backup og meta

អង្គុយពែនភ្នែនពេល​ញ៉ាំ​អាហារ​មាន​អត្ថប្រយោជន៍ ៥យ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 22, 2021

    អង្គុយពែនភ្នែនពេល​ញ៉ាំ​អាហារ​មាន​អត្ថប្រយោជន៍ ៥យ៉ាង

    ​​ជា​ទូទៅ​ គ្នា​យើង​ច្រើន​តែ​ញ៉ាំ​អាហារ​​ដោយ​អង្គុយ​នៅ​លើ​កៅអី​​ ជាជាង​ការ​អង្គុយ​ផ្ទាល់​ដី​។ ប៉ុន្តែ​ កាល​ពី​បុរាណ​កាល​ មនុស្ស​យើង​អង្គុយ​​ផ្ទាល់នឹង​​ដី​ និង​ញ៉ាំ​អាហារ​ប្រកប​ដោយ​ផាសុកភាព​។​ យ៉ាង​ណា​មិញ រវាង​ការ​អង្គុយ​ញ៉ាំ​អាហារ​នៅ​លើ​កៅអី​ និង​អង្គុយ​ផ្ទាល់​ដី​ ​តើ​ឥរិយាបថ​មួយ​​ណា​ដែល​​ផ្ដល់​ប្រយោជន៍​ដល់​យើង​? ខាង​ក្រោម​នេះ​ គឺ​ជា​ហេតុផល​ចម្បង​ ដែល​យើង​គប្បី​អង្គុយ​ញ៉ាំ​អាហារ​ផ្ទាល់​ដី ជា​ជាង​អង្គុយ​នៅ​លើ​កៅអី​។

    ១. ​​ការ​រំលាយ​អាហារ​កាន់​តែ​ប្រសើរ​ជាង​មុន​​

    ការ​អង្គុយ​​ពែនភ្នែន​ផ្ទាល់​ដី​ អាច​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​រំលាយ​​អាហារ​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង​ពីព្រោះ​សកម្មភាព​​ញ៉ាំ​អាហារ​បែប​នេះ​ អាច​​ធ្វើ​​ឲ្យ​សាច់ដុំ​ពោះ​មាន​ចលនា​ ដែល​បង្កើន​ការ​បញ្ចេញ​អាស៊ីដ​ក្រពះ​ និង​អាច​ឲ្យ​ការ​រំលាយ​អាហារ​មាន​ភាព​រហ័ស​ជាង​មុន​។

    ២. ស្រក​ទម្ងន់​

    ការ​​ងើប​​​ចុះ​ឡើង​​បង្កើន​ចលនា​រាងកាយ​។​ លើស​ពី​នេះ​ វា​ក៏​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆាប់​ឆ្អែត​។​ ​ជាជាង​ការ​អង្គុយ​នៅ​លើ​កៅអី យើង​គួរ​ក្រាល​កន្ទេល​ និង​អង្គុយ​​ពែនភ្នែន​ ព្រម​ទាំង​រក្សា​ខ្នង​ឲ្យ​ត្រង់​ល្អ​។​ ចូរ​អនុវត្ត​តាម​វិធីសាស្ត្រ​នេះ​​ឲ្យ​បាន​ទៀងទាត់​ ប្រសិនបើ​​គ្នា​យើង​ចង់​សម្រក​ខ្លាញ់​។​ ពិត​ណាស់​ឥរិយាបថ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ធូរ​អារម្មណ៍​ ក៏​ដូចជា​ជួយ​កាត់​បន្ថយ​ភាព​អស់​កម្លាំង​ និង​​ភាព​ទន់ខ្សោយ​​ខាង​រាងកាយ​។

    ​​៣. បង្កើន​ចរន្ត​​ឈាម​

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​អង្គុយ​ពែនភ្នែន​​ជួយ​បង្កើន​ចរន្ត​ឈាម​នៅ​ក្នុង​រាងកាយ​ ព្រម​ទាំង​​ធ្វើ​ឲ្យ​សរសៃ​ប្រសាទ​​ស្ងប់​ល្អ​ និង​បញ្ចេញ​ភាព​តានតឹង​។​ ​វា​ក៏​ធ្វើ​ឲ្យ​បេះដូង​របស់​យើង​មាន​សុខភាព​ល្អ​ នៅ​ពេល​ដែល​យើង​អង្គុយ​ ដោយ​បន្ថយ​សម្ពាធ​​នៅ​លើ​រាងកាយ​ និង​បេះដូង​។

    ញ៉ាំអាហារ

    ៤. ពង្រឹង​ឥរិយាបថ

    ដូច​ទៅ​នឹង​ការ​ហាត់​យូហ្គា​​ដែរ​ ការ​អង្គុយ​ពែនភ្នែន​អាច​ជួយ​រក្សា​ឥរិយាបថ​ល្អ​ ក៏​ដូចជា​​កាត់​បន្ថយ​ការ​ឈឺចាប់​សាច់ដុំ​ និង​សន្លាក់​។ ​វា​ធ្វើ​ឲ្យ​យើង​មាន​​ភាព​ស្វាហាប់​ ជួយ​ឲ្យ​ខ្នង​ត្រង់​ ព្រម​ទាំង​ផ្ដល់​កម្លាំង​ដល់​ជើង​របស់​យើង​ថែម​ទៀត​ផង​។​ ​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ អ្នក​ដែល​អនុវត្ត​ឥរិយាបថ​បែប​នេះ​ អាច​​ជួយ​ឲ្យ​​មាន​អាយុ​វែង​​ ពីព្រោះ​វា​​ប្រៀប​ដូចជា​សិល្បៈ​ក្នុង​ការ​ក្រោក​ឈរ​ឡើង​ ដោយ​មិន​ចាំបាច់​​​មាន​ជំនួយ​ណា​មួយ​។

    ​៥. សម្រាក​ទាំង​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​

    ការ​​អង្គុយ​ពែនភ្នែន​គឺ​ជា​​ឥរិយាបថ​​​​​​ស័ក្ដិសម​ក្នុង​​ការ​ធ្វើ​សមាធិ​ ហើយ​វា​ក៏​មាន​អត្ថប្រយោជន៍​​ច្រើន​ក្នុង​ការ​កាត់បន្ថយ​ស្រ្តេស​។ បន្ថែម​ពី​នេះ​ វា​ក៏​​ជា​ឥរិយាបថ​ដ៏​ល្អឥតខ្ចោះ​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ដង្ហើម​ដែល​ជួយ​បង្កើន​លំហូរ​អុកស៊ីសែន​នៅ​ក្នុង​រាងកាយ​របស់​យើង​។​ ពិសេស​ជាង​នេះ​ទៅ​ទៀត​ វា​ក៏​ជួយ​តម្រង់​ឆ្អឹង​ខ្នង​ ព្រម​​ទាំង​បន្ធូរ​សាច់​ដុំ​ស្មា​ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម