backup og meta

អាហារ ៤ ប្រភេទអាចជួយការពារ និងកាត់បន្ថយបញ្ហាកើតមុន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 15, 2022

    អាហារ ៤ ប្រភេទអាចជួយការពារ និងកាត់បន្ថយបញ្ហាកើតមុន

    ការកើតមុនបង្កឡើងដោយកត្តាជាច្រើនដូចជា ប្រែប្រួលអ័រម៉ូនស្ត្រេស ការប្រើផលិតផល​ថែ​សម្ផស្ស​មិនត្រូវ​នឹង​ស្បែក​ អនាម័យមិនល្អ  និងរបបអាហារជាដើម។ ទន្ទឹមនឹងនេះ ​របបអាហារមួយចំនួនអាចបណ្តាលយើងកើតមុន ក៏មានរបបអាហារមួយ​ចំនួនអាចជួយការពារ និងកាត់បន្ថយអាការៈកើតមុនដែរ។ តើអាហារ​​អ្វីខ្លះ​អាច​ជួយប្រឆាំងនឹងរោគមុនបាន?

    តាមការសិក្សាបានឱ្យដឹងថា របបអាហារទាំង ៤ ខាងក្រោមអាចប្រឆាំង​នឹងរោគមុនបាន។​

    ១. អាហារមានសន្ទស្សន៍ជាតិស្ករទាប

    សន្ទស្សន៍ជាតិស្ករក្នុងអាហារគឺជាលេខបញ្ជាក់ពីល្បឿនដែលរាងកាយយើងបំប្លែងជាតិកាបូអ៊ីដ្រាតនៅក្នុងអាហារទៅជាជាតិស្ករក្នុងឈាម។ អាហារមានសន្ទស្សន៍ជាតិស្ករទាបមានន័យថា ល្បឿន​នៃការ​បំប្លែងជាតិកាបូអ៊ីដ្រាតពីក្នុងអាហារទៅជាជាតិស្ករក្នុងឈាមយឺត ហើយក៏ជាអាហារដែលមានជាតិស្ករទាបដែរ។

    តាមការសិក្សាបានឱ្យដឹងថា អ្នកដែលញុំាអាហារមានសន្ទស្សន៍ជាតិស្ករទាបអាចកាត់បន្ថយការឡើងមុន​បាន។ អាហារមានសន្ទស្សន៍ជាតិស្ករទាបមានដូចជា គ្រាប់ធញ្ញាជាតិ បន្លែបៃតង សណ្តែក គ្រាប់ផ្លែឈើ ត្រី សាច់។

    ២. អាហារផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់

    សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាវីតាមីន និងសារធាតុរ៉ែដែលការពារ និងកាត់បន្ថយរាងកាយ​ពីការ​រលាក​ដោយការពារសារធាតុគីមីពុល ពីការកកើតក្នុងរាងកាយយើង។ ដោយសារ​មុន​ជា​ជំងឺបង្កឡើងដោយការ​រលាក ការ​កាត់​បន្ថយ​ការ​រលាក​អាច​ជួយ​កាត់​បន្ថយ​រោគ​មុន​បាន។

    លើសពីនេះទៀត តាមការសិក្សាបានឱ្យដឹងថា អ្នកដែលកើតមុនមានទំនោរ​ខ្វះសារធាតុប្រឆាំង​អុកស៊ីតកម្ម​មួយចំនួនដូចជា វីតាមីន A, វីតាមីន E, និង selenium នៅក្នុងខ្លួន។

    សារធាតុប្រឆាំងអុកស៊ីតកម្មសម្បូរក្នុងអាហារដូចជា ប្រូខូលី ស្ពៃក្តោបពណ៌ស្វាយ ឆាយថាវក្រហម ផ្លែឈើអម្បូរក្រូច និងបឺរី កន្ទួតព្រៃ រមៀត គ្រាប់ផ្លែឈើ និង តែបៃតង។

    ការចម្អិនឆ្អិនពេកអាចបណ្តាលឱ្យបាត់បង់សារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះយើងគួរចៀសវាង​ចម្អិន​បន្លែដែលមានផ្ទុកសារធាតុប្រឆាំង​អុកស៊ីតកម្មឆ្អិនពេក ហើយបើញុំាឆៅរឹតតែល្អ។

    កន្ទួតព្រៃ
    កន្ទួតព្រៃ

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៣. អាហារផ្ទុកជាតិសង្ក័សីខ្ពស់

    តាមការសិក្សាបានឱ្យដឹងថា ជាតិសង្ក័សីមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយរោគមុនដោយ៖

    • កាត់បន្ថយការរលាក
    • កម្ចាត់បាក់តេរីបង្ករោគមុន
    • កាត់បន្ថយកម្រិតជាតិអ័រម៉ូន androgen​ ដែលបង្កឱ្យកើតមុន

    អាហារដែលមានជាតិស័ង្កសីខ្ពស់រួមមាន អយស្ទ័រ សាច់គោ ក្តាម បង្កង គ្រាប់ផ្លែឈើ និង​សណ្តែក ជា​ដើម​។

    ៤. អាហារសម្បូរខ្លាញ់អូមេហ្កា ៣

    ដោយសារមុនជារោគបង្កឡើងដោយការរលាក ដូច្នេះអាហារសម្បូរខ្លាញ់​អូមេហ្កា ៣ អាចការពារ និង​កាត់បន្ថយការកើតមុនបាន ព្រោះអូមេហ្កា ៣ ជាខ្លាញ់ពិសេសដែលអាច​កាត់បន្ថយ​ការរលាក​នៅ​ក្នុងរាងកាយ។

    អាហារសម្បូរខ្លាញ់អូមេហ្កា ៣ រួមមាន ត្រីសាល់ម៉ុន ធូណា អយស្ទ័រ គ្រាប់​ឈៀ គ្រាប់វ៉ុលណាត់ ផ្លែបឺរ និង​ប្រេងអូលីវ។

    ដើម្បីការពារការកើតមុន រាងកាយយើងត្រូវការអាហារល្អៗដើម្បីពង្រឹងប្រព័ន្ធភាពសុំាឱ្យរឹងមុំា និងកាត់​បន្ថយ​ការរលាកនៅក្នុងខ្លួន។ ដូច្នេះយើងគួរញុំាបន្លែ និងផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ត្រីជាដើមឱ្យបានច្រើន។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 15, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម