backup og meta

មូលហេតុ ៨ យ៉ាងអាច​ធ្វើឱ្យបេះដូងរីកធំខុសធម្មតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 11, 2021

    មូលហេតុ ៨ យ៉ាងអាច​ធ្វើឱ្យបេះដូងរីកធំខុសធម្មតា

    បេះដូងរីកកើតឡើងនៅពេលសាច់ដុំបេះដូងប្រែទៅជាក្រាស់ ឬថតណា ១ របស់បេះដូងរីកដែលធ្វើឱ្យបេះដូងរីកធំខុសពីទំហំធម្មតា។ បេះដូងអាចរីកធំជាបណ្តោះអាសន្ន ឬជាអចិន្រ្តៃយ៍ អាស្រ័យ​លើ​កត្តាបង្ក។ តើមានកត្តាអ្វីខ្លះបណ្តាលឱ្យបេះដូងយើងរីកធំខុសធម្មតា?

    នៅពេលបេះដូងយើងធ្វើការលើសកម្រិត វាអាចរីកធំ។ បេះដូងរីកធំអាចជាលទ្ធផល​នៃការ​មាន​ភាព​តានតឹងរយៈពេលខ្លីលើរាងកាយដូចជាការមាន​ផ្ទៃពោះ ឬបណ្តាលមកពីជំងឺដូចជា៖

    ១. ជំងឺលើសសម្ពាធ​ឈាម

    ជំងឺលើសសម្ពាធឈាមធ្វើឱ្យសរសៃឈាមបេះដូងរួមតូចប៉ះពាល់ដល់លំហូរឈាមទៅកាន់​ផ្នែកផ្សេងៗនៃរាងកាយ ដូច្នេះបេះដូងយើង​ត្រូវប្រឹងច្របាច់ឈាម​កាន់តែខ្លាំង​​ដើម្បី​បញ្ជូនឈាម​ទៅកាន់​រាងកាយ​ទាំង​មូល។ ជាលទ្ធផលវាធ្វើឱ្យសាច់​ដុំបេះដូងឡើងក្រាស់ និងរីកធំ។

    ២. ជំងឺប្រឹសបេះដូង

    ប្រឹសទាំងបួននៅក្នុងបេះដូងយើងរក្សាឈាមឱ្យហូរតាមទិសដៅត្រឹមត្រូវ។ បេះដូងរបស់យើង​អាច​រីក​ធំ ប្រសិនបើប្រឹសបេះដូង​ខូចដោយសារ ជំងឺរលាក​​សន្លាក់ឆ្អឹង ជំងឺខូច​បេះដូង​ពីកំណើត ជំងឺរលាកភ្នាសបេះដូង ជំងឺបេះដូងដើរខុសចង្វាក់ ជំងឺជាលិកាតំណ  ការព្យាបាលមហារីកដោយថ្នាំ ឬដោយកាំរស្មី ។

    ៣. ជំងឺសាច់ដុំបេះដូង

    ជំងឺនេះធ្វើឱ្យបេះដូងយើងពិបាកក្នុងការច្របាច់ឈាមទៅចិញ្ចឹមរាងកាយទាំងមូល។ នៅពេល​ជំងឺ​នេះ​កាន់តែធ្ងន់ធ្ងរ បេះដូងរបស់យើងអាចរីកធំដោយ​សារព្យាយាមច្របាច់ឈាមបន្ថែម។

    ៤. ជំងឺទឹកដក់ក្នុងស្រោមបេះដូង

    ការមានសារធាតុរាវនៅក្នុងស្រោមបេះដូងក៏ធ្វើឱ្យបេះដូងរីកធំដែរ។

    ៥. ជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមក្រហម

    ជំងឺ​នេះកើតឡើងដោយសារកង្វះកោសិកាឈាមក្រហមដែលមាននាទីដឹកនាំអុកស៊ីសែនទៅគ្រ​ប់ជា​លិកា​របស់​យើង។ បេះដូងរបស់យើងត្រូវ​ច្របាច់ឈាមបន្ថែម​​​ដើម្បីបំពេញ​កង្វះ​អុកស៊ីសែន​នៅ​ក្នុង​ឈាម។​

    ជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមក្រហម

    ៦. ជំងឺសរសៃឈាមបេះដូង

    កំណកខ្លាញ់នៅក្នុងសរសៃឈាមបេះដូងធ្វើឱ្យរាំងស្ទះដល់លំហូរឈាមតាមសរសៃឈាមបេះដូង។ នៅពេលផ្នែកមួយរបស់សាច់ដុំបេះដូងគាំងងាប់ បេះដូងយើងត្រូវ​ច្របាច់​ឈាម​បន្ថែម​ដើម្បី​បញ្ចូន​ឈាមទៅរាងកាយទាំង​មូល។ ជាលទ្ធផលវាធ្វើឱ្យបេះដូងរីកធំ។

    ៧. ជំងឺក្រពេញទីរ៉ូអ៊ីត

    ជំងឺនេះអាចបណ្តាលឱ្យមានបញ្ហាបេះដូង រួមទាំងធ្វើឱ្យបេះដូងរីកធំ។

    ៨. លើសជាតិដែកក្នុងខ្លួន

    បញ្ហា​លើស​ជាតិ​ដែល កើតឡើងនៅពេលរាងកាយយើងមិនអាចរំលាយជាតិដែកបានល្អដែលបណ្តាល​ឱ្យជាតិដែកកកនៅតាមសរីរាង្គផ្សេងៗរួមទាំងបេះដូង។ បញ្ហា​នេះ​អាចបណ្តាល​​ឱ្យថតបេះដូង​ខាងឆ្វេង​រីកធំដោយ​សារតែ​សាច់​ដុំ​បេះដូងចុះខ្សោយ។

    ចង់ដឹងពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ

    តើបេះដូងរីកធំមានអាការៈអ្វីខ្លះ?

    អ្នកដែលមានបេះដូងរីកធំអាចមាន ឬមិនមានអាការៈដូចខាងក្រោម៖

    • វិលមុខ
    • ហើម ជាពិសេសនៅជើង ប្រអប់ជើង ឬពោះ
    • អស់កម្លាំងខ្លាំងខុសពីធម្មតា
    • បេះដូងលោតញាប់
    • ណែន ឬតឹងទ្រូង

    បេះដូងរីកធំធ្វើឱ្យបេះដូងមានបញ្ហាក្នុងការច្របាច់ឈាមដែលអាចបង្ក​ផល​​វិបាកទៅជាជំងឺខ្សោយបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ប្រសិនបើយើងមានអាការៈដូចខាងលើ ត្រូវទៅជួបវេជ្ជបណ្ឌិតឯកទេសបេះដូងជាបន្ទាន់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម