ក្មេងខ្លះអាចមានអត្តចរិតរឹងរូសតាំងពីកំណើត មិនស្តាប់បង្គាប់ប៉ាម៉ាក់ ឬអ្នកណាម្នាក់ឡើយ។ សូម្បីតែកិច្ចការងាយៗ ដូចជាការគេង ងូតទឹក ឬញ៉ាំអាហារក៏អាចបង្កជាបញ្ហាបានដែរ។ ពិតណាស់ បើកូនមានអត្តចរិតបែបនេះ ប៉ាម៉ាក់ច្បាស់ជាស្រ្តេសខ្លាំងមិនខាន ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាកូនក្បាលរឹង ប៉ាម៉ាក់អាចសាកល្បងគន្លឹះមួយចំនួនខាងក្រោមនេះ។
គន្លឹះជួយដោះស្រាយបញ្ហាកូនមានចរិតរឹងរូស
១. ព្យាយាមស្តាប់
ការទំនាក់ទំនងគឺជារឿងដ៏សំខាន់មួយ។ ប្រសិនបើប៉ាម៉ាក់ចង់ឲ្យកូនស្តាប់អ្វីដែលប៉ាម៉ាក់និយាយ យើងក៏ត្រូវតាំងចិត្តស្តាប់អ្វីដែលកូននិយាយដូចគ្នា។ ក្មេងរឹងរូស តែងប្រកាន់ខ្ជាប់ទៅនឹងគំនិតរបស់ខ្លួន និងចូលចិត្តជជែកតវ៉ា។ ដូច្នេះហើយ ប៉ាម៉ាក់គួរស្តាប់ពីហេតុផលរបស់កូនសិន មុននឹងបង្ខំកូនឲ្យធ្វើអ្វីដែលក្មេងមិនចង់ធ្វើ។
សម្រាប់កូនដែលរឹងរូស ប៉ាម៉ាក់គួរតែផ្តល់ជម្រើសដល់កូន និងណែនាំលក្ខណៈប្រយោល។ ឧទាហរណ៍ ជំនួសការបង្គាប់ឲ្យកូនទៅគេង យើងគួរតែសួរកូនថា តើកូនចង់ស្តាប់រឿងនិទានមួយណាមុនចូលគេង? យ៉ាងណាមិញ យើងគួរតែកំណត់ពីជម្រើសត្រឹម២ ឬ៣ឲ្យបានច្បាស់លាស់ ជាជាងផ្តល់ជម្រើសច្រើនជ្រុល ដែលអាចនាំឲ្យកូនមានការភ័ន្តច្រឡំ។
ទន្ទឹមនឹងនេះដែរ ប៉ាម៉ាក់គួរសហការជាមួយកូន ដោយរកវិធានជាក់លាក់សម្រាប់កូនក៏ដូចជារៀនស្វែងយល់ពីអារម្មណ៍ និងគំនិតកូន។ អនុញ្ញាតឲ្យកូនធ្វើអ្វីដែលខ្លួនអាចធ្វើបាន និងជៀសវាងជួយដល់កូនគ្រប់យ៉ាង ដែលចំណុចនេះបង្ហាញថាយើងជឿជាក់លើកូន។

៤. បង្កើតបរិយាកាសរីករាយនៅផ្ទះ
ទន្ទឹមនឹងនេះដែរ ក្មេងៗច្រើនតែរៀនសូត្រតាមការអង្កេតមើល និងបទពិសោធន៍ជាក់ស្តែង។ ប្រសិនបើកូនឃើញប៉ាម៉ាក់ឧស្សាហ៍ឈ្លោះប្រកែកគ្នា ក្មេងអាចរៀនតាមយើង ហើយកត្តានេះក៏អាចបង្កជាបរិយាកាសស្រ្តេស ដែលអាចប៉ះពាល់ដល់អារម្មណ៍ និងអាកប្បកិរិយារបស់កូនដែរ។ ហេតុនេះហើយ យើងមិនគួរបង្ហាញអារម្មណ៍ខឹងសម្បារចំពោះដៃគូនៅនឹងមុខកូនឡើយ។