នៅក្នុងរដូវភ្លៀងនេះ សុខភាពទ្វារមាសរបស់យើងងាយប្រឈមនឹងផលប៉ះពាល់ជាច្រើនដោយសារកត្តាផ្សេងៗ តួយ៉ាងដូចជា បញ្ហាកន្ទួលរមាស់ រលាក និងការបង្ករោគលើផ្លូវទឹកនោម។ ក្នុងករណីដែលទ្វារមាសនៅសើមរយៈពេលយូរ នោះកម្រិត pH នៃទ្វារមាសក៏រងការរំខាន និងបណ្តាលឲ្យមានការបង្ករោគលើទ្វារមាស។ ដូច្នេះហើយ ដើម្បីថែទាំអនាម័យឲ្យបានល្អអំឡុងពេលរដូវភ្លៀងនេះ គ្នាយើងគួរអនុវត្តន៍គន្លឹះបង្ការដូចខាងក្រោម។
១. សម្អាតទ្វារមាស
ការលាងសម្អាតទ្វារមាសជាប្រចាំជាមួយនឹងទឹកអនាម័យដែលគ្មានជាតិកាត់ និងទឹកក្តៅឧណ្ហៗគឺជារឿងដ៏ចាំបាច់មួយ។ មួយវិញទៀត យើងមិនគួរប្រើសាប៊ូដុំ ឬលូកចូលជ្រៅទៅក្នុងទ្វារមាសឡើយ ពីព្រោះវាអាចរំខានដល់តុល្យភាព pH ធម្មជាតិនៃទ្វារមាសបាន។
២. ពាក់ខោទ្រនាប់ដែលធ្វើពីកប្បាស
ជាមួយគ្នានេះ ចូរជ្រើសរើសប្រភេទខោទ្រនាប់ដែលធ្វើពីកប្បាស និងមានខ្យល់ចេញចូលបានល្អ ដើម្បីបញ្ចៀសបញ្ហាសំណើមច្រើនជ្រុល និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។ ម្យ៉ាងវិញទៀត យើងមិនគួរស្លៀកសម្លៀកបំពាក់ដែលរឹបតឹងណែនពេកឡើយ។
៣. ថែទាំអនាម័យឲ្យបានល្អអំឡុងពេលមករដូវ
ការថែទាំអនាម័យមិនបានល្អអំឡុងពេលមករដូវ អាចបង្កើនហានិភ័យនៃការឆ្លងមេរោគ ជាពិសេសអំឡុងពេលរដូវភ្លៀងនេះតែម្តង។ ដូចនេះ ដើម្បីរក្សាបរិវេណទ្វារមាសឲ្យមានសុខភាពល្អ ស្រីៗយើងគួរផ្លាស់ប្ដូរសំឡីអនាម័យជារៀងរាល់៤ ទៅ៥ម៉ោងម្តង ព្រមទាំងសម្អាតបរិវេណនោះឲ្យបានស្ងួតល្អ និងលាងសម្អាតដៃឲ្យបានញឹកញាប់ ដើម្បីបញ្ចៀសការរាលដាលនៃបាក់តេរី។
៤. ផ្លាស់ប្ដូរសម្លៀកបំពាក់សើមភ្លាមៗ
ទន្ទឹមនឹងនេះដែរ ការស្លៀកខោទ្រនាប់ ឬសំលៀកបំពាក់សើមយូរម៉ោង ក៏អាចបង្កើនហានិភ័យនៃការឆ្លងមេរោគ។ ហេតុនេះហើយ ប្រសិនបើយើងទទឹកខ្លួន ឬបែកញើស យើងគួរផ្លាស់ប្ដូរសម្លៀកបំពាក់ភ្លាមៗ ដើម្បីបញ្ចៀសការឆ្លងមេរោគ។
៥. រក្សាជាតិទឹកក្នុងរាងកាយ
ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ អាចជួយឲ្យសុខភាពទ្វារមាសទាំងមូលប្រសើរឡើង ដោយកម្ចាត់ចោលនូវជាតិពុល និងជួយទ្រទ្រង់បរិយាកាសនៃទ្វារមាស ។
[embed-health-tool-ovulation]
៦. ពង្រឹងប្រព័ន្ធភាពស៊ាំ
ការញ៉ាំរបបអាហារសុខភាព ធ្វើលំហាត់ប្រាណជាទៀងទាត់ គ្រប់គ្រងស្រ្តេស និងគេងឲ្យបានគ្រប់គ្រាន់ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងប្រកបដោយប្រសិទ្ធភាព និងអាចជួយប្រឆាំងនឹងការឆ្លងមេរោគថែមទៀតផង។
យ៉ាងណាមិញ ក្នុងករណីដែលគ្នាយើងមានរោគសញ្ញាមិនប្រក្រតី ឬមិនស្រួលត្រង់បរិវេណទ្វារមាសជាប់ជាប្រចាំ យើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី