែលបានបំផ្លាញសាច់ដុំបេះដូង។ ជំងឺទាំងនោះមានដូចជា ជំងឺលើសឈាម គាំងបេះដូង សាច់ដុំបេះដូង ប្រឹសបេះដូង ការឆ្លងមេរោគ ចង្វាក់បេះដូងលោតមិនទៀងទាត់ ខ្វះគ្រាប់ឈាមក្រហម ជំងឺសួត ជំងឺក្រពេញទីរ៉ូអ៊ីត និងចាល់ជាតិទឹកក្នុងខ្លួន។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាប្រឈមមានដូចជា៖
– លើសឈាម
– ជំងឺបេះដូងពីកំណើត
– ជំងឺប្រឹសបេះដូង
– ការឆ្លងមេរោគ
– ជក់បារី
– ផឹកជាតិអាល់កុលលើសកម្រិត
– ទឹកនោមផ្អែម៖ បង្កការប្រឈមជំងឺលើសឈាម និងជំងឺសរសៃឈាមបេះដូង
– ជំងឺសរសៃឈាមកូរូណែ៖ សរសៃឈាមត្បៀតធ្វើឲ្យខ្វះឈាមផ្ទុកអុកស៊ីហ្សែនទៅចិញ្ចឹមបេះដូងបណ្តាលឲ្យសាច់ដុំបេះដូងខ្សោយ។
– គាំងបេះដូង៖ សាច់ដុំបេះដូងត្រូវបំផ្លាញពេលគាំងបេះដូង មានន័យថាបេះដូងលែងដំណើរល្អដូចមុន។
– ប្រើថ្នាំទឹកនោមផ្អែមមួយចំនួន៖ ដូចជា Rosiglitazone (Avandia) និង Pioglitazone (Actos) ក៏អាចជាកត្តាប្រឈមដូចគ្នា។ យ៉ាងណាមិនត្រូវឈប់ប្រើថ្នាំទាំងនោះឡើយ ក្នុងករណីគ្រូពេទ្យបានណែនាំឲ្យប្រើ ដោយទាមទារពិគ្រោះជាមួយគ្រូពេទ្យជាមុន។
– ជំងឺគេងអត់ដកដង្ហើម៖ នឹងបន្ថយចំនួនអុកស៊ីហ្សែននៅក្នុងឈាម បង្កើនការប្រឈមចង្វាក់បេះដូងមិនប្រក្រតី បញ្ហាទាំងពីរនេះធ្វើឲ្យបេះដូងកាន់តែខ្សោយទៅៗ។
– ចង្វាក់បេះដូងមិនប្រក្រតី៖ ពិសេសពេលបេះដូងលោតញាប់ ធ្វើឲ្យសាច់ដុំបេះដូងខ្សោយនាំឲ្យមានជំងឺខ្សោយបេះដូង។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើតេស្តរាងកាយអាចសម្គាល់ពីភាពមិនប្រក្រតីដូចជា ហើមជើង ទឹកនៅក្នុងសួត ខណៈរោគវិនិច្ឆ័យបន្ថែម គ្រូពេទ្យនឹងណែនាំឲ្យថតកាំរស្មីអ៊ិចនៅទ្រូង អាចឲ្យដឹងប្រសិនមានបញ្ហាទាក់ទងរវាងសួត និងបេះដូង។ តេស្តដោយម៉ាស៊ីនវ៉ាស់ចង្វាក់បេះដូង (Electrocardiogram) បង្ហាញពីទំហំបេះដូង និងសាច់ដុំ ឬប្រឹសបេះដូងផងដែរ។
៨- ព្យាបាលដោយវិធីណា?
គ្រូពេទ្យជំនាញអាចនឹងមានវិធីព្យាបាលខុសគ្នាៗ អាស្រ័យលើសុខភាពទូទៅ និងថាតើស្ថានភាពជំងឺដំណើរការរបៀបណា ក្នុងនោះអាចនឹងមានការប្រើថ្នាំព្យាបាល ដោយមានប្រមាណ ៣-៤ នៃប្រភេទថ្នាំ ៖
– ពពួកថ្នាំ ACE Inhibitors បើកសសៃរឈាមចង្អៀតឲ្យឈាមរត់ស្រួល។ ថ្នាំ Vasodilatators ជាជម្រើសផ្សេងទៀតប្រសិនយើងមិនអាចប្រើថ្នាំ ACE inhibitors បាន។
– ពពួកថ្នាំ Beta-blockers អាចកាត់បន្ថយសម្ពាធឈាម និងឲ្យចង្វាក់បេះដូងដើរយឺត។
– ពពួកថ្នាំបញ្ចុះទឹកនោម (Diuretics) កាត់បន្ថយជាតិទឹកក្នុងខ្លួន ព្រោះជំងឺស្លាក់ឈាម អាចបង្កមកពីក្នុងខ្លួនលើសជាតិទឹក។
ករណីខ្លះ ប្រសិនការប្រើថ្នាំព្យាបាលគ្មានឥទ្ធិពល នោះការវះកាត់ច្បាស់ជាត្រូវធ្វើឡើង ដើម្បីជួសជុលសរសៃឈាម (បើកសរសៃឈាមស្ទះ) គ្រូពេទ្យឯកទេសបេះដូង នឹងពិចារណាវះកាត់ជួសជុលប្រឹសបេះដូង ដើម្បីជួយបើក និងបិទសន្ទះបេះដូង។
អត្ថបទគួរអាន៖
- ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ
- អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?
- ម៉េចបានកើតស្ត្រេស អាចបង្កឲ្យមានបញ្ហាក្រពះពោះវៀន?
- ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារមានប្រយោជន៍ដល់ក្រពះពោះវៀន
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ធ្វើតេស្តរាល់ឆ្នាំ អាចរកឃើញបញ្ហា និងការវិវត្តនៃជំងឺភ្លាមៗ។ ឈប់ជក់បារី ព្រោះជាតិនីកូទីន នាំឲ្យមានបញ្ហាសុខភាពច្រើន ពិសេសជំងឺបេះដូង។
– របបអាហារត្រឹមត្រូវ ញ៉ាំបន្លែ និងផ្លែឈើ គ្រាប់ធញ្ញជាតិ អាហារមានជាតិខ្លាញ់ទាបជាប្រចាំ និងញ៉ាំប្រូតេអ៊ីនឲ្យបានច្រើន។ ចៀសវាងញ៉ាំប្រៃពេក ជាតិប្រៃអាចឲ្យបេះដូងធ្វើការខ្លាំង បណ្ដាលឲ្យហត់ ហើមជើង ជង្គង់ និងប្រអប់ជើង។
– ចាក់វ៉ាក់សាំង បើសិនមានបញ្ហាខូចបេះដូង ពិសេសវ៉ាក់សាំងផ្ដាសាយ និងរលាកសួត តាមការណែនាំពីគ្រូពេទ្យ។ កាត់បន្ថយរឿងផឹកជាតិអាល់កុលលើសកម្រិត តាមវេជ្ជបញ្ជាគ្រូពេទ្យ ព្រោះជាតិអាល់កុលអាចប៉ះពាល់ថ្នាំប្រើប្រាស់ព្យាបាលជំងឺ ធ្វើឲ្យខ្សោយសាច់ដុំបេះដូង និងចង្វាក់បេះដូងមិនប្រក្រតី។
– កាត់បន្ថយស្ត្រេស បើមានជំងឺថប់អារម្មណ៍ ឬមិនស្រួលចិត្ត បេះដូងនឹងលោតញាប់ ហត់ សម្ពាធឈាមឡើងខ្ពស់ នាំឲ្យជំងឺបេះដូងកាន់តែធ្ងន់។ វិធីកាត់បន្ថយស្ត្រេស អាចជួយបេះដូងបានសម្រាក ព្យាឈាមគេង ឬដាក់ជើងឡើងលើប្រសិនជាអាច។ ចំណាយពេលជាមួយ មិត្តភក្តិ ក្រុមគ្រួសារ ដើម្បីកាត់បន្ថយភាពតានតឹង។
– គេងឲ្យបានលក់ស្រួល បើហត់នៅពេលយប់ ត្រូវគេងកើយខ្នើយ ហើយបើយើងមានបញ្ហាស្រមុក ឬបញ្ហារំខានការដេកផ្សេងទៀត ត្រូវប្រាកដថាយើងបានធ្វើតេស្តស្ទះដង្ហើមពេលគេងរួចរាល់ ព្រោះថប់ដង្កើមបណ្តាលឲ្យគាំងបេះដូង។
[embed-health-tool-heart-rate]