backup og meta

ការ​ឈ្វេង​យល់ពី​ភាព​ខុស​ប្រក្រតី​របស់​សុដន់៖ ចំណុច​ដែលស្រីៗ​ត្រូវដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Dec 30, 2023

    ការ​ឈ្វេង​យល់ពី​ភាព​ខុស​ប្រក្រតី​របស់​សុដន់៖ ចំណុច​ដែលស្រីៗ​ត្រូវដឹង

    ស្រីៗ​គ្នា​យើង​អាច​មាន​ចម្ងល់​ថា សុដន់​បាត់​ភាព​តឹង​ណែន ឬ​អាច​ប្រែប្រួល​ទំហំ រូបរាង ពិសេស​អាច​ងាយ​នឹង​មាន​វត្តមាន​ដុំ​សាច់​មិន​ប្រក្រតី​កើត​ឡើង​ទៅ​តាម​វ័យ​របស់​យើង។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ចម្ងល់​នេះ។

    ពេល​ឈាន​ចូល​ពេញ​វ័យ សុដន់​ស្រីៗចាប់​ផ្ដើម​ប្រែប្រួល​បន្តិច​ម្តងៗ តឹងណែន ប៉ុន្តែ​មិន​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ចំពោះ​សុខភាព​នោះ​ឡើយ។ ចំពោះ​ស្រីៗ​ ពេល​ឈាន​ដល់​អាយុ​ ៤០ ឆ្នាំ សុដន់​នឹង​ចាប់​ផ្តើម​ផ្លាស់ប្តូរ​ទាំង​ទំហំ ទាំង​រូបរាង​គួរឲ្យ​កត់​សម្គាល់ ហើយ​ការ​ប្រែប្រួល​ទាំងនេះ​ អាច​បង្ហាញ​ពី​សញ្ញា​លូតលាស់​មិន​ប្រក្រតី​នៃ​សាច់ដុំ​សុដន់។ ដុំ​សាច់​ទាំងនេះ​មិន​មែន​សុទ្ធ​តែ​ជា​ប្រភេទ​ដុំ​កាច​នោះ​ទេ វា​ក៏អាច​ជា​ដុំ​ស្លូត​ខ្លះ​ដែរ។

    ១- បម្រែបម្រួលសុដន់

    បើ​យើង​មាន​អារម្មណ៍ ឬ​ឃើញ​មាន​សញ្ញា​ទាំងអស់​ខាងក្រោមនេះ​ គួរ​ទៅ​ពេទ្យ​ជា​បន្ទាន់​ ដើម្បី​ពិនិត្យ​ជាលិកា​សុដន់​ដោយ​បច្ចេកទេស​វេជ្ជសាស្ត្រ “ម៉ាមូក្រាម”។

    • ជាដុំឬដុំរឹង

    – សុដន់​ប្រែប្រួល​រូប​រាង និង​ទំ​ហំ

    – មាន​ដុំ​បរិវេណ (ក្នុង/លើ/ក្រោម) ​សុដន់ ឬ​ក្រោម​ក្លៀក

    – ជាលិកា​នៅ​ក្នុង​សុដន់ ក្បែរ​សុដន់ ឬ​នៅ​ក្រោម​ក្លៀក​ឡើង​ក្រាស់ ឬ​រឹង។

    ពេល​សម្គាល់​ឃើញ​មាន​ដុំ​អ្វី​មួយ​នៅ​សុដន់ កុំ​ទាន់​ភ័យ! ​ដុំ​នៅ​សុដន់​ភាគ​ច្រើន​មិនមែន​ជា​ដុំ​មហារីក​ទេ ព្រោះ​ជាលិកា​សុដន់​ធម្មតា​ ពេលខ្លះ​អាច​មាន​សភាព​ជា​ដុំ​ដែរ។ ស្រីៗ​គួរ​ពិនិត្យ​ខ្លួន​ឯង​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ដឹង​ពី​សភាព​ធម្មតា​របស់​សុដន់ ងាយ​ស្រួលសម្គាល់ ​ពេល​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង។

    ចង់គណនា BMR ចុចទីនេះ!
    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    • ទឹកហូរចេញពីចុងសុដន់ ​ឬ​បម្រែបម្រួល​​​​​​​​​​​​​​​​​​​​​​ចុង​សុដន់

    – មាន​សារធាតុ​រាវ​ហូរ​ចេញ​ពី​ចុង​សុដន់ (មិន​មែន​ជា​ទឹក​ដោះ​ធម្មតា)

    – សារធាតុ​រាវ​ហូរ​ចេញ​មក​មាន​លក្ខណៈ​ជា​ឈាម

    – បម្រែ​បម្រួល​នៃ​ចុង​សុដន់ (ឧ. ចុង​សុដន់​ផត​ចូល​ក្នុង)។

    លំហូរ​ចេញ​​សារធាតុ​រាវ​នេះ អាច​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត ថ្នាំ​ផ្សេងៗ ឬ​មក​ពី​ការ​បង្ក​រោគ។ វា​អាច​មាន​ទម្រង់ និង​ពណ៌​ផ្សេងៗ​គ្នា តែ​ជា​ទូទៅ មាន​ទឹក​ហូរ​បែប​នេះ ​មិន​មាន​ជា​សញ្ញា​មហារីក​ទេ។

    • បម្រែបម្រួលស្បែក

    ស្បែក​នៅ​លើ​សុដន់​យើង ឡើង​រមាស់ ក្រហម ក្រមរ ខូង ឬ​ប៉ោង។

    ២- បម្រែបម្រួលសុដន់ធម្មតាទៅតាមវ័យ

    បម្រែបម្រួល​សុដន់ មិន​មែន​សុទ្ធ​ជា​សញ្ញា​ជំងឺ​នោះ​ទេ។ ពេល​ខ្លះ ​ការ​ប្រែប្រួល​នេះ អាច​បណ្ដាល​មក​ពីអ័រម៉ូន ឬ​ជា​ការ​វិវត្ត​ទៅ​តាម​វ័យ។ ករណី​ទាំង​នេះ​មិន​ជា​បញ្ហា​អ្វី​ធំដុំ​កំភួន​ទេ គ្រាន់​ជា​សញ្ញាណ​ធម្មតា​តាម​ធម្មជាតិប៉ុណ្ណោះ។

    – សុដន់​ស្រីៗមិនទាន់​ឆ្លង​កាត់​វ័យ​អស់​រដូវ ជា​ធម្មតា​មាន​ជាលិកា​តឹង​ណែន​សម្បូរ​ទៅ​ដោយ​ជាលិកា​សន្ធាន និង​ក្រពេញ មិន​សូវ​មាន​សារ​ធាតុ​ខ្លាញ់ទេ។ ជាលិកា​ប្រភេទ​នេះ ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ក្នុង​ការ​ពិនិត្យ ម៉ាមូក្រាម ដោយ​សារ​ទម្រង់​​របស់​វា​មាន​សភាព​តឹង​ណែន​ ហើយ​បង្ហាញ​ជា​ផ្ទៃ​ពណ៌​ស​លើ​រូបភាព​កាំ​រស្មី​អ៊ិច ដូច​នឹង​ដុំ​សាច់​ដែរ ហើយ​សភាព​តឹង​ណែន​នៃ​ជាលិកា​នេះ​ នឹង​ថយ​ចុះ ពេល​យើង​ចាស់​ទៅ។

    – មុនពេល និង​អំឡុង​ពេល​មក​រដូវ យើង​អាច​មាន​អារម្មណ៍​ថា​ សុដន់ ឡើង​ហើម តឹង និង​ឈឺ ឬ​អាច​មាន​អារម្មណ៍ថា​មានដុំ​មួយ ​ឬ​ពីរ នៅ​ក្នុង​សុដន់។ វា​បង្ក​ដោយ​វត្តមាន​សារធាតុ​រាវ​ក្នុង​សុដន់​យើង​កើន​ឡើង។ ការ​ប្រែប្រួល​នេះ នឹង​បាត់​ទៅវិញ​ បន្ទាប់​ពី​វដ្ត​រដូវ​យើង​ចប់​ទៅ។ ករណី​នេះ ​យើង​គួរ​ពិនិត្យ​សុដន់​ ពេល​មិន​ទាន់​មករដូវ។

    – អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​មាន​អារម្មណ៍​ថា សុដន់​មាន​សភាព​ដុំ។ ជា​ទូទៅ វា​កើត​ឡើង​ដោយ​សារ​មាន​ការ​កើន​ឡើង​ចំនួន និង​ទំហំ​នៃ​ក្រពេញ​បញ្ចេញ​ទឹកដោះ។

    – អំឡុង​ពេល​បំបៅ​ដោះ​កូន ករណី​រលាក​ជាលិកា​សុដន់ កើត​ឡើង​នៅ​ពេល​បំពង់​បញ្ចេញ​ទឹកដោះ​ស្ទះ។ ការ​រលាក​នេះ​ធ្វើ​ឲ្យ​សុដន់​មាន​សភាពក្រហម ក្តៅ តឹង និង​ឡើង​ដុំៗ ហើយ​ក៏​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ ប៉ុន្តែ​អាច​ព្យាបាល​បាន​ដោយ​ថ្នាំ​អង់ទីប៊ីយ៉ូទីក (ថ្នាំផ្សះ)។ ពេល​ខ្លះ​ បំពង់​បង្ហូរ​ទឹកដោះ​ស្ទះ ​តម្រូវ​ឲ្យ​បង្ហូរ​ទឹក​ដោះ​ចេញ ហើយ​បើ​នៅ​តែ​ឡើង​ក្រហម រលាក​មិន​បាត់​​ទេ យើង​ត្រូវ​ទៅ​​ពេទ្យ​ជា​បន្ទាន់។

    – ជា​ទូទៅ ពេល​យើង​ជិត​ឈាន​ដល់​វ័យ​អស់​រដូវ បរិមាណ​ឈាម​រដូវ​នឹង​​ថយចុះ។ កម្រិត​អ័រម៉ូន​ក៏​​ប្រែ​ប្រូល​ដូច​គ្នា អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ឈឺ​សុដន់ ​បើទោះ​ជា​យើង​មិន​ស្ថិត​ក្នុង​វដ្ត​រដូវ​ក៏​ដោយ។ ម្យ៉ាង​ទៀត អាច​មាន​អារម្មណ៍​សុដន់​មាន​សភាព​ដុំៗ​ច្រើន​ជាង​មុន​ទៀត​ផង។

    – ករណី​យើង​កំពុង​តែ​ប្រើប្រាស់​សមាស​ធាតុ​អ័រម៉ូន ដូច​ជា ​ការ​លេប​ថ្នាំ​អ័រម៉ូន​ បន្ទាប់​ពី​អស់​រដូវ ឬ​ចាក់​ថ្នាំ​ពន្យារ​កំណើត សុដន់​អាច​មាន​សភាព​តឹងណែន​ជាង​មុន អាច​ធ្វើ​ឲ្យ​កាន់​តែ​ពិបាក​ក្នុង​ការ​ពិនិត្យ​ម៉ាម៉ូក្រាម បើ​អ៊ីចឹង ​គួរ​ប្រាប់​គ្រូពេទ្យ​រឿង​ប្រើ​ថ្នាំ​អ័រម៉ូន​ទាំង​នេះ​ផង។

    – ពេល​ណា​​យើង​លែង​មាន​រដូវ កម្រិត​អ័រម៉ូន ក៏​ដូច​ជា​ជាលិកា​តឹង​ណែន​ នឹង​ថយ​ចុះ ជំនួស​មក​វិញ​នូវ​ជាតិ​ខ្លាញ់​ក្នុង​សុដន់។ វត្តមាន​របស់​ដុំ​ដែល​ធ្លាប់​មាន​ទាំង​នោះ​ ការ​ឈឺ​ចាប់ ឬ​សារធាតុ​រាវ​ហូរ​ចេញ​ផ្សេងៗ ​អាច​នឹង​បាត់​ទៅ​វិញ​ដែរ នាំ​ឲ្យ​វិភាគជាលិកា​សុដន់​ដោយ ម៉ាម៉ូក្រាម មាន​ភាព​ងាយ​ស្រួល​ជាង​មុន ព្រោះ​វត្តមាន​ជាលិកា​សុដន់​ថយចុះ។

    ៣- ពិនិត្យសុដន់ដោយខ្លួនឯង

    • ជំហានទី១

    ពិនិត្យ​មើល​សុដន់​នៅ​ពី​មុខ​កញ្ចក់ ដោយ​ដាក់​ស្មា​ឲ្យ​ត្រង់ ហើយ​ច្រត់​ចង្កេះ យើង​ត្រូវរកចំណុច​គួរ​ឲ្យកត់​សម្គាល់​ដូចជា៖

    – ទម្រង់​សុដន់​ ថាតើមាន ទំហំ រូបរាង និង​ពណ៌​ធម្មតា ឬយ៉ាងណា

    – សុដន់​ទាំងពីរ ​មាន​ភាព​ដូចគ្នា ខូច​ទ្រង់​ទ្រាយ ឬ​​ហើម ដែរទេ។

    បើ​ឃើញ​ចំណុច​ប្រែប្រួល​ទាំងនេះ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ៖

    – មាន​ស្នាម​ខួច ប៉ោង ឬ​ហើម​លើ​ស្បែក

    – ចុង​សុដន់​ខុស​ពី​ទី​តាំង​ដើម ឬ​ផត​ចូល​ក្នុង

    – ​ក្រហម ឈឺ រមាស់ និង​ហើម

    • ជំហានទី២

    លើក​ដៃ​ឡើង​លើ រក​មើល​ចំណុច​ដែល​បាន​រៀប​រាប់​ខាង​លើ។

    • ជំហានទី៣

    នៅ​ពី​មុខ​កញ្ចក់ រក​មើល​ថា​មាន​សារ​ធាតុ​រាវ​អ្វី​ហូរ​ចេញ​ពី​ចុង​សុដន់​ដែរ ​ឬ​ទេ (អាច​មាន​ទម្រង់​ជា​ទឹក​ធម្មតា ទឹកដោះ ទឹក​មាន​ពណ៌​លឿង ​ឬ​ឈាម)។

    • ជំហានទី៤

    ស្ទាប​សុដន់​យើង​ដោយ​គេង​រាបស្មើ។ ​ប្រើ​ដៃ​ស្តាំ ​ស្ទាប​សុដន់​ខាង​ឆ្វេង និង​ប្រើ​ដៃ​ឆ្វេង ស្ទាប​សុដន់​ខាង​ស្តាំ ស្ទាប​ដោយ​ប្រើ​ម្រាម​ដៃ​កណ្ដាល ​៣ ​ផ្តុំ​គ្នា​រៀប​ស្មើ រួច​សង្កត់​ល្មមៗ​ទៅ​លើ​សុដន់ តាម​របៀប​ជា​រង្វង់ ម្តង​មួយ​ភាគ​បួន​នៃ​ទំហំ​សុដន់​ទាំង​មូល ដោយ​ចាប់​ផ្ដើម​ពី​លើ​ចុះ​ក្រោម ពី​ម្ខាង​ទៅ​ម្ខាង​ទៀត (ពី​ឆ្អឹង​ដង​កាំបិត​រហូត​ដល់​ផ្នែក​ខាង​លើ​នៃ​ពោះ និង​ពី​ក្លៀកដល់​ពាក់​កណ្ដាល​ទ្រូង)។

    • ជំហានទី៥

    ​ជំហាន​ចុង​ក្រោយ​បង្អស់ គឺ​ស្ទាប​សុដន់​នៅ​ពេល​អង្គុយ ឬ​ឈរ។ ស្រីៗ​ភាគ​ច្រើនយល់​ថា ​ការ​ពិនិត្យ​ពេល​សុដន់​ទទឹក និង​រអិល មាន​ភាព​ងាយ​ស្រួល​ជាង​គេ ដូច្នេះ​​ទើប​ចូលចិត្ត​​ពិនិត្យ​សុដន់​ ​ពេល​ងូត​ទឹក។ វិធី​សាស្ត្រ​​ស្ទាប​ក្នុង​ជំហាន​នេះ ក៏​ដូច​គ្នា​នឹង​ជំហាន​ទី៤ ​ដែរ៕

    អត្ថបទគួរ​អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Dec 30, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម