backup og meta

អាការៈស្រីៗពពោះតែងជួបញឹកញាប់នៅត្រីមាសទី២ និងវិធីដោះស្រាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    អាការៈស្រីៗពពោះតែងជួបញឹកញាប់នៅត្រីមាសទី២ និងវិធីដោះស្រាយ

    កាល​ពី​លើក​មុន Hello គ្រូពេទ្យ បាន​បង្ហាញ​រួច​មក​ហើយ​អំពី​បញ្ហា​មួយ​ចំនួន​ដែល​តែង​កើត​មាន​ឡើង​អំឡុង ៣ ខែ ដំបូង​នៃ​ការ​ពពោះ ។ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ យើង​មក​ដឹង​ទាំង​អស់​គ្នា អំពី​ផល​រំខាន ឬ​បញ្ហា​ដែល​ស្រីៗ​ពពោះ​តែង​ជួប​ប្រទះ​ញឹក​ញាប់​នៅ​ក្នុង​អំឡុង​ត្រីមាស ទី២។

    នៅ​ត្រីមាសទី ២ អាការៈ​ចាញ់​អាច​ថម​ថយ ឬ​បាត់​ទៅ​វិញ​តែ​ម្តង តែ​ទោះ​ជា​បែប​នេះ​ក្តី​ម៉ាក់ៗ​អាច​ជួប​នូវ​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា៖

    ១- ឡើងទម្ងន់

    ម៉ាក់ៗ​បំប៉ន​អាហារ​រាល់​ថ្ងៃ កូន​កាន់​តែ​ធំ ម្ល៉ោះហើយ​ទម្ងន់​របស់​ម៉ាក់ៗ​ក៏​ឡើង​ទៅ​តាម​នោះ​ដែរ។ អំឡុង​ត្រីមាសទី​២​នេះ ទោះ​ជា​ម៉ាក់ៗ​ឡើង​ទម្ងន់​ខ្លាំង​ក៏​មិន​ចោទ​ជា​បញ្ហា​ដែរ សំខាន់​ឲ្យតែ​ម៉ាក់ និង​កូន​មាន​សុខភាព​ល្អ។

    ២- មាន​បញ្ហា​ស្បែក

    ចូល​ដល់​ត្រីមាសទី ២ ស្រីៗ​គ្នា​យើង​អាច​នឹង​មាន​បញ្ហា​ស្បែក ឡើង​កន្ទួល​រមាស់​នៅ​បរិវេណ​ក្បាល​ពោះ កើត​ពី​កម្រិត​អ័រម៉ូន​គ្មាន​តុល្យភាព ឬ​អាច​មក​ពី​ការ​ស្លៀក​តឹង​ពេក។ ពេល​កូន​ក្នុង​ពោះ​ធំ​ឡើងៗ ស្បែក​ពោះ​នឹង​យារ​រីក​ទៅ​តាម​នោះ​ដែរ ហើយ​ម្ដាយ​នឹង​មាន​អារម្មណ៍​រមាស់ៗ​ជា​ប្រចាំ។ វិធី​ព្យាបាល ត្រូវ​ងូត​ទឹក​ត្រជាក់ៗ និង​ប្រើ​សាប៊ូ​ឲ្យ​ត្រឹមត្រូវ ចៀសវាង​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ឆួល​ខ្លាំង ព្រោះ​វាអាច​ធ្វើឲ្យ​ស្បែក​ពោះ​កាន់​តែ​រមាស់។

    ៣- ហត់-ពិបាក​ដក​ដង្ហើម

    ម៉ាក់ៗ​ដែល​ធាត់ៗ​តែង​ជួប​បញ្ហា​ពិបាក​ដក​ដង្ហើម និង​ពិបាក​គេង ចាប់​ពី​ត្រីមាស​ទី២ទៅ ព្រោះ​កូន​កាន់​តែ​ធំ។ ម្យ៉ាង​វិញ​ទៀត​ការ​កើន​ឡើង​នូវ​អ័រម៉ូន​អឺស្ត្រូសែន អំឡុង​ពពោះ ធ្វើ​ឲ្យ​ហើម​ភ្នាស​ច្រមុះ បណ្តាល​ឲ្យ​កើន​បរិមាណ​ឈាម រីក​សរសៃ​ឈាម​ក្នុង​ភ្នាស​ច្រមុះ ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ដែរ។ ដោះស្រាយ​បញ្ហា​នេះ ម៉ាក់ៗ​ត្រូវញ៉ាំ​តិចៗ​តែ​ច្រើន​ដង គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឬ​ញ៉ាំ​តែ​ខ្ញី និង​គេង​ដាក់​ក្បាល​ឲ្យ​ខ្ពស់។

    អត្ថបទពាក់ព័ន្ធ៖ ពេលពពោះចេះតែថប់ដង្ហើមមែនទេ នេះវិធីបំបាត់!

    ពពោះ

    ៤- រមួលក្រពើ

    ស្រីៗ​អាច​ចាប់​ផ្តើម​ប្រទះ​អាការៈ​រមួលក្រពើ នៅ​ត្រីមាស​ទី ២ ហើយ​កាន់​តែ​ធ្ងន់​ទៅៗ ពេល​ម៉ាក់ៗ​កាន់​តែ​ឡើង​ទម្ងន់ ឯ​កូន​ក្នុង​ក្នុង​ពោះ​កាន់តែ​​ធំ ធ្វើ​ឲ្យ​សាច់​ដុំ​ជើង​ទ្រ​ទម្ងន់​ធ្ងន់​ជាង​មុន ឬ​ក៏​អាច​មក​ពី​ការ​ចាល់​ជាតិ​ទឹក​នៅ​ជើង បង្ក​ឲ្យ​ហើម​ជើង និង​រមួល​ក្រពើ​នៅ​សាច់ដុំ​ជើង​នៅ​ពេល​យប់។ បើសិន​ជា​ជួប​អាការៈ​រមួល​ក្រពើ ម៉ាក់ៗ​ត្រូវ​សណ្តូក​ជើង​ភ្លាមៗ ដោយ​បត់​កែង​ជើង និង​បត់​ម្រាម​ជើង​បន្តិច​ម្តងៗ​ទៅ​រក​ស្មង​ជើង ម៉ាស្សា​កំភួន​ជើង​ថ្នមៗ ប្រើ​កន្សែង ឬ​ដប​ទឹក​ក្តៅ​ឧណ្ហៗ​ស្អំ ឬ​លាប​ក្រែម​បន្ថយ​ការ​ឈឺ​ចាប់ ឬ ដើរ​តិចៗ ២-៣ នាទី ដើម្បី​ឲ្យ​ចលនា​ឈាម​ដើរ​ល្អ​វិញ។

    អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍​រមួល​ក្រពើ​ពេល​ពពោះ ទាំង​នេះ​គឺ​វិធី​ដោះស្រាយ

    ៥- ហើមជើង

    អាការៈ​ហើម​ជើង​បណ្ដាល​មក​ពី​ទម្ងន់​គភ៌​ក្នុង​ស្បូនសង្កត់​លើ​សរសៃ​ឈាម និង​ជើង ទើប​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច ​ឈាម​ចាប់​ផ្ដើម​ផ្ដុំ​នៅ​ជើង ឬ​អាច​មក​ពី​ម៉ាក់ៗ​មាន​លើស​ជាតិ​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម។ ដើម្បី​កាត់​បន្ថយ​អាការៈ​ហើម​ជើង ម៉ាក់ៗ​ត្រូវ​គេង​ផ្អៀង​ទៅឆ្វេង ដាក់​ខ្នើយ​កល់​ក្រោម​ជើង​ពេល​គេង ឬ​ដាក់​កូន​កៅអី​ទ្រ​ជើង​ពេល​អង្គុយ​ធ្វើ​ការ គួរ​ពាក់​ស្បែក​ជើង​​ទន់ ​និង​យឺត​តាម​ទម្រង់​ជើង កុំ​ពាក់​ស្បែក​ជើង​​រឹត​ជើង ចៀសវាង​ការ​ឈរ ឬ​អង្គុយ​យូរ​ពេក គួរ​ដើរ​ឲ្យ​បាន​ញឹក​ញាប់ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

    អត្ថបទពាក់ព័ន្ធ៖ អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច?

    ៦- ចុក​រួយ​ចង្កេះ-ខ្នង

    ​អាការៈ​ចុក​រួយ​ចង្កេះ ខ្នង និង​ត្រគាក​ពេល​ពពោះ ​កើត​មាន​ញឹក​ញាប់​​ណាស់ ចាប់​ពីត្រី​មាស​ទី២ រហូត​ដល់​ពេល​សម្រាល នេះ​ក៏​ដោយសារ​តែ​ទម្ងន់​​ក្នុង​ផ្ទៃ​កាន់តែ​ធំ ពេល​ខ្លះ​​រើ​ផង ធាក់​ផង។ ដូច្នេះ​ម៉ាក់ៗ​ត្រូវ​អង្គុយ​ឲ្យ​ត្រង់​ខ្លួន ត្រូវ​មាន​ខ្នើយទប់ ឬ​កល់ មិន​ត្រូវ​ពាក់​ស្បែក​ជើង​កែង​ខ្ពស់ ឯ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ខ្លាំង​គួរ​តែ​ចៀស​វាង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម