និយមន័យ
១‑ អ្វីជាជំងឺលើសជាតិកាល់ស្យ៉ូមក្នុងឈាម?
ជំងឺលើសជាតិកាល់ស្យ៉ូមក្នុងឈាម សំដៅលើការកើនឡើងកំហាប់កាល់ស្យ៉ូមច្រើនក្នុងឈាម។ កាល់ស្យ៉ូម ជាអ៊ីយ៉ុងចាំបាច់សម្រាប់ដំណើរការមុខងារធម្មតារបស់សរីរាង្គ កោសិកា សាច់ដុំ និងសរសៃប្រសាទ និងសំខាន់សម្រាប់កំណកឈាម និងសុខភាពឆ្អឹង។ តែបើមានក្នុងឈាមច្រើនពេក អាចបង្កជាបញ្ហាដូចគ្នា ធ្វើឲ្យកោសិកា ឬរាងកាយយើងមិនអាចបំពេញមុខងារធម្មតាបាន អាចប៉ះបាល់ដល់ជីវិតទៀតផង។
២‑ កើតមានញឹកញាប់ដែរទេ?
បញ្ហានេះមិនមានញឹកញាប់ទេ យ៉ាងណាសូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
ជំងឺនេះ អាចមិនមានរោគសញ្ញាអ្វីឡើយ បើកម្រិតកាល់ស្យ៉ូមក្នុងឈាមឡើងបន្តិចបន្តួចនោះ។ ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរ យើងអាចនឹងប្រទះអាការៈធ្ងន់ធ្ងរដូចជា៖
– តម្រងនោមធ្វើការកាន់តែច្រើនដើម្បីចម្រោះជាតិកាល់ស្យ៉ូមចេញពីរាងកាយ អាចនាំឲ្យយើងស្រេកទឹក និងបត់ជើងតូចច្រើនជាងមុន។
– ប្រព័ន្ធរំលាយអាហារមាន ក្រពះ ពោះវៀន សុទ្ធតែរងផលប៉ះពាល់ដូចជា ឆ្អល់ពោះ ក្អួត ចង្អោរ និងទល់លាមកជាដើម។
– កាល់ស្យ៉ូមលើសទាំងអស់អាចត្រូវបំបែក ឬដកចេញពីឆ្អឹង ធ្វើឲ្យឆ្អឹងចុះខ្សោយ ជាហេតុបណ្តាលឲ្យចុកឆ្អឹង ខ្សោយសាច់ដុំ និងបាក់ទឹកចិត្ត។
– វង្វេងវង្វាន់ អស់កម្លាំង ល្ហិតល្ហៃ និងកាន់បាក់ទឹកចិត្ត ដោយសារជះឥទ្ធិពលដល់មុខងារខួរក្បាល។
ក្នុងករណីកម្រ ក៏អាចប៉ះពាល់ដល់មុខងារបេះដូង ធ្វើឲ្យញ័រទ្រូង សន្លប់ និងចង្វាក់បេះដូងមិនទៀងទាត់ជាដើម។
បញ្ហានេះអាចមានរោគសញ្ញាផ្សេងៗដែលមិនបានរៀបរាប់នៅខាងលើ។ បើសិនជាអ្នកមានការមន្ទិលសង្ស័យណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៤- ពេលណាគួរទៅជួបពេទ្យ?
ប្រសិនបើមានរោគសញ្ញាដូចខាងលើ ឬសំណួរគប្បីពិភាក្សាជាមួយគ្រូពេទ្យ។ មនុស្សម្នាក់ៗមានរោគសញ្ញាផ្សេងគ្នា ប្រសើរប្រសិនបើយើងទៅពិគ្រោះជាមួយគ្រូពេទ្យពីអ្វីដែលល្អសម្រាប់ស្ថានភាពយើង។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
ដើម្បីគ្រប់គ្រងកម្រិតកាល់ស្យ៉ូមក្នុងឈាម រាងកាយយើងត្រូវការវីតាមីន D និងអ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីត (PTH)។ អ័រម៉ូននេះ ធ្វើការគ្រប់គ្រងចំនួនកាល់ស្យ៉ូមក្នុងឈាម ដោយទាញយកពីក្នុងពោះវៀន តម្រងនោម និងឆ្អឹង។ PTH កើនឡើងនៅពេលដែលកម្រិតកាល់ស្យ៉ូមក្នុងឈាមធ្លាក់ចុះ និងផ្ទុយមកវិញបើជាតិកាល់ស្យ៉ូមឡើងខ្ពស់ខ្លាំង ចំនួនអ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីតនឹងធ្លាក់ចុះទាប មិនអាចគ្រប់គ្រងបានល្អនោះទេ។
មួយទៀត អ័រម៉ូនកាល់ស៊ីតូនីន មាននាទីចាប់យក កាល់ស្យ៉ូមលើសក្នុងឈាមទៅទុកក្នុងឆ្អឹង និងទម្លាក់ចោលតាមទឹកនោម ឬលាមក ពេលសារធាតុច្រើនលើសតម្រូវការ ខណៈអ័រម៉ូនប្រភេទនេះ ផលិតចេញពីក្រពេញទីរ៉ូអ៊ីត។
– អ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីតច្រើនក្នុងឈាម៖ ក្រពេញទីរ៉ូអ៊ីត មានទីតាំងនៅពីមុខក គឺមានក្រពេញតូចៗចំនួន ៤ ហៅថា ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត នៅពីក្រោយ។ អ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីត ធ្វើការគ្រប់គ្រងចំនួនកាល់ស្យ៉ូមក្នុងឈាម ដោយទាញយកពីក្នុងពោះវៀន តម្រងនោមនិងឆ្អឹង មកក្នុងចរន្តឈាមវិញ។ ហើយជំងឺលើសជាតិកាល់ស្យ៉ួមក្នុងឈាម កើតឡើងនៅពេលក្រពេញប៉ារ៉ាទីរ៉ូអ៊ីតណាមួយ ធ្វើការច្រើនខ្លាំងជាងធម្មតា ហើយបញ្ចញអ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីតច្រើនពេក នឹងធ្វើឲ្យកាល់ស្យ៉ូមកើនឡើង ពិសេសកើតលើស្ត្រីវ័យចាប់ពី ៥០ ឆ្នាំឡើងទៅ។
– ជំងឺសួត និងមហារីក៖ ប្រភេទជំងឺ Granulomatous ដូចជាជំងឺរបេង និង Sarcoidosis សុទ្ធសឹងជាប្រភេទជំងឺសួត ធ្វើឲ្យវីតាមីន D កើនឡើង នាំឲ្យឈាមស្រូបយកកាល់ស្យ៉ូមកាន់តែច្រើន។ មហារីកមួយចំនួន ដូចជា មហារីកសួត មហារីកសុដន់ និងមហារីកគ្រាប់ឈាម ក៏អាចធ្វើឲ្យកាល់ស្យ៉ូមក្នុងឈាមកើនឡើងខ្លាំងដូចគ្នា។
– ផលរំខានដោយថ្នាំ៖ ថ្នាំចំនួន ពិសេសពពួកថ្នាំបញ្ចុះទឹកនោម ធ្វើឲ្យកាល់ស្យ៉ុមកើនឡើងដោយសាររាងកាយបញ្ចេញចោលទឹកយ៉ាងច្រើន កាល់ស្យ៉ូមវិញបញ្ចេញចោលបានបន្តិចបន្តិចបន្តួចប៉ុណ្ណោះ ជាហេតុធ្វើឲ្យកំហាប់កាល់ស្យ៉ូមក្នុងឈាមកើនឡើង។ ថ្នាំផ្សេងៗទៀតរួមមាន Lithium អាចនាំឲ្យរាងកាយបញ្ចេញអ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីតកាន់តែច្រើន។
– អាហារបំប៉ន និងថ្នាំបន្សាបអាស៊ីដ៖ ញ៉ាំអាហារបំប៉នមានវីតាមីន D ឬកាល់ស្យ៉ូមច្រើនពេកក៍ជាមូលហេតុនាំឲ្យកាល់ស្យ៉ូមក្នុងឈាមកើនឡើងខ្លាំង ខណៈថ្នាំបន្សាបអាស៊ីដ មានកាល់ស្យ៉ូមកាបូណាត (Calcium Carbonate) ក៏ដូចគ្នា។
– ខ្វះជាតិទឹកក្នុងខ្លួន៖ ច្រើនធ្វើឲ្យមានការកើនឡើងកាល់ស្យ៉ូមក្នុងឈាមកម្រិតស្រាលប៉ុណ្ណោះ ដោយសារទឹកក្នុងខ្លួនតិច កំហាប់កាល់ស្យ៉ូមនឹងកើនឡើង។ យ៉ាងណា ស្ថានភាពធ្ងន់ធ្ងរនៃជំងឺ អាស្រ័យលើមុខងារតម្រងនោមឯណោះទេ មានជំងឺខ្សោយតម្រងនោម បង្កបញ្ហាកាន់តែធ្ងន់ធ្ងរ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
ស្រ្តីអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ប្រឈមបញ្ហាក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ធ្វើការខ្លាំងខុសធម្មតា។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដោយសារជំងឺនេះមានរោគសញ្ញាតិចតួច ហេតុនេះយើងអាចនឹងមិនដឹងឡើយរហូត ទាល់តែ លទ្ធផលឈាមពេលធ្វើការពិនិត្យសុខភាពបញ្ជាក់ថាយើងលើស។ ពិនិត្យឈាមជួយយើង ដឹងពីកម្រិតអ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីត ក្នុងឈាមដូចគ្នា។ ដើម្បីដឹងពីមូលហេតុ បណ្តាលឲ្យមានបញ្ហានេះ គ្រូពេទ្យអាចនឹងថតមើលឆ្អឹង ឬសួតដើម្បីឲ្យច្បាស់ថា មិនបង្កឡើងដោយសារមហារីក និងជំងឺ Sarcoidosis។
៨- គួរព្យាបាលដោយវិធីណា?
ករណីស្រាល យើងអាចរង់ចាំដោយប្រុងប្រយ័ត្ន តាមដានសុខភាពឆ្អឹង និងតម្រងនោមឲ្យប្រាកដថាមានសុខភាពល្អ។ ខណៈការព្យាបាលគឺមានដូចជា៖
ព្យាបាលដោយប្រើថ្នាំ
– ថ្នាំ Calcitonin (Miacalcin)៖ អ័រម៉ូននេះយកចេញពីត្រីសាម៉ុង នឹងទាញយកកាល់ស្យ៉ូមចូលក្នុងឈាម។ វាអាចមានផលរំខានតិចតួច ដូចជា ក្អួតចង្អោរ។
– ថ្នាំ Cinacalcet (Sensipar)៖ ជាថ្នាំសម្រាប់គ្រប់គ្រងក្រពេញប៉ារ៉ាទីរ៉ូអ៊ីតដែលធ្វើការខ្លាំងជ្រុល។
– ថ្នាំសម្រាប់ព្យាបាលជំងឺពុកឆ្អឹង៖ ចាក់តាមសរសៃវ៉ែន អាចបញ្ចុះកម្រិតកាល់ស្យ៉ូមបានរហ័ស ច្រើនប្រើសម្រាប់អ្នកជំងឺមហារីក។ ប៉ុន្តែយើងអាចប្រឈម ខូចឆ្អឹងថ្គាម និងបាក់ឆ្អឹងភ្លៅ។
– Denosumab (Prolia, Xgeva)៖ សម្រាប់អ្នកជំងឺមហារីកប្រើ Bisphosphonates មិនត្រូវ។
– បើសិនជាកាល់ស្យ៉ូមកើនឡើងដោយសារវីតាមីន D អាចព្យាបាលដោយការចាក់ Steroid រយៈពេលខ្លី។
– បំពេញទឹកក្នុងសរសៃឈាម និងថ្នាំបញ្ចុះទឹកនោម៖ បើសិនកាល់ស្យ៉ូមកើនឡើងខ្លាំងក្នុងឈាម ត្រូវសង្គ្រោះបន្ទាន់ ដើម្បីបំពេញទឹកក្នុងសរសៃឈាម និងពង្រាវបញ្ចុះកំហាប់កាល់ស្យ៉ូមជាបណ្តោះអាសន្ន ការពារករណីប្រែប្រួលចង្វាក់បេះដូង និងខូចខាតប្រព័ន្ធប្រសាទ។
ព្យាបាលដោយវះកាត់ និងវិទ្យុសកម្ម
កាត់ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត និងបំផ្លាញដោយសារធាតុវិទ្យុសកម្ម អាចដោះស្រាយបញ្ហានេះបាន។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- តាមដានសុខភាពបេះដូង ដោយសង្កេតមើលចំណុចទាំងនេះ
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ញ៉ាំទឹកឲ្យច្រើន៖ ញ៉ាំឲ្យបានគ្រប់គ្រាន់ ដើម្បីការពារកាល់ស្យូមកើនឡើងច្រើន ហើយបង្កគ្រួសក្នុងតម្រងនោម។
– ឈប់ជក់បារី៖ ជក់បារី ធ្វើឲ្យកំហាប់ឆ្អឹងធ្លាក់ចុះកាន់តែលឿន អាចធ្វើឲ្យមានបញ្ហាជាច្រើនទៀត។
– ហាត់ប្រាណ៖ ហាត់សាច់ដុំជួយឆ្អឹងកាន់តែរឹងម៉ាំ ចាំបាច់បំផុតបើមានជំងឺមហារីកឆ្អឹង ត្រូវប្រើប្រាស់ថ្នាំ និងអាហារបំប៉នអោយត្រឹមត្រូវ កុំឲ្យមានវីតាមីន D និងកាល់ស្យ៉ូមកើនច្រើនពេក។
[embed-health-tool-heart-rate]