backup og meta

អ្នកខ្លះផឹកកាហ្វេហើយជួបបញ្ហារាក តើមក​ពី​អ្វី?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 17, 2022

    អ្នកខ្លះផឹកកាហ្វេហើយជួបបញ្ហារាក តើមក​ពី​អ្វី?​

    កាហ្វេជាភេសជ្ជៈមួយប្រភេទផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្ដែមានករណីខ្លះភេសជ្ជៈនេះ បានធ្វើឲ្យអ្នកញ៉ាំជួបបញ្ហារាករូស អស់កម្លាំងទៅវិញ។ បទពិសោធន៍អ្នកផឹកកាហ្វេ ក្នុងចំណោម ១០នាក់ មាន២ ទៅ ៣នាក់ ធ្លាប់ឆ្លងកាត់បញ្ហានេះ។ ការរាករូស ដោយកាហ្វេអាចបង្កគ្រោះថ្នាក់ដែរទេ? ហើយបណ្ដាលមកពីអ្វី?

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ការរាកដោយសារការផឹកកាហ្វេ មិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកញ៉ាំនោះទេ។ អាការៈនេះ នឹងបាត់ទៅវិញ ក្រោយពេលសារធាតុកាហ្វេអ៊ីន ក្នុងប្រព័ន្ធរំលាយអាហារត្រូវបញ្ចុះអស់តាមរយៈលាមក និងទឹកនោម។ ការរាកប្រភេទ​នេះគឺដោយសារ ការរំញោចនៃចលនាសារធាតុកាហ្វេអ៊ីន ជាមួយនឹងពោះវៀន ជំរុញឲ្យពោះវៀន ធ្វើការ​លើស​៤ដងជាងពេលធម្មតា។ ហើយអាការៈនេះអាចលេចឡើង ក្រោយពេលញ៉ាំការហ្វេប្រមាណជា ចន្លោះពី ៥ ទៅ ១០នាទី។

    មុខងារកាហ្វេអ៊ីន

    កាហ្វេអ៊ីនជាសារធាតុចម្បងក្នុងកាហ្វេ វាមានមុខពិសេស ជួយបង្កើនការំញោចដល់សរីរាង្គគ្រប់ផ្នែក មិនថាប្រព័ន្ធប្រសាទ ចង្វាក់បេះដូង ឬប្រព័ន្ធរំលាយអាហារនោះទេ។ ប្រព័ន្ធប្រសាទ ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ ខួរក្បាលសកម្ម ចំពោះបេះដូង ជួយសម្រួលសរសៃឈាម ដំណើរការល្អ កាត់បន្ថយកូលេស្ដេរ៉ូល និងប្រព័ន្ធរំលាយអាហារជួយ ឲ្យដំណើរការរំលាយបានលឿន។

    លោក Caroline Bletcher វេជ្ជបណ្ឌិតផ្នែករបបអាហារ បានមានប្រសាសន៍ថា កាហ្វេគឺជាបណ្ដុំនៃសារធាតុចិញ្ចឹមជាច្រើន ធ្វើឲ្យ​រំញោចក្រពះពោះវៀន មានន័យថាវាបង្កើនល្បឿននៃចលនាកន្ត្រាក់សាច់ដុំដែលអាចផ្លាស់ទីអាហារតាមផ្លូវរំលាយអាហារបានលឿន។ ដំណើរការនេះនឹងធ្វើឲ្យមានអាការៈរាក និងឈឺរមួលក្នុងពោះ។

    មួយវិញទៀត កាហ្វេអ៊ីន អាចរំញោចទៅដល់ការផលិតអ័រម៉ូន gastrin ដែលមានមុខងារផ្ដល់សញ្ញាឲ្យក្រពះបញ្ចេញអាស៊ីត។ បើបរិមាណអ័រម៉ូននេះច្រើន ក្រពះក៏ត្រូវបញ្ចេញជាតិអាស៊ីតច្រើនផងដែរ។

    កត្ដាមួយទៀតគឺបណ្ដាលមកពី អង់ស៊ីមក្នុងប្រព័ន្ធរំលាយអាហារមានសមត្ថភាពខ្សោយ មិនអាចបំបែកសារធាតុកាហ្វេអ៊ីនបាន។ ការណ៍នេះស្រដៀងទៅនឹងអ្នកមាន អាលែកហ្ស៊ីទឹកដោះគោ និងជាតិស្ករ fructose ជាដើម។

    ការបង្ហាញអាការៈ

    អ្នកផឹកកាហ្វេ មិនថាដាក់ស្ករច្រើនឬតិចនោះទេ ឲ្យតែមានសារធាតុកាហ្វេអ៊ីន ក្រោយពេលផឹក ៥ ទៅ ១០នាទី នឹងមានអាការៈ ឈឺពោះ រាក ស្ទើរតែមិនអាចចូលបន្ទប់ទឹកទាន់។ អាការៈនេះ អាចអូសបន្លាយរយៈពេលយូរឬឆាប់ អាស្រ័យលើបរិមាណនៃកាហ្វេដែលបានផឹក។ ដោយឡែកចំពោះប្រភេទកាហ្វេដែលគ្មានសារធាតុកាហ្វេអ៊ីន (decaf coffee) កាហ្វេអ៊ីនទាបបំផុត ក៏អាចបង្កឲ្យរាកដែរ ប៉ុន្ដែអាចបង្កឡើងក្រោយ ៣០នាទី និងភាគរយនៃការរាកមានតិចប៉ុណ្ណោះ។

    វិធីដោះស្រាយ

    ការផឹកកាហ្វេហើយ​រាក ភាគច្រើនកើតលើអ្នកដែលទើបចាប់ផ្ដើមផឹកកាហ្វេ ឬអ្នកកម្រផឹកកាហ្វេ។ ប្រសិនជាគ្នា​យើង​ជួបបញ្ហានេះ ត្រូវញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំផ្លែឈើដែលសម្បូរជាតិទឹក ព្រោះពេលរាក រាងកាយត្រូវប្រឈមនឹងការចុះខ្សោយជាតិទឹក។ ក្នុងករណីនេះ បើរាកខ្លាំងអ្នកជំងឺអាចប្រឈមនឹងការវិលមុខ ឈឺក្បាល និង​អស់កម្លាំងផង​ដែរ​។

    ការផឹកកាហ្វេរាកអាចបណ្ដាលឲ្យរលាកក្រពះពោះវៀនដែរទេ?

    កាហ្វេអ៊ីន ថ្វីដ្បិតអាចបង្កការរំញោច បញ្ចេញជាតិអាស៊ីតក្រពះច្រើនខុសធម្មតាមែន ប៉ុន្ដែករណីនេះ មិនអាចធ្វើឲ្យក្រពះ ពោះវៀនរលាកបានទេ។ លោក Bridgette Wilson វេជ្ជបណ្ឌិតផ្នែករបបអាហារមានប្រសាសន៍ថា ប្រសិនបើយើង​គ្មានជំងឺរលាកពោះវៀន (irritable bowel syndrome) នោះមិនមាន​អ្វីត្រូវព្រួយបារម្ភនោះឡើយ ប៉ុន្ដែប្រសិនបើអ្នកមានជំងឹនេះ នោះការផឹកកាហ្វេគឺជារឿងមិនល្អវិញ។

    ទល់លាមក

    តើគួរធ្វើណាបែបណាទើបអាចញ៉ាំកាហ្វេបាន?

    ប្រសិនជាអ្នកចូលចិត្ដកាហ្វេ ចង់បានសុខភាពល្អ ញ៉ាំការហ្វេបានធម្មតាដូចគេឯង នោះមិនមែនជារឿងពិបាកទេ។ យើង​អាច​អនុវត្ដវីធីងាយៗដូចជា៖

  • ជ្រើសរើសកាហ្វេដែលមានជាតិកាហ្វេអ៊ីនទាបបំផុត
  • បង្កើតទម្លាប់ផឹកការហ្វេ យ៉ាងហោច ១ថ្ងៃម្ដង
  • ប្រើប្រាស់សារធាតុលាយផ្សំ ដូចជាទឹកដោះគោ និង ទឹកដូងជាដើម
  • ត្រូវផឹកទឹកឲ្យបានច្រើន ក្រោយពេលផឹកកាហ្វេ
  • ជៀសវាងប្រភេទកាហ្វេដែលបង្កឲ្យអ្នករាក (ផ្លាស់ប្ដូរប្រភេទកាហ្វេ)
  • មុនផឹកកាហ្វេត្រូវញ៉ាំអាហារជាមុនសិន
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 17, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម