ស្រីៗណាក៏ប្រាថ្នាចង់មានសុដន់ស្អាតនឹងគេ មិនថាទំហំ និងពណ៌ចុងសុដន់ទេ។ បើចុងសុដន់មានពណ៌ស៊ីជម្ពូទៀត នឹងសប្បាយចិត្ត តែបើវាប្រែឡើងជាខ្មៅ ក្រមៅ ស្រគាំ ទាំងអ្នកនៅលីវ ឬមានគ្រួសារហើយ ចាប់ផ្ដើមខកចិត្ត។ “Hello គ្រូពេទ្យ” នឹងលើកយកបញ្ហានេះមកបង្ហាញជាមួយហេតុផល និងដំណោះស្រាយ។
ម៉េចបានចុងសុដន់ប្រែទៅពណ៌ក្រមៅ?
ពណ៌ចុងសុដន់យើង អាស្រ័យទៅតាមពណ៌ស្បែក។ ស្បែកស្រីៗសម្បុរស ពណ៌ចុងសុដន់ អាចមានពណ៌ស៊ីជម្ពូ តែបើអ្នកមានសម្បុរស្រអែម ឬសណ្ដែកបាយ ចុងសុដន់ក៏ប្រែប្រួលតាមហ្នឹង គឺអាចពណ៌ត្នោត ឬក្រមៅតែម្ដង។ តែក៏មានករណីពិសេសមួយចំនួន ក៏អាចធ្វើឲ្យចុងសុដន់ប្ដូរទៅពណ៌ក្រមៅ ស្រគាំបានដែរ។
ការមានរោមនៅបរិវេណក្បាលសុដន់ មិនមែនជាករណីទូទៅ ឬគ្រប់គ្នាមានទេ។ ប៉ុន្តែ ចំពោះអ្នកមានរោមនៅក្បាលសុដន់ នឹងប្រែប្រួលដូចពណ៌រោម។ បើសិនជារោមពណ៌ត្នោត ឬក្រមៅ ចុងសុដន់អាចមានពណ៌ដូចគ្នា។
អំឡុងអាយុ ១១ ឆ្នាំ ជាវ័យលូតលាស់របស់ក្មេងស្រីទៅកាន់ភាពពេញវ័យរបស់គេ។ អាយុប៉ុណ្ណេះ គឺជាដំណាក់កាលពេញរូបពេញរាង និងលូតលាស់។ ដូច្នេះ ចុងសុដន់អាចប្រែពណ៌ទៅជាក្រមៅជាងមុន អត់មានអីចម្លែកទេ។ ជាធម្មតា វានឹងត្រលប់មកពណ៌ដើមវិញ ពេលចប់វ័យជំទង់។
មករដូវ ក៏អាចជាមូលហេតុមួយធ្វើឲ្យចុងសុដន់ប្រែពណ៌បានដែរ។ ស្ត្រីមួយចំនួនថា ចុងសុដន់គេប្រែពណ៌ក្រមៅអំឡុងពេលមករដូវ ឡើងហើម តឹងណែន ឬឈឺ (សង្កៀរ)។ វានឹងបាត់ទៅវិញ ពេលអស់រដូវ។
អំឡុងរាងកាយប្រែប្រួលច្រើន ពេលពពោះ ការប្រែប្រួលពណ៌ស្បែកទៅជាក្រមៅ ជារឿងធម្មតា។ ដំបូង ពណ៌ក្រមៅនេះ នឹងកើតឡើងលើស្បែកមុខ ឬរង្វង់ភ្នែក បន្ទាប់ពីចូលដល់ខែទី៣ ឬទី៤ រង្វង់ជុំវិញក្បាលសុដន់នឹងប្រែពណ៌ទៅជាក្រមៅដែរ។ មិនមែនប្រែប្រួលតែពណ៌រង្វង់ចុងសុដន់ទេ ប៉ុន្តែទំហំសុដន់ ក៏រីកធំជាងមុន។
បញ្ហានេះអាចនឹងត្រលប់ទៅធម្មតាវិញ ក្រោយសម្រាល។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
ម៉ាក់ៗបំបៅកូនដោយដោះ ឬទឹកដោះគោ អាស្រ័យតាមស្ថានភាព លក្ខខណ្ឌជីវភាព ឬជម្រើស។ ករណីបំបៅកូនដោយដោះជាប្រចាំ ពិតជាធ្វើឲ្យចុងសុដន់ប្រែទៅពណ៌ “ក្រមៅ” ប៉ុន្តែពណ៌ដែលស្រីៗទូទៅអត់ចង់បានមួយនេះ នឹងប្រសើរឡើងវិញ ឬត្រលប់ទៅពណ៌តាមស្បែកវិញ ក្រោយឈប់បំបៅ។
ពេលស្រីៗយើងអាយុកាន់តែច្រើន សម្រស់មិនចាំដូចក្មេងទេ ហើយពណ៌ក្បាលសុដន់ ក៏ប្រែទៅក្រមៅ។
ពេលឈឺ ភាគច្រើនប្រាកដជាប្រើថ្នាំ។ អំណាចថ្នាំ អំឡុងសុខភាពអត់ល្អ ក៏អាចជាមូលហេតុអាចធ្វើឲ្យចុងសុដន់ប្ដូរពណ៌ទៅក្រមៅបានដែរ។
ធ្វើម៉េចឲ្យចុងសុដន់ប្រែមកស៊ីជម្ពូវិញ?
បើសិនចុងសុដន់យើងប្រែពណ៌ក្រមៅ ដោយសារលក្ខខណ្ឌដូចរៀបរាប់ខាងលើ វានឹងប្រែជាស៊ីជម្ពូវិញ បើយើងមានសម្បុរស និងក្រមៅបន្តិច បើយើងមានសម្បុរស្រអែម ឬខ្មៅ ក្នុងករណីរាងកាយយើងប្រក្រតីឡើងវិញ។
យ៉ាងណា មានវិធីធម្មជាតិមួយចំនួន អាចជួយកែខៃបញ្ហានេះ ក្រៅពីប្រើផលិតផលប្ដូរពណ៌ក្បាលសុដន់ដែលមានលក់លើទីផ្សារ ដូចជា៖
– លាបវីតាមីន C លើកន្លែងបរិមាណក្រមៅ
– ចិតត្រសក់ ឬក្រូចជាបន្ទះស្ដើងៗ រួចបិទលើបរិវេណក្រមៅមួយស្របក់។ ប៉ុន្តែ កុំប្រើញឹកញាប់ពេក ព្រោះអាចធ្វើឲ្យស្បែករមាស់ ឡើងកន្ទួលក្រហម។
បើចង់បានរបៀបព្យាបាល ឬដោះស្រាយបែបផលិតផលជំនួយ ឬវិធីសាស្ត្រពេទ្យ គួរប្រឹក្សាជាមួយអ្នកជំនាញ។ ចៀសវាងចេះតែប្រើរបស់តាមចង់ ឬអៀនប្រៀនអត់ហ៊ានស្វែងរកជំនួយ។
អត្ថបទគួរអាន៖